ក្រុង​ប៉េ​កាំងៈ ប្រ​ទេស​ ចិន ​បាន ប្រតិ​កម្ម​តប​ត​ដោយ​ខឹង​សម្បា​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍ បន្ទាប់​ពី​មន្ត្រី​ប្រតិ​បត្តិ​ជាន់​ខ្ពស់​ ១ ​រូប និង​ជា​កូន​ស្រី​របស់​ស្ថាប​និក​ក្រុម​ហ៊ុន ​ទូរ​គមនា​គមន៍​ចិន Huawei ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រ​ទេស​ កា​ណា​ដា បន្ទាប់​ពី​អា​មេ​រិក​ស្នើ​ឲ្យ​ធ្វើ​បត្យា​ប័ន ដែល​គំ​រាម​​ដល់​សន្តិភា​ព​នៃ​សង្គ្រាម​ពា​ណិជ្ជ​កម្ម​ជា​មួយ​អា​មេ​រិក។

កា​រ​ឃុំ​ខ្លួន​លោក​ស្រី​​ Meng Wanzhou ប្រ​ធាន​​​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ក្រុម​ហ៊ុន​ Huawei ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេច​ក្តី​រាយ​ការណ៍​ថា អាជ្ញា​ធរ​អា​មេ​រិក​​បាន​​ដំ​ណើរ​ការ​ស៊ើប​អង្កេត​មួយ​លើ​ការ​រំ​លោភ​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​​អីុរ៉ង់​ដែល​រង​ការ​សង្ស័យ​​ដោយ​​ក្រុម​ហ៊ុន​ Huawei ដែល​​កំ​ពុង​ស្ថិត​​ក្រោម​ការ​ត្រួ​ត​ពិនិត្យ​រួច​ទៅ​ហើយ​​ដោយ​មន្ដ្រី​ចារ​កម្ម​របស់​អា​មេ​រិក​ ដែល​បាន​ចាត់​ទុក​​ក្រុម​ហ៊ុន​នេះ​​ជា​ការ​គំ​រាម​កំ​ហែង​ដល់​សន្ដិ​សុខ​ជាតិ​។​

ការ​ចាប់​ខ្លួន​នេះ​បាន​បណ្ដាល​​ឲ្យ​មា​ន​ភាព​តាន​តឹង​ ខណៈ​ដែល​​​អា​មេ​រិក និង​ចិន បាន​យល់​ព្រម​​​បញ្ឈប់​ជម្លោះ​ពា​ណិជ្ជ​កម្ម​របស់​​ពួក​គេ​ ស្រប​ពេល​​​​ក្រុម​​ចរ​ចា​ស្វែង​រក​​កិច្ច​ព្រម​ព្រៀង​​​មួយ​ក្នុង​រយៈ​ពេល​ ៣ ​ខែ​ខាង​មុខ។​

លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បរ​ទេស​ចិន​បាន​ថ្លែង​​ក្នុង​សន្និ​សីទ​ប្រ​ចាំ​មួយ​​របស់​ក្រ​សួង​នៅ​ទី​ក្រុង​ប៉េ​កាំង​ថា៖ «យើង​បាន​ត​វ៉ា​ទៅ​កា​ន់​ប្រ​ទេស​ កា​ណា​ដា និង​​​អា​មេ​រិក ដោយ​ទាម​ទា​ឲ្យ​ប្រ​ទេស​​ទាំង​ ២ បញ្ជាក់​ភ្លាម​ៗ​នូវ​ហេតុ​ផល​នៃ​ការ​ឃុំ​ខ្លួន​នេះ និង​ដោះ​លែង​អ្នក​ជាប់​ឃុំ​ភ្លាម​ៗ ដើម្បី​កា​រ​ពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​បុគ្គល»។

ក្រ​សួង​យុត្តិ​ធម៌​របស់​ប្រ​ទេស​​ កា​ណា​ដា​ បាន​ឲ្យ​ដឹង​​​ក្នុង​សេច​ក្ដី​​ប្រ​កាស​ព័ត៌​មាន​មួ​យ​ថា​ លោក​ស្រី​​ Meng ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​ភាគ​ខាង​លិច​ទី​ក្រុង​វ៉ាន​ខូ​វើ​កាល​ពី​ថ្ងៃ​ទី​ ១ ខែ​ធ្នូ​ ដែល​ជំ​រុញ​​ឲ្យ​ស្ថាន​ទូ​ត​ចិន​ប្រ​ចាំ​ប្រ​ទេ​ស​ កា​ណា​ដា ​​មាន​ប្រតិ​កម្ម​ភ្លាម​ៗ។

ក្រ​សួង​យុត្តិ​ធម៌​កា​ណា​ដា​​បាន​​ឲ្យ​ដឹង​ថា អា​មេ​រិក​កំ​ពុង​ស្វែង​រក​ការ​ធ្វើ​បត្យា​ប័ន​របស់​លោក​ស្រី​​ ហើយ​លោក​ស្រី​ប្រ​ឈម​នឹង​សវនា​ការ​សុំ​នៅ​ក្រៅ​ឃុំ​​នៅ​ថ្ងៃ​សុក្រ​។ ក្រ​សួង​បាន​​បន្ថែម​ថា​ ខ្លួន​មិន​អាច​ផ្ដល់​ព័ត៌​មាន​លម្អិត​​បន្ថែម​ទៅ​តាម​ការ​​ទាម​ទារ​របស់​លោក​ស្រី Meng ​ទេ ដោយ​សារ​តែ​​ការ​ហាម​ឃាត់​កា​រ​ថ្លែង​ទៅ​កាន់​​សា​ធារ​ណៈ។

ឪពុក​របស់​លោក​ស្រី​ ​គឺ​លោក Ren Zhengfei ដែល​​ជា​ស្ថាប​និក​​ក្រុម​ហ៊ុន​ Huawei​ គឺ​ជា​អតីត​​វិ​ស្វ​ករ​របស់​​កង​ទ័ព​រំ​ដោះ​​ប្រ​ជា​ជន​ចិន​។​

លោក​ Ben Sasse ព្រឹទ្ធ​ស​មា​ជិក​​អា​មេ​រិក បាន​ឲ្យ​ដឹង​នៅ​​ក្នុង​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​មួយ​ដែល​ភ្ជាប់​នឹង​ការ​ចាប់​ខ្លួន​​នេះ​ទៅ​កាន់​​ទណ្ឌ​កម្ម​រប​ស់​អា​មេ​រិក​​ប្រ​ឆាំង​នឹង​ប្រ​ទេស​ អុីរ៉ង់ ​ថា​​៖ «​ប្រ​ទេស ចិន ​កំ​ពុង​ធ្វើ​ការ​ងារ​ប្រ​កប​ដោយ​ភាព​​ច្នៃ​ប្រ​ឌិត​ ដើ​ម្បី​បំ​ផ្លាញ​ផល​ប្រ​យោជន៍​សន្ដិ​សុខ​ជាតិ​របស់​យើង​»​។​

លោក​ថ្លែង​ថា​៖ «​ជួន​កាល​ការ​​បំ​ពាន​របស់​ប្រ​ទេស​ ចិន​ ច្បាស់​ណាស់​ត្រូវ​បាន​គាំ​ទ្រ​ដោយ​​រដ្ឋ​ ហើយ​ជួន​កាល​ត្រូវ​បាន​ធ្វើ​ឡើង​​​តាម​រយៈ​ស​ហ​គ្រាស​​វិ​ស័យ​ «ឯក​ជន​» ជា​ច្រើន​របស់​ទី​ក្រុង​ប៉េកាំ​ង ដែល​​មាន​ទំ​នាក់​ទំ​នង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បក្ស​កុម្មុយ​នីស្ដ​​របស់​លោក​ប្រ​ធា​នា​ធិប​តី ស៊ី ជីន​ភីង​»​។​

ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​​នៅ​ថ្ងៃ​តែ​មួយ ដែល​​លោក​ប្រ​ធា​នា​ធិប​តី​អា​មេ​រិក ដូ​ណាល់ ត្រាំ និង​លោក ​ស៊ី​ បាន​ព្រម​​ព្រៀង​បញ្ឈប់​សង្គ្រាម​ពា​ណិជ្ជ​កម្ម​​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​​កំ​ពូល​​នៅ​ក្នុង​ប្រ​ទេស​ អា​ហ្សង់​ទីន​។​

ស្ថាន​ទូត​ប្រ​ទេស ចិន ​ប្រ​ចាំ​នៅ​ទី​ក្រុង​អូ​តា​វ៉ា ​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក​ស្រី Meng។​

ស្ថាន​ទូត​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​មួយ​ថា​៖«​ភា​គី​ប្រ​ទេស ចិន ជំ​ទាស់​យ៉ាង​ដាច់​អហ​ង្កា​រ និង​ត​វ៉ា​យ៉ាង​ខ្លាំង​​ទៅ​នឹង​វិ​ធាន​ការ​ដូច​នោះ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​មនុស្ស​របស់​ជន​រង​គ្រោះ​​»​៕ AFP/LA