ក្រុង​ប៉េ​កាំងៈ ប្រ​ទេស​ ចិន ​គាំ​ទ្រ​ដល់​កំ​ណែ​ទម្រង់​ដែល​ចាំ​បាច់​នា​នា​នៅ​អង្គ​ការ​ពា​ណិជ្ជ​កម្ម​ពិ​ភ​ព​លោក (WTO) ខណៈ​​ដែល​ប្រ​ព័ន្ធ​ពា​ណិជ្ជ​កម្ម​អន្តរ​ជាតិ​នេះ​ទទួល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ។

លោក Wang Shouwen អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​ពា​ណិជ្ជ​កម្ម​ចិន​បាន​ថ្លែង​ថា ប្រព័ន្ធ​ពា​ណិជ្ជ​កម្ម​របស់​អង្គ​ការ​ WTO បច្ចុ​ប្បន្ន​ត្រូវ​បាន​ប្រ​ឈម​​ដោយ​គោល​នយោបាយ​​ឯក​​តោ​ភា​គី​និ​យម និង​កិច្ច​គាំ​ពារ​និ​យម​ផ្នែក​ពា​ណិជ្ជ​កម្ម។

លោក​បាន​ថ្លែង​ថា អង្គ​ការ WTO ទទួល​រង​ការ​គំ​រាម​កំ​ហែង​ដោយ​កត្តា​ ៣ យ៉ាង ដែល​រួម​មាន របប​ដោះ​ស្រាយ​ជម្លោះ​ស្ថិត​ក្នុង​ហា​និ​ភ័យ​នៃ​ការ​ជាប់​គាំង​​ដោយ​សារ​ការ​រា​រាំង​ពី​សំ​ណាក់​ស​មា​ជិក​មួយ​ចំ​នួន​មិន​ឲ្យ​មាន​ការ​បំ​ពេញ​កៅ​អី​ទំ​នេរ​របស់​សមា​ជិក​ស្ថា​ប័ន​ឧ​ទ្ធរណ៍​របស់​អង្គ​ការ​នេះ សមា​ជិក​មួយ​ចំ​នួន​ដែល​ដំ​ឡើង​ពន្ធ​តាម​រយៈ​ការ​រំ​លោភ​ ខចែង​ស្តី​ពី​ការ​លើក​លែង​ដោយ​សារ​ហេតុ​ផល​សន្តិ​សុខ និង​សមា​ជិក​មួយ​ចំ​នួន​ដែល​ជ្រើស​យក​វិ​ធី​សាស្រ្ត​ឯក​តោ​ភា​គី​ដែល​​រំ​លោភ​ច្បាប់​ពហុ​ភា​គី​របស់​ WTO។

លោក​​លើក​ឡើង​ថា ប្រ​ទេស​ ចិន គាំ​ទ្រ​ដល់​កំ​ណែ​ទម្រង់​ដែល​ចាំ​បាច់​របស់​អង្គការ WTO ដើម្បី​ពង្រឹង​អំ​ណាច និង​ប្រ​សិទ្ធ​ភាព​របស់​អង្គ​ការ​នេះ។

លោក Wang បាន​កត់​សម្គាល់​ថា កំ​ណែ​ទម្រង់​របស់​អង្គ​ការ​ WTO គួរ​ដើរ​តាម​គោល​ការណ៍​មូល​ដ្ឋាន​ចំ​នួន​ ៣ ៖ ទី១ កំ​ណែ​ទម្រង់​គួរ​លើក​តម្កើង​តម្លៃ​ស្នូល​របស់​អង្គការ​ស្តី​ពី​ការ​មិន​រើស​អើង និង​បើក​ចំ​ហ ទី២ ការ​ពារ​អត្ថ​ប្រ​យោជន៍​អភិ​វឌ្ឍន៍​របស់​សមា​ជិក​​ដែល​ជា​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍន៍ និង​ដោះ​ស្រាយ​ផល​វិ​បាក​ របស់​​ប្រ​ទេស​ទាំង​នោះ​ក្នុង​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​ទៅ​ក្នុង​សកល​ភាវូប​នីយ​កម្ម​សេដ្ឋ​កិច្ច និង​ទី៣ ដើរ​តាម​យន្ត​ការ​ធ្វើ​សេច​ក្តី​សម្រេច​ដោយ​ការ​ឯក​ភាព​គ្នា៕ The People''s Daily/KC