ក្រុងប៉េកាំងៈ ក្រសួងការបរទេសរបស់ប្រទេស ចិន បានជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយសហរដ្ឋអាមេរិក និងប្រទេស ចិន ដើម្បីសម្រុះសម្រួល និងខិតខំឲ្យបានខ្លាំង ដើម្បីសម្រេចបានអត្ថប្រយោជន៍រៀងៗខ្លួនមួយ ពោលគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឈ្នះឈ្នះ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។
បន្ទាប់ពីមានការគំរាមកំហែងថ្មីមួយពីមេដឹកនាំអាមេរិកថានឹងបង្កើនពន្ធនាំចូលលើទំនិញចិន ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃចន្ទថា គណៈប្រតិភូរបស់ប្រទេស ចិន កំពុងត្រៀមខ្លួនធ្វើដំណើរទៅអាមេរិកសម្រាប់ការពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសរសេរលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា លោកនឹងដំឡើងពន្ធនាំចូលដល់ ២៥ ភាគរយលើទំនិញចិន ដែលបច្ចុប្បន្នត្រូវបានដកហូតក្នុងអត្រា ១០ ភាគរយរួចហើយដែលមានតម្លៃ ២០០ ពាន់លានដុល្លារ ដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រសប្តាហ៍នេះ។ ការសរសេររបស់លោកបានធ្វើឡើង ខណៈដែលគណៈប្រតិភូរបស់ប្រទេស ចិន គ្រោងនឹងបន្តការចរចាពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្ដាហ៍នេះ។
ក្រុមអ្នកវិភាគបានបង្ហាញការបារម្ភអំពីការកើនឡើងកាន់តែខ្លាំងនៃភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំង ២ របស់ពិភពលោកនេះ និងបានអំពាវនាវឲ្យភាគីទាំង ២ ត្រូវទុកចោលការខ្វែងគំនិតគ្នារបស់ពួកគេ និងសម្រេចឲ្យបានដំណោះស្រាយមួយឲ្យបានទាន់ពេលវេលា។
លោក Joe Kaeser អគ្គនាយកក្រុមហ៊ុន Siemens AG ដែលជាក្រុមហ៊ុនពហុផលិតភាពអន្តរជាតិមានមូលដ្ឋាននៅប្រទេស អាល្លឺម៉ង់ បានថ្លែងថា៖ «យើងទាំងអស់គ្នាបារម្ភរួចហើយអំពីជម្លោះពាណិជ្ជកម្មរវាងប្រទេស ចិន និងអាមេរិក។ ខ្ញុំគិតថា ពិភពលោកទាំងមូលបារម្ភអំពីវា ដោយសារវាជាជម្លោះរវាងប្រទេសមានសេដ្ឋកិច្ចលំដាប់លេខ ១ និងលេខ ២។ ជាលទ្ធផល ប្រទេសទាំងអស់ផ្សេងទៀតនឹងមានបញ្ហា»។
សេដ្ឋកិច្ចពិភពលោកបានបង្ហាញសញ្ញានៃការថមថយ។ អង្គការអន្តរជាតិសំខាន់ៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះនៅឆ្នាំនេះ ដោយសារឧបសគ្គ និងភាពមិនច្បាស់លាស់ ដែលបានបណ្ដាលឡើងដោយភាពតានតឹងផ្នែកពាណិជ្ជកម្ម។
លោក Vincent Chan ប្រធានផ្នែកស្រាវជ្រាវយុទ្ធសាស្ដ្រមូលនិធិប្រចាំប្រទេស ចិន នៃក្រុមហ៊ុន Credit Suisse បានឲ្យដឹងថា លោកសង្ឃឹមថា ប្រទេសទាំង ២ នេះនឹងអាចសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។ បើមិនអ៊ីចឹងទេ វិបត្តិចំពោះសេដ្ឋកិច្ចពិភពលោកអាចមានទំហំធំ។
លោក Chan មានប្រសាសន៍ថា៖ «ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយបែបនោះបាន ភាគីទាំង ២ អាចត្រូវតែធ្វើការសម្រុះសម្រួល ឬគួរតែពន្យារពេលបញ្ហាមួយចំនួន ដែលមិនអាចដោះស្រាយបាននៅពេលនេះ»។
លោកបញ្ជាក់ថា ដោយសារតែភាពមិនច្បាស់លាស់ ដែលបានបណ្ដាលឲ្យមានការខ្វែងគំនិតគ្នាផ្នែកពាណិជ្ជកម្ម សហគ្រាសធុនតូច និងមធ្យម នឹងប្រឈមនឹងការពិបាកកាន់តែច្រើនក្នុងការបង្កើតរោងចក្រថ្មីៗក្នុងទីតាំងផ្សេងទៀត។
លោក Ma Yu អ្នកស្រាវជ្រាវមួយរូបនៅបណ្ឌិត្យសភាសាជីវកម្មពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេស ចិន បានឲ្យដឹងថា រាល់ការកើនឡើងកាន់តែខ្លាំងនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម នឹងធ្វើឲ្យប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសទាក់ទងនឹងការវិនិយោគផ្ទាល់ពីបរទេស។
លោក Ma បានឲ្យដឹងថា ក្រុមហ៊ុនផលិតកម្មជាច្រើន ជាពិសេសក្រុមហ៊ុនផលិតឧបករណ៍ប្រភពដើម និងសហគ្រាសធុនតូច និងមធ្យម នឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង មិនគ្រាន់តែឆ្នាំនេះទេ ប៉ុន្តែថែមទាំងក្នុងរយៈពេលវែងផងដែរ ដោយសារពួកគេមិនមានអំណាចផ្សព្វផ្សាយម៉ាកយីហោ ហើយបណ្ដាញទីផ្សាររបស់ពួកគេនៅមានកម្រិត។
ក្រុមអ្នកវិភាគផ្នែកទីផ្សារបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែចងចាំថា សង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំង នឹងមិនត្រឹមតែធ្វើឲ្យខូចខាតដល់ប្រទេស ចិន តែម្ខាងនោះទេ។ អ្នកវិភាគទាំងនោះបន្ថែមថា វានឹងប៉ះពាល់ដល់ឧស្សាហកម្ម និងកម្មករអាមេរិក ព្រមទាំងសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ៕ People''s Daily/LA