ក្រុងម៉ាឌ្រីដៈ ប្រទេសចិន និងអេស៉្បាញ កាលពីសប្តាហ៍មុនបានសន្យាថា នឹងធ្វើឲ្យមានតុល្យភាពជាថ្មីដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុង អំឡុង ដំណើរ ទស្សន កិច្ច ផ្លូវ រដ្ឋ របស់ លោក ប្រធានាធិបតីចិន ស៊ី ជីនភីង ខណៈដែលក្រុងម៉ាឌី្រដត្អូញត្អែរអំពី «ឱនភាពដ៏រ៉ាំរ៉ៃ» ជាមួយទីក្រុងប៉េកាំង។

បើទោះជាការនាំចេញរបស់ប្រទេសអេស៉្បាញទៅប្រទេសចិន បានកើនឡើង ២៨,៣ភាគរយកាលពីឆ្នាំមុនក្តី ក៏ប្រទេសនេះនៅតែមានឱនភាពពាណិជ្ជកម្ម ១៩,៤ ពាន់លានអឺរ៉ូ (២២,១ពាន់លានដុល្លារ) កើនឡើង ២,៣​ភាគ​រយ​កាល​ពីឆ្នាំមុន។ នេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសអេស៉្បាញ។

ប្រទេសទាំងពីរបានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា៖ «ភាគីទាំងពីរយល់ព្រមបង្កើនការបើកចំហសេដ្ឋកិច្ច និងបង្កើនការដោះដូរពាណិជ្ជកម្មក្នុងលក្ខណៈដែលនឹងធ្វើឲ្យមានតុល្យភាពកាន់តែខ្លាំង និងពង្រីកដល់វិស័យថ្មីៗទៀត»។

ក្រុមហ៊ុនរបស់ប្រទេសអេស៉្បាញប្រហែល ៦០០ មានវត្តមាននៅក្នុងប្រទេសចិន ដែលភាគច្រើនជាក្រុមហ៊ុនតូចៗ ទោះបីជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយចំនួនដូចជា ក្រុមហ៊ុន Telefonica ក្រុមហ៊ុន Inditex ម្ចាស់ក្រុមហ៊ុន Zara និងធនាគារធំៗ ដូចជាធនាគារ Santander និងធនាគារ BBVA ក៏ប្រតិបត្តិការនៅក្នុងប្រទេសនេះក៏ដោយ។

ប្រទេសទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងក្រុមអ្នកវិទ្យាសាស្ដ្ររបស់ប្រទេសចិន និងអេស៉្បាញ ក្នុងវិស័យសម្ភារទំនើបជាច្រើន ខណៈដែលទីក្រុងប៉េកាំង ផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច​របស់​ខ្លួន​ឆ្ពោះ​ទៅ​រក​ឧស្សា​ហ​កម្ម​បចេ្ចក​វិទ្យាខ្ពស់ ដែលមានការប្រកួតប្រជែង។

ឧទាហរណ៍សម្ភារបែបនេះ រួមមានកញ្ចក់ធន់នឹងការឆ្កូតសម្រាប់អេក្រង់ទូរស័ព្ទស្មាតហ្វូន ឬសមាសធាតុដែលប្រើប្រាស់ក្នុងយន្តហោះ ដែលធ្វើឲ្យយន្តហោះទាំងនោះកាន់តែស្រាល និងប្រើប្រាស់សាំងកាន់តែតិច។

ប្រទេសទាំងពីរក៏បានយល់ព្រមបើកចំហបន្ថែមទៀតនូវទីផ្សាររបស់ចិនដ៏កាក់កប ដល់ទំពាំងបាយជូររបស់អេស៉្បាញ និងសាច់ភ្លៅជ្រូក «ហ្សាម៉ុង» មានតម្លៃខ្ពស់របស់ប្រទេសនេះ ដែល​ពេញ​និយម​ខ្លាំង​ក្នុង​ប្រទេស​អាស៊ី​មួយ​នេះ​ផងដែរ៕ AFP/LA