ក្រុង​ប៉េ​កាំងៈ ប្រ​ទេស ចិន ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ជំ​រុញ​ឆ្ពោះ​ទៅ​មុខ​នូវ​ការ​ចរចា​ពា​ណិជ្ជ​កម្ម​ជា​មួយ​អា​មេ​រិក​​ក្នុង​រយៈ​ពេល ៩០ ​ថ្ងៃ​ក្រោយ និង​បាន​ប្ដេ​ជ្ញា​ថា នឹង​អនុ​វត្ត​យ៉ាង​រហ័ស​នូវ​បញ្ហា​ជាក់​​​លាក់​ ដែល​ត្រូវ​បាន​ព្រម​ព្រៀង​រួច​ហើយ​។​

ក្រ​សួង​ពា​ណិជ្ជ​កម្ម​ចិន​បាន​ឲ្យ​ដឹង​ថា ​ការ​ចរ​ចា​រវាង​លោក​ប្រ​ធា​នា​ធិប​តី ស៊ី ជីន​ភីង និង​លោក​ ដូ​ណាល់​ ត្រាំ​ កាល​ពី​ចុង​សប្ដាហ៍​មុន «ទទួល​បាន​ជោគ​ជ័យ​» ហើយ​ក្រ​សួង​​មាន «ទំ​នុក​ចិត្ត​» ចំ​ពោះ​ការ​អ​នុ​វត្ត​​កិច្ច​ព្រម​ព្រៀង​របស់​មេ​ដឹក​នាំ​ទាំង​​ ២ នេះ។

ក្រ​សួង​ពា​ណិជ្ជ​កម្ម​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​​មួយ​ថា​៖ «​ក្រុម​ការ​ងារ​ផ្នែក​​សេដ្ឋ​កិច្ច និង​ពា​ណិជ្ជ​កម្ម​របស់​ភា​គី​ទាំង ២​ នឹង​ជំ​រុញ​ឆ្ពោះ​ទៅ​មុខ​យ៉ាង​សកម្ម​នូវ​ការ​ចរចា​​ក្នុង​រយៈ​ពេល ៩០ ថ្ងៃ​ ស្រប​ជា​មួយ​នឹង​កាល​បរិ​ច្ឆេទ​ និង​ផែន​ការ​ច្បាស់​លាស់​មួយ​»​។​

ក្រ​សួង​​ពា​ណិជ្ជ​កម្ម​បាន​ឲ្យ​ដឹង​ដោយ​មិន​ផ្ដល់​ព័ត៌​មាន​លម្អិត​​បន្ថែម​ថា​៖ «​ប្រ​ទេស ចិន នឹង​ចាប់​ផ្ដើម​ជា​មួយ​នឹង​ការ​អនុ​វត្ត​នៃ​បញ្ហា​ជាក់​លាក់​ ដែល​មាន​ការ​ព្រម​ព្រៀង​គ្នា​​រួច​ហើយ។​ ​កាន់​តែ​ឆាប់ ​កាន់​តែ​ប្រ​សើរ»។​

លោក ត្រាំ និង​លោក ស៊ី បាន​យល់​ព្រម​​គ្នា​លើ​ការ​បញ្ឈប់​​សង្គ្រាម​ពា​ណិជ្ជ​កម្ម​នៅ​ក្រៅ​ជំ​នួប​​កិច្ច​ប្រ​ជុំ​កំ​ពូល G20 នៅ​ប្រ​ទេស​អា​ហ្សង់​ទីន កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែល​ជួយ​ឲ្យ​មាន​ការ​ផ្អាក​​​ដក​ហូត​ពន្ធ​នាំ​ចូល​​ថ្មី និង​ផ្ដល់​​ដល់​ក្រុម​អ្នក​ចរចា​រយៈ​ពេល ៩០ ថ្ងៃ​ដើ​ម្បី​សម្រេច​បាន​​កិ​​ច្ច​ព្រម​ព្រៀង​មួយ​។​

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​របស់​​ក្រ​សួង​ពា​ណិជ្ជ​កម្ម​កាល​ពី​ថ្ងៃ​ពុ​ធ ​ជា​ការ​ទទួ​ល​ស្គាល់​ជា​សាធារ​ណៈ​លើក​ដំ​បូង​របស់​រដ្ឋា​ភិបាល​​ចិន​អំពី​​កាល​បរិ​ច្ឆេទ​រយៈ​ពេល​ ៩០ ថ្ងៃ​នេះ​។

សេត​វិ​មាន​បាន​ឲ្យ​ដឹ​ង​ថា ​ចិន​បាន​ព្រម​ព្រៀង​ទិញ​ក្នុង​បរិ​មាណ​ដ៏​ច្រើន​នូវ​ផលិត​ផល​កសិ​កម្ម ថាម​ពល ឧស្សា​ហ​កម្ម និង​ផលិត​ផល​ផ្សេង​ៗ​ពី​អា​មេ​រិក ដើ​ម្បី​កាត់​បន្ថយ​ឱន​ភាព​ពា​ណិ​ជ្ជ​កម្ម។ ចិន​ក៏​បាន​ព្រម​ព្រៀង​ផង​ដែរ​​​ក្នុង​ការ​​ចាប់​ផ្តើម​ទិញ​ផលិត​ផល​ពី​កសិករ​​អា​មេ​រិក «ភ្លាម»៕​ AFP/​LA