ក្រុង​ស៊ាង​ហៃៈ លោក​ប្រ​ធា​នា​​ធិប​តី​ចិន ស៊ី ជីន​ភីង បាន​ប្តេជ្ញា​កាល​ពី​ថ្ងៃ​ចន្ទ​ថា នឹង​បង្កើន​​ការ​នាំ​ចូល​សរុប​របស់​ចិន​ឲ្យ​ដល់​ជាង ៤០​ ពាន់​ពាន់​លាន​​ដុ​ល្លារ​ស​ហ​រដ្ឋ​អា​មេ​រិក​​ក្នុង​រយៈ​ពេល​ ១៥ ​ឆ្នាំ​ក្រោយ​ ខណៈ​ព្រ​មាន​ថា ការ​គាំ​ពារ​និ​យម​របស់​អា​មេ​រិក​ បាន​ «​ធ្វើ​ឲ្យ​ប៉ះ​ពាល់​» ដល់​ប្រ​ព័ន្ធ​ពា​ណិជ្ជ​កម្ម​សេ​រី​​ពិ​ភព​លោក​ ចំ​ពេល​ដែល​កើត​មាន​​សង្គ្រាម​ពា​ណិជ្ជ​កម្ម​កាន់​តែ​ខ្លាំង​ឡើង​ជា​មួយ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​។​ នេះ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន KYODO។

ទី​ភ្នាក់​ងារ​ព័ត៌​មាន KYODO បាន​រាយ​ការណ៍​ដោយ​ដក​ស្រង់​សម្ដី​របស់​​លោក ស៊ី ខណៈ​លោក​បាន​ថ្លែង​ថា​៖ «​ហា​និ​ភ័យ និង​បញ្ហា​ប្រ​ឈម​ ​កំ​ពុង​កើន​ឡើង​» ដោយ​សារ​តែ​ «​កិច្ច​គាំ​ពារ​និ​យម​ពា​ណិជ្ជ​កម្ម​ឯក​តោ​ភា​គី​​​កំ​ពុង​កើន​ឡើង​»​។

លោក​បន្ថែម​ថា ប្រ​ទេស​របស់​លោក​ចង់​យ៉ាង​ខ្លាំង​ក្នុង​ការ «​បើក​​ចំហ​ទី​ផ្សារ​របស់​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​ដល់​ពិ​ភព​លោក​»​។​

នៅ​ក្នុង​សុន្ទ​រក​ថា​ដ៏​សំ​ខាន់​មួយ​​​ក្នុង​ពិ​ធី​បើក​ដំ​ណើរ​ការ​ពិ​ព័រណ៍​នាំ​ចូល​អន្តរ​ជាតិ​ចិន​លើក​ដំ​បូង​នេះ លោក​លើក​ឡើង​ថា​ កិច្ច​គាំ​ពារ​និ​យម​នឹង «បណ្ដាល​​ឲ្យ​មាន​ភាព​​នៅ​ទ្រឹង​​ផ្នែក​ពា​ណិជ្ជ​កម្ម​» និង «​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​ពិ​ភព​លោក​»​ ដោយ​សារ​​​ចិន និង​អា​មេ​រិក​ ស្ថិត​​​​ក្រោម​​ការ​ដឹក​នាំ​របស់​លោក​ប្រ​ធា​នា​ធិប​តី​ ដូ​ណាល់ ត្រាំ​ បាន​ចាត់​វិ​ធាន​ការ​ដក​ហូត​ពន្ធ​គយ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​តម្លៃ​រាប់​រយ​ពាន់​លាន​ដុ​ល្លារ។​

ខណៈ​ឆ្នាំ​នេះ​ជា​​ខួប​ទី ៤០ នៃ​គោល​នយោ​បាយ​កែ​ទម្រង់​ និង​ការ​បើក​ចំហ​របស់​ប្រ​ទេស ​ដែល​ជា​មហា​អំ​ណាច​អា​ស៊ី​មួយ​នេះ​ តាម​រយៈ​​​ការ​រៀប​ចំ​ពិ​ព័រណ៍​ទំ​និញ​នាំ​ចូល​នេះ ​ចិន​ នឹង​ព្យា​យាម​​ច្រាន​ចោល​ការ​រិះ​គន់​ថា ទី​ផ្សារ​ចិន​ត្រូវ​បាន​បិទ​ ដោយ​សារ​តែ​ថា​ ទី​ផ្សារ​​ត្រូវ​បាន​គ្រប់​​គ្រង​ភាគ​ច្រើន​ដោយ​រដ្ឋា​ភិ​បាល​។​

ប្រទេស ចិន ​​មើល​ឃើញ​ពិ​ព័រណ៍​នេះ​ថា​ជា​ព្រឹ​ត្តិ​ការណ៍​ការ​ទូត​ដ៏​សំ​ខាន់​បំ​ផុត​​​ប្រ​ចាំ​ឆ្នាំ​នេះ​ ស្រប​ជា​មួយ​នឹង​វេ​ទិ​កា​ Boao Forum for Asia និង​កិច្ច​ប្រ​ជុំ​របស់​​អង្គ​ការ​សហ​ប្រ​តិ​បត្តិ​ការ​ស៊ាង​ហៃ​ ដែល​ជា​​​ប្លុក​សន្ដិ​សុខ​​ដឹក​នាំ​ដោយ​ប្រ​ទេស ចិន។

រដ្ឋា​ភិ​បាល​ចិន​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ប្រ​ហែល ៣ ៦០០ មក​ពី​ប្រ​ទេស និង​តំ​បន់​ជាង ១៧០ និង​ក្រុម​ហ៊ុន​អន្តរ​ជាតិ​​ជា​ច្រើន​ ​កំ​ពុង​ចូល​រួម​នៅ​ក្នុង​ពិ​ព័រណ៍​​នាំ​ចូល​កម្រិត​ជាតិ​លើក​ដំ​បូង​របស់​ប្រ​ទេស​នេះ​។

ក្នុង​ចំ​ណោម​​ក្រុម​ហ៊ុន​ទាំង​នេះ ​​ប្រ​ហែល​ជា ១៨០ ​ជា​ក្រុម​ហ៊ុន​អា​មេ​រិក​ដូច​ជា ​​ក្រុម​ហ៊ុន Google LLC និង Microsoft​។

ដើ​ម្បី​ជំ​រុញ​ការ​នាំ​ចូល លោក ស៊ី បាន​សន្យា​កាត់​បន្ថយ​ពន្ធ និង​បន្ធូរ​បន្ថយ​បទ​ប្បញ្ញត្តិ​​បន្ថែមទៀត​សម្រាប់​ក្រុម​ហ៊ុន​បរ​ទេស​នៅ​​ក្នុង​វិ​ស័យ​មួយ​ចំ​នួន៕​ LA