ក្រុង​ស៊ាងហៃៈ ប្រទេស ចិន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​​ប្រព័ន្ធ​ 5G ដល់​​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ៤​ ដែល​ជា​វិធានការ​ដ៏​ធំ​មួយ​​ក្នុង​គោល​បំណង​ក្លាយ​ជា​​ប្រទេស​​នាំមុខ​គេ​​លើ​ពិភព​លោក​ខាង​ផ្នែក​​បណ្ដាញ​អ៊ីនធឺណិត​​ជំនាន់​ក្រោយ​ ចំ​ពេល​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ពី​អាមេរិក​។​

5G គឺ​ជា​បណ្ដាញ​​ប្រព័ន្ធ​អ៊ីនធឺណិត​​ជំនាន់​ក្រោយ​ដែល​ផ្ដល់​ល្បឿន​បញ្ជូន​​ទិន្នន័យ​កាន់​តែ​រហ័ស​ និង​អាច​លើក​កម្ពស់​បច្ចេកវិទ្យា​នានា ​ដូច​ជា​ ស្វ័យ​បើកបរ ការ​វិភាគ​រោគ​សញ្ញា​វេជ្ជសាស្ដ្រ​​​ពី​ចម្ងាយ និង​ការ​ទូទាត់​តាម​ឧបករណ៍​ចល័ត​ជា​ដើម។​

ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន​​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទូរគមនាគមន៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ China Telecom ក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom និង​ក្រុមហ៊ុន​ China Broadcasting Network Corporation បាន​ទទួល​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​ដើម្បី​​ប្រតិបត្តិការ​សេវា​ទូរគមនាគមន៍​ចល័ត​អ៊ីនធឺណិត​​ឌីជីថល​ជំនាន់​ទី​៥។​

លោក Miao Wei រដ្ឋមន្ដ្រី​​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​បាន​ថ្លែង​ថា៖ «​បន្ទាប់​ពី​ការ​ចេញ​​​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ 5G យើង​នឹង​បន្ត​ស្វាគមន៍​​ក្រុមហ៊ុន​បរទេស ​ដើម្បី​​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ទីផ្សារ ​5G របស់​ប្រទេស ចិន​ ស្វែងរក​ការ​អភិវឌ្ឍ​រួម​​នៃ​ប្រព័ន្ធ ​5G របស់​ប្រទេស ចិន និង​ចែក​រំលែក​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​ 5G របស់​ប្រទេស ​ចិន» ។ នេះ​បើ​យោង​តាម​​គណនី​បណ្តាញ​សង្គម Weibo របស់​ក្រសួង។​

ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ Huawei របស់​ប្រទេស ​ចិន​​ គឺ​ជា​​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភព​លោក​ខាង​ផ្នែក​​​អភិវឌ្ឍ​ប្រព័ន្ធ​ 5G ប៉ុន្តែ​មហិច្ឆតា​របស់​ខ្លួន​បាន​ប្រឈម​នឹង​បញ្ហា​ដោយសារ​អាមេរិក ដែល​​បាន​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​គេច​ចេញ​ពី​ក្រុមហ៊ុន​នេះ​ដោយសារ​តែ​ការ​​បារម្ភ​ថា ឧបករណ៍​ទូរគមនាគមន៍​​របស់​ក្រុមហ៊ុន​នេះ ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​សេវា​ព័ត៌មាន​ចារកម្ម​របស់​ទីក្រុង​ប៉េកាំង។​

ដោយ​​អត្ថាធិប្បាយ​លើ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង «​គាំទ្រ​យ៉ាង​ពេញលេញ​» ដល់​ប្រតិបត្តិករ​របស់​ប្រទេស ចិន ​នានា​​ ក្នុង​ការ​បង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត 5G។​

ក្រុមហ៊ុន​ Huawei បាន​ឲ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ Weibo ថា៖ «​យើង​ជឿ​ជាក់​ថា នៅ​ពេល​អនាគត​ដ៏​ខ្លី ប្រព័ន្ធ​ 5G របស់​ប្រទេស ចិន ​​នឹង​នាំមុខ​គេ​នៅ​លើ​​​​ពិភព​លោក​»។​

ក្រុមហ៊ុន Vivo ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ផ្សេង​ទៀត​​របស់​ប្រទេស ​ចិន​ បាន​បញ្ជាក់​ថា ទូរស័ព្ទ​ចល័ត​ដែល​មាន​ប្រព័ន្ធ​ 5G របស់​ខ្លួន​ ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​​ការ​សាកល្បង​បណ្ដាញ​អ៊ីនធឺណិត​នេះ​ ហើយ​នឹង​ដាក់​លក់​នៅ​ពេល​ដែល​ការ​សាកល្បង​​ត្រូវ​បាន​បញ្ចប់៕​ AFP/LA​