ក្រុង​ប៉េកាំងៈ ​ ប្រទេស​ ចិន ​នឹង​ពន្យារ​ការ​ដក​ហូត​ពន្ធគយ​បន្ថែម​លើ​រថយន្ត និង​គ្រឿង​បន្លាស់​​ដែល​នាំ​ចូល​ពី​អាមេរិក​​សម្រាប់​រយៈ​ពេល​ ៣ ខែ​ ដែល​ជា​​វិធាន​ការ​រឹង​មាំ​មួយ​អនុវត្ត​ទៅ​តាម​ការ​ព្រម​ព្រៀង​​សម្រេច​បាន​ដោយ​មេ​ដឹកនាំ​របស់​ប្រទេស​ទាំង ២ នៅ​ទីក្រុង​ប៊ុយ​ណូ​ស៊ែរ​​ ប្រទេស​ អាហ្សង់ទីន ​​ក្នុង​​ខែ​នេះ។ នេះ​បើ​យោង​តាម​ការិយាល័យ​គណៈ​កម្មា​ធិការ​ពន្ធគយ​របស់​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន។

វិធាន​នេះ​ដែល​នឹង​មាន​ប្រសិទ្ធ​ភាព​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មករា​ដល់​ថ្ងៃ​ទី​ ៣១ ខែ​មីនា នឹង​ពន្យារ​ការ​ដក​ហូត​ពន្ធគយ​ចំនួន ២៥ ភាគ​រយ​លើ​ទំនិញ​ដែល​អាច​ហូត​ពន្ធ​បាន ១៤៤ មុខ និង​ពន្ធ​​គយ ៥ ភាគរយ​លើ​ទំនិញ​ចំនួន ៦៧ មុខ។

ពន្ធ​ទាំង​នេះ​ត្រូវ​បាន​ដក​ហូត​លើ​រថយន្ត និង​គ្រឿង​បន្លាស់​រថយន្ត​ដែល​ផលិត​នៅ​អាមេរិក​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​​ក្រសួង​ហិរញ្ញវត្ថុ​ចិន។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​ឲ្យ​​ដឹង​ថា វិធាន​ការ​នេះ​អាច​ពង្រីក​ដល់​ការ​នាំ​ចូល​​ទំនិញ​មួយ​ចំនួន​ទៀត​​ដែល​ចាំ​បាច់​សម្រាប់​ទីផ្សារ ព្រម​ទាំង​ជួយ​បំពេញ​តម្រូវ​ការ​របស់​គ្រួសារ​ក្នុង​ប្រទេស​ ចិន ​ផង​ដែរ។

ក្រសួង​ហិរញ្ញវត្ថុ​ចិន​ក៏​បាន​ឲ្យ​ដឹង​​ផង​ដែរ​ថា ប្រទេស​ ចិន និង​សហរដ្ឋ​អាមេរិក​អាច​ពន្លឿន​​ការ​ចរចា​ដើម្បី​ជម្រុះ​ចោល​ពន្ធ​គយ​បន្ថែម​ទាំង​អស់​ទៅ​លើ​ទំនិញ​​របស់​ភាគី​នីមួយ​ៗ។

នៅ​ឯ​​ក្រៅ​កិច្ច​ប្រជុំ​កំពូល​របស់​​ក្រុម​ប្រទេស G20 ក្នុង​ទីក្រុង​ប៊ុយណូស៊ែរ​កាល​ពី​ថ្ងៃ​ទី​ ១ ខែ​ធ្នូ លោក​ប្រ​ធា​នា​ធិប​តី​ចិន ស៊ី ជីនភីង និង​លោក ដូណាល់ ត្រាំ ដែល​សមភាគី​អាមេរិក​របស់​លោក បាន​ព្រមព្រៀង​​បន្ត​ការ​ចរចា​ពាណិជ្ជ​កម្ម​ទ្វេភាគី បញ្ឈប់​ការ​ដក​ហូត​ពន្ធ​គយ​ថ្មី និង​ដោះ​ដូរ​ទស្សន​កិច្ច​នៅ​ពេល​វេលា​សមរម្យ​។

មេដឹក​នាំ​ទាំង​ ២ បាន​ឯកភាព​​ឲ្យ​មាន​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជ​កម្ម​មួយ​ដែល​បាន​ពន្យារ​ពេល​ការ​ដំឡើង​ពន្ធ​គយ​បន្ថែម​របស់​អាមេរិក​លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​​ដោយ​ចាប់​ផ្តើម​ចាប់ពី​ថ្ងៃ​ទី ១ ខែ​មករា​ទៅ។

លោក Mei Xinyu អ្នក​ស្រាវ​ជ្រាវ​​ប្រចាំ​វិទ្យា​ស្ថាន​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច​អន្តរ​ជាតិ​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ចិន​បាន​ថ្លែង​ថា វិធាន​ការ​នេះ​គឺ​ដើម្បី​អនុវត្ត​តាម​ការ​​ព្រម​ព្រៀង​ដែល​សម្រេច​បាន​​ដោយ​មេដឹក​នាំ​ទាំង​ ២។

លោក Mei បាន​​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ ចិន ​កំពុង​អនុវត្ត​​ទៅ​​តាម​ការ​ព្រម​ព្រៀង​នេះ​ ដើម្បី​​បង្ហាញ​ទំនុក​ចិត្ត​ក្នុង​ការ​ស​ម្រេច​​បាន​លទ្ធផល​ល្អ​បន្ទាប់​​​ពី​មាន​ការ​ចរចា​បន្ថែម។

ចិន​បាន​កាត់​បន្ថយ​ពន្ធ​គយ​លើ​រថយន្ត និង​គ្រឿង​បន្លាស់​រថយន្ត​ដែល​​នាំចូល​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ទី​ ១ ខែ​កក្កដា ដោយ​កាត់​បន្ថយ​ជា​​មធ្យម ៤៦ ភាគ​រយ ដែល​ជា​វិធាន​ការ​បើក​ចំហ​បន្ថែម​ទៀត​ និង​លើក​កម្ពស់​​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក។

បន្ទាប់​ពី​ការ​កាត់​​បន្ថយ​ពន្ធ​នៅ​ខែ​កក្កដា​នេះ ពន្ធគយ​ជា​​មធ្យម​លើ​រថយន្ត​មាន​អត្រា ១៣,៨ ភាគរយ និង ៦ ភាគរយ​លើ​គ្រឿង​បន្លាស់​រថយន្ត។ នេះ​​បើ​យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​ចិន៕ People''s Daily/KC