ក្រុង​ប៉េកាំងៈ ប្រទេសចិន​បាន​​លុប​ចោល​ការចរចា​ពាណិជ្ជ​កម្មដែល​គ្រោងទុក​ ជា​មួយ​អាមេរិក​ និងមិន​ទំនងជា​ចរចា​ជា​មួយ​ទី​ក្រុងវ៉ាស៊ីន​តោនទេ​​ រហូតដល់​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាលអា​ណត្តិ​របស់អាមេរិកនៅខែ​វិច្ឆិកា​។ នេះ​បើយោង​តាមទីភ្នាក់ងារ​ព័ត៌មាន Bloomberg ដែល​បានដក​ស្រង់​​ប្រភពដែល​​ដឹង​ពី​ស្ថាន​ការ​នេះ។

Bloomberg បាន​រាយការណ៍កាល​ពីម្សិលមិញ​ថា ការសម្រេចចិត្តលុបចោល​ក្រុមគណៈ​​ប្រតិភូចរចារ​ដែល​គ្រោង​ធ្វើ​ឡើង​​នៅ​សប្ដាហ៍​​នេះ បាន​កើតមានឡើង ខណៈ​​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ផ្ដល់សញ្ញា​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​​ជាស្រេច​សម្រាប់​ផល​ប៉ះពាល់​រយៈ​ពេល​ខ្លី​ចំពោះ​​សេដ្ឋ​កិច្ច​អាមេរិក ដោយ​បង្កើន​​សង្គ្រាម​ពាណិជ្ជ​​កម្ម​​ដើម្បី​ស្វែងរក​​អ្វីដែល​លោក​មើលឃើញ​ថា​ជា​ផល​ប្រយោជន៍​​សម្រាប់​​រយៈ​ពេលវែង​ពី​ការ​ចាត់​វិធានការ​​លើ​​ប្រទេស​ចិន។

សេត​វិមាន​​មិន​ឆ្លើយ​តប​ភ្លាមៗ​ទៅនឹង​សេចក្តី​សម្រេច​ចិត្ត​ចុងក្រោយ​បំផុត​​របស់​ប្រទេស​ចិន​នេះ​ទេ​។

ប៉ុន្តែ​ជាច្រើន​ម៉ោង​មុនពេល​​កាសែត​ Wall Street Journal បាន​រាយ​ការណ៍​​លើក​​​ដំបូង​ថា ទី​ក្រុង​ប៉េកាំង​បាន​លុបចោល​​ផែន​ការ​បញ្ជូន​​លោក​ឧប​នាយករដ្ឋ​មន្ដ្រី​ Liu He និង​ក្រុម​គណៈ​ប្រតិភូ​ថ្នាក់​​​កណ្ដាល​ទៅកាន់​​ទី​ក្រុង​វ៉ាស៊ីន​តោននោះ​ មន្ដ្រី​ជាន់​ខ្ពស់​អាមេរិក​​មួយ​រូប​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌​មាន​ថា លោក​ប្រធានា​ធិបតី​ជឿជាក់ថា ការ​មិន​ធ្វើ​​អ្វី​លើ​ប្រទេស​​ចិន ទី​បំ​ផុត​នឹង​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច និង​អ្នក​​ប្រើប្រាស់​អាមេរិក​កាន់តែ​ធ្លាក់ចូល​ក្នុង​ស្ថានភាព​អាក្រក់​ខ្លាំង​​ឡើងៗ។

ប្រភព​ដដែល​នេះ​ឲ្យដឹងថា បន្ថែម​លើ​ការ​ដកហូត​ពន្ធ​នាំចូ​លថ្មី​លើ​ទំនិញ​របស់​ប្រទេសចិន​ ​ក្នុងតម្លៃ ២​០០ ពាន់​លាន​ដុល្លារ​ ដែល​នឹងចាប់​ផ្ដើម​អនុវត្ត​នៅ​ថ្ងៃចន្ទ​​នេះ ក្រសួង​ការ​បរទេស​​អាមេរិក កាល​ពីថ្ងៃ​ព្រហស្បតិ៍​​បាន​ដាក់ទណ្ឌ​កម្ម​​ប្រឆាំង​នឹង​ទី​ភ្នាក់ងារ​ការ​​​ពារ​របស់​ប្រទេសចិន និង​នាយក​របស់​​ទី​ភ្នាក់ងារ​នេះ​​ ដែល​បានរួម​ចំណែក​ដល់​ការ​សម្រេច​ចិត្ត​​ចុង​ក្រោយ​​ក្នុងការ​លុបចោល​​ការចរចា​នេះ។

​លោក Shi Yinhong សាស្ដ្រាចារ្យ​ទទួល​ប​ន្ទុក​ទំនាក់ទំនងអន្តរជាតិ​នៅ​សាកលវិទ្យា​ល័យ Renmin របស់​ប្រ​ទេសចិន​​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍ថា​៖ «​វា​នឹង​​ជា​​​​ការ​ប្រមាថ​មួយ ​បើចិន​បន្ត​ការចរចា​​ពាណិជ្ជ​កម្ម បន្ទាប់​ពី​អាមេរិក​ប្រកាស​ចាត់វិធានការ​ពន្ធនាំចូល និង​ការដាក់​ទណ្ឌ​កម្មថ្មី​»។ លោក​បន្តថា​៖ «​ក្នុងរយៈពេល​វែង​ នឹង​មាន​ការចរចា​​ដោយ​សារតែ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ នឹង​​មិន​ប្រើ​ពេលវេលា​រាប់​ពាន់​​ឆ្នាំ​នោះទេ​»។

ក្នុង​ការជំរុញ​របស់​លោក​សម្រាប់អ្វីដែល​​លោក​ហៅថា ការ​ប្រកួត​ប្រជែង​ស្នើភាព​ ក្នុង​ការ​ទាក់​ទងជា​មួយ​ប្រទេសចិននោះ លោក ត្រាំ បាន​ហូតពន្ធ​​នាំចូល​ថ្មី​​លើ​ការនាំចូល​​ពី​ប្រទេសចិន​ និង​បា​ន​គំរាម​កំហែង​ហូត​ពន្ធនាំចូល​កាន់តែ​ច្រើន ប្រសិនបើ​ទីក្រុង​ប៉េកាំង​សង​សឹក។ កាល​ពីថ្ងៃទី​ ១៨ ខែ​សីហា ​ប្រទេសចិន​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ហូត​ពន្ធ​​លើ​ទំនិញ​​អា​មេរិក​​ក្នុងតម្លៃ​ ៦០​ ពាន់​លាន​ដុល្លារ​ ដែលចាប់​ផ្ដើម​អនុវត្ត​​ចាប់​ពី​ថ្ងៃទី​ ២៤ ខែ​កញ្ញា​នេះ។

លោក Gao Feng អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​​ចិន បាន​ឲ្យដឹង​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ពន្ធនាំចូល​ថ្មី​នេះ​បានបណ្ដាល​ឲ្យ​មាន «​ភាព​មិនច្បាស់​លាស់​ថ្មី​» ចំពោះ​ការចរចារវាង​​ចិន និងអាមរិក។

ឧស្សាហ​កម្មអា​មេរិក​បាន​ជំរុញ​យ៉ាង​ខ្លាំងឲ្យមាន​ការ​​ប្រឆាំង​នឹង​​ការ​ប្រើ​ប្រាស់​វិធានការ​ពន្ធ​នាំចូល​​របស់​រដ្ឋ​បាល​លោក​ ត្រាំ ដើ​ម្បី​បង្ខំ​​ការ​ផ្លាស់​ប្តូរ​ដល់សេដ្ឋ​កិច្ចចំពោះ​សេដ្ឋកិច្ច​របស់​​ប្រ​ទេសចិន​ ហើយ​​​ក្រុម​ហ៊ុនជាច្រើនចាប់​ពី​ក្រុម​ហ៊ុន​ Walmart រហូត​ដល់​ក្រុម​ហ៊ុន Gap និង​ក្រុម​ហ៊ុន Samsonite បាន​ឲ្យ​ដឹងថា ពួកគេ​​បាន​ត្រៀមខ្លួន​ក្នុងការ​បង្កើន​តម្លៃ​ ប្រសិនបើ​ពន្ធ​នាំចូល​ថ្មីប៉ះពាល់​ដល់​ពាណិជ្ជ​កម្មរបស់​ពួកគេ៕ LA