ក្រុង​នុ​សា​ឌួៈ ប្រ​ធាន​ធនា​គារ​កណ្ដាល​របស់​ប្រ​ទេស ចិន ​​កាល​ពី​ថ្ងៃ​អា​ទិត្យ​ ​បាន​ព្យា​យាម​បន្ថយ​កម្ដៅ​​សង្គ្រាម​ពា​ណិជ្ជ​កម្ម​ និង​រូ​បិយ​ប័ណ្ណ​ដែល​កំ​ពុង​កើន​ឡើង​កាន់​តែ​ខ្លាំង​ជា​មួយ​អា​មេ​រិក​ ដោយ​​​​អំ​ពាវ​នាវ​ឲ្យ​មាន «​ដំ​ណោះ​ស្រាយ​ប្រ​កប​ដោយ​ស្ថាប​នា​»​ ខណៈ​ជម្លោះ​នេះ​គំ​រាម​កំ​ហែង​​​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​​សេដ្ឋ​កិច្ច​ពិ​ភព​លោក​។​

ថ្លែង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ​របស់​មូល​និ​ធិ​រូបិ​យ​វត្ថុ​អន្តរ​ជាតិ​​ (IMF) និង​ធនា​គារ​​ពិ​ភព​លោក (WB)​ នៅ​ទី​ក្រុង ​បា​លី ប្រ​ទេស​ ឥណ្ឌូ​នេ​ស៊ី ​លោក Yi Gang បាន​ព្រ​មាន​ថា ហា​និ​ភ័យ​នេះ​​ស្ទើរ​តែ​មិន​អាច​រីក​រាល​ដាល​ខ្លាំង​ជាង​នេះ និង​បាន​​ព្រ​មាន​​ថា ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រ​ទេស​មាន​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​ទាំង​ ២ នេះ​គឺ​ជា​ស្ថាន​ការណ៍ «ចាញ់-ចាញ់»។​

លោក​​​​​​ថ្លែង​​ទៅ​កាន់​​​សិក្ខា​​សា​លា​មួយ​​ដែល​​មាន​ការ​ចូល​រួម​​ពី​​​ប្រ​ធាន​​​ធនា​គារ​​​​កណ្ដាល​​​របស់​ប្រ​ទេស​​​ផ្សេង​ទៀត​​​​ថា​៖ «​ភាព​​តាន​តឹង​​ផ្នែក​ពា​ណិជ្ជ​កម្ម បណ្ដាល​​ឲ្យ​មាន​ការ​រំ​ពឹង​ទុក​អ​វិជ្ជ​មាន​ ភាព​មិន​ច្បាស់​លាស់​អ​វិជ្ជ​មាន​»។

​លោក​បាន​ថ្លែង​ថា​៖ «​​មាន​ភាព​មិន​ច្បាស់​​​លាស់​ដ៏​ធំ​នៅ​ចំ​ពោះ​មុខ​ពួក​យើង​។ ​ពិ​ភព​លោក​ទាំង​មូល​ គួរ​តែ​ធ្វើ​ការ​ងារ​រួម​គ្នា​ ដើ​ម្បី​ស្វែង​រក​ដំ​ណោះ​ស្រាយ​​​ប្រ​កប​ដោយ​​ស្ថា​បនា​»​។​

​លោក Yi បាន​ឲ្យ​ដឹង​ថា ​លោក​បាន​និ​យាយ​ទៅ​កាន់​​ក្រុម​ប្រ​ធាន​ធនា​គារ​កណ្ដាល​ និង​មន្ដ្រី​​ជាន់​ខ្ពស់​​ផ្សេង​ទៀត​​មក​ពី​​ប្រ​ទេស​មួយ​ចំ​នួន​ ក្នុង​គ្រា​ដែល​មាន​​សង្គ្រាម​ពន្ធ​នាំ​ចូល​តប​តគ្នា​រវាង​​អា​មេ​រិក និង​ចិន​ និង​ការ​ចោទ​ប្រកាន់​របស់​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ថា ​ប្រ​ទេស​ ចិន ​ កំ​ពុង​ជំ​រុញ​ឲ្យ​មាន​ការ​ទម្លាក់​តម្លៃ​​មិន​ស្មើ​ភាព​គ្នា​​នៃ​រូ​បិយ​ប័ណ្ណ​ប្រាក់​យន់​​របស់​ខ្លួន​ ដើ​ម្បី​បង្កើន​ការ​នាំ​ចេញ​។​

ការ​អត្ថា​ធិ​ប្បាយ​របស់​លោក​ ធ្វើ​ឡើង​​មួយ​ថ្ងៃ បន្ទាប់​ពី​​​មូល​និ​ធិ IMF បាន​ព្រ​មាន​ថា «ឱ​កាស​» ក្នុង​ការ​រក្សា​កំ​ណើន​សេដ្ឋ​កិច្ច​ពិ​ភព​លោក​​នៅ​លើ​ផ្លូវ​​ឆ្ពោះ​ទៅ​មុខ​​កំ​ពុង​រួម​តូច​ ដោយ​សារ​តែ​ជម្លោះ​អា​មេ​រិក និង​ចិន គំ​រាម​កំ​ហែង​​ឲ្យ​ឡើង​កម្តៅ ហើយ​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍន៍​ខ្លាំង​​ជួប​ប្រ​ទះ​ការ​ពិ​បាក​​ដោយ​សារ​អត្រា​ការ​ប្រាក់​អា​មេ​រិក​កាន់​តែ​ខ្ពស់។​

ភាព​តាន​តឹង​​បាន​កើន​ឡើង​ថ្មី​ៗ​នេះ ដោយ​សារ​តែ​រដ្ឋ​បាល​របស់​​លោក​ប្រ​ធា​នា​ធិប​តី​ ដូ​ណាល់ ត្រាំ ដាក់​ចេញ​វិ​ធាន​ការ​ហូត​ពន្ធ​នាំ​ចូល​តម្លៃ​​រាប់​ពាន់​លាន​ដុល្លារ​ ប្រ​ឆាំង​ប្រ​ទេស​​ ចិន​ ក្នុង​បំ​ណង​ដោះ​ស្រាយ​ឱន​ភាព​ពា​ណិជ្ជ​កម្ម​របស់​ខ្លួន​ និង​គ្រប់​គ្រង​លើ​អ្វី​ដែល​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ចាត់​ទុក​ថា​ ​ការ​អនុ​វត្ត​ពា​ណិជ្ជ​កម្ម​​របស់​ប្រ​ទេស ចិន ​មិន​អាច​ទទួល​យក​បាន​។​

​លោក Steven Mnuchin រដ្ឋ​មន្ដ្រី​ក្រ​សួង​​ហិ​រញ្ញ​វត្ថុ ដំ​បូង​ឡើយ​​បាន​​និ​យាយ​សម្រាល​​ការ​បារម្ភ​របស់​​ពិ​ភព​​លោក​ ដោយ​បាន​លើក​ឡើង​​​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ថា ពិ​ភព​លោក​នឹង​ទទួល​បាន​អត្ថ​ប្រ​យោជន៍ បើ​ទី​ក្រុង​ប៉េ​កាំង​ ត្រូវ​បាន​បង្ខំ​​ឲ្យ​ផ្លាស់​ប្តូរ​គោល​នយោ​បាយ​ពា​ណិជ្ជ​​កម្ម​របស់​​ខ្លួន​។​

ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា ​លោក​បាន​ប្រាប់​​លោក Yi នៅ​សប្ដាហ៍​នេះ​អំ​ពី​ការ​បារម្ភ​របស់​លោក​លើ​​ការ​ធ្លាក់​ថ្លៃ​​រូបិយ​ប័ណ្ណ​របស់​ចិន​។​

លោក Mnuchin បាន​បដិ​សេធ​​អត្ថា​​ធិ​ប្បាយ​អំ​ពី​ថា តើ​ទី​ក្រុង​វ៉ាស៊ី​ន​តោន​​នឹង​ប្រ​កាស​ថា ទី​ក្រុង​ប៉េ​កាំង​ជា «អ្នក​បំ​ប៉ោង​រូ​បិយ​ប័ណ្ណ​» ​ក្នុង​របាយ​ការណ៍​​របស់​ក្រ​សួង​ហិ​រញ្ញ​វត្ថុ​មួយ​ដែល​​នឹង​ចេញ​ផ្សាយ​នៅ​សប្ដាហ៍​​ក្រោយ​៕ AFP/LA