តូក្យូៈ ជន​បរ​ទេស ​ដែល​ទទួល​​បាន​សិទ្ធិ​រស់​នៅ​ថ្មី​ក្នុង​ប្រទេស​ ជប៉ុន ​ក្នុង​នាម​ជា​ពលករ​​មាន​ជំនាញ​ជាក់​លាក់​អាច​នឹង​ត្រូវ​បាន​ទទួល​យក​ជា​លើក​ដំបូង​​​​ពី​​បណ្ដា​ប្រទេស​​ ៨ ​ដែ​ល​រួម​ទាំង​វៀត​ណាម ​ហ្វីលី​ពីន ​និង​កម្ពុជា​។ ​នេះ​បើ​យោង​តាម​ប្រភព​ ដែល​បាន​ចុះ​ផ្សាយ​ដោយ​​សារ​ព័ត៌មាន​ The Japan News។​​

ប្រភព​នេះ​ឲ្យ​ដឹង​ថា​ ដើ​ម្បី​ទប់​ស្កាត់​ការ​កេង​​ប្រវ័ញ្ច​ដោយ​ឈ្នួញ​ កណ្ដាល​​មិន​ស្មោះ​ត្រង់​មួយ​ចំនួន​ រដ្ឋា​ភិបាល​​នឹង​​ស្វែង​រក​​ការ​ប្រើប្រាស់​​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ ដើម្បី​ពង្រឹង​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​ជា​មួយ​បណ្ដា​ប្រទេស​ដែល​បញ្ជូន​ពលករ​មក​ធ្វើ​ការ​ងារ​។​

កម្ម​វិធី​នេះ​សម្រាប់​កម្មករ​មាន​​ ជំនាញ​ជាក់​លាក់​ដែល​នឹង​​ចាប់​ ផ្ដើម​ដំណើរ​ការ​នៅ​ខែ​មេសា​ ត្រូវ​​ បាន​រំពឹង​ថា​ នឹង​ដាក់​បញ្ចូល​​កម្មករ​ប្រហែល​ពី​ ១២​០ ​០០​០ នាក់​​ ដល់​ ១៥០ ​០០០​ នាក់​ ដែល​​នឹង​ផ្ទេរ​ពី​​កម្មវិធី​ហាត់​ការ​បច្ចេក​វិទ្យា​​ ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​សារ​ពើ​ពន្ធ​ ២០១៩​។

ប៉ុន្តែ​ ក្នុង​អំឡុង​​ការ​ពិ​ភាក្សា​នៅ​ Diet លើ​ច្បាប់​ការ​គ្រប់​គ្រង​ ជន​អន្តោ​ប្រវេសន៍ ​និង​ការ​ទទួល ស្គាល់​ជន​ភៀស​ខ្លួន​ ដែល​បាន​កែ​ប្រែ​នៅ​ពេល​​ថ្មី​ៗ​ វា​​ត្រូវ​បាន​ចង្អុល​បង្ហាញ​ថា ​ឈ្មួញ​​កណ្ដាល​ ​មិន​ស្មោះ​ត្រង់​ ដែល​តម្រូវ​ឲ្យ​អ្នក​ដាក់​​ពាក្យ​សុំ​បង់​ប្រាក់​​កក់​មិន​សម​ស្រប​ ឬ​ប្រាក់​ផ្សេង​ទៀត​ មុន​ពេល​ត្រូវ​បាន​ជួល ​ដែល​បាន​បណ្ដា​ល​​ឲ្យ​មា​ន​បញ្ហា​ ​ដោយ​សារ​តែ​សិក្ខា​កាម​ចាក​ចេញ​ពី​ការ​ងារ​របស់​ពួក​គេ​។​

អា​ស្រ័យ​ហេតុ​នេះ​ មុន​ពេល​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រព័ន្ធ​ថ្មី​នេះ​ រដ្ឋា​ភិបាល​គ្រោង​នឹង​សម្រេច​​ឲ្យ​បាន​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ជា​មួយ​បណ្ដា​ប្រទេស​ទាំង​​​ ៨ ដែល​បញ្ជូន​​សិក្ខា​កាម​ជា​ច្រើន​​មក​ប្រទេស ជប៉ុន ដើម្បី​ការពារ​សិទ្ធិ​របស់​កម្មករ​។

ព័ត៌មាន​ជាប់​ទាក់​ទង​នឹង​ឈ្មួញ​ពុក​រលួយ​ និង​ការ​ស្នាក់ ​នៅ​ខុស​ច្បាប់​ នឹង​ត្រូវ​បាន​ចែ​ក​រំលែក រវាង​អាជ្ញាធរ​ស៊ើប​អង្កេត ​ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​ទាំង​នោះ​កា​ន់​តែ​​ងាយ​ស្រួល​​ក្នុង​ការ​ដោះ​ស្រា​យ​​​​។ ក្រៅ​ពី​នេះ​ ​ប្រទេ​ស​​ ៣ ដែល​បាន​លើក​ឡើង​ខាង​លើ​ ការចរ​ចា​​កំពុង​ដំណើរ​ការ​ទៅ​មុខ​ជា​មួយ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​​រួម​ទាំង​​ ចិន ឥណ្ឌូ​នេ​ស៊ី ថៃ និង​ ​មីយ៉ាន់​ម៉ា​។​​

នៅ​ក្នុង​កញ្ចប់​គោល​នយោបាយ​ដ៏​ទូលំ​ទូលាយ​មួយ​ស្ដីពី​ការ​រួម​រស់​ជា​មួយ​ជន​បរទេស​ ដែល​នឹង​​​ត្រូវ​បាន​ចង​ក្រង​​ឡើង​ត្រឹម​​ចុង​ឆ្នាំ​នេះ​ រដ្ឋា​ភិបាល​​គ្រោង​​នឹង​ដាក់​បញ្ចូល​កម្ម​វិធី​ជា​ច្រើន​ ដើម្បី​ធ្វើ​វា​ឲ្យ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ជន​បរ​ទេស​ ក្នុងការ​​បើក​គណនី​ធនាគារ​​។​

ការ​បើក​គណនី​ធនាគារ​នេះ​ដើម្បី​​ការ​ពារ​ការ​ទទួល​បាន​ប្រាក់​​ខែ​តិច​ជាង​​ប្រាក់​ឈ្នួល​អប្ប​បរ​​មា​ ខណៈ​កន្លង​មក​ ប្រាក់​​ខែ​របស់​ពួក​គេ​​ត្រូវ​បាន​បើក​​ប្រាក់​ខែ​ជា​សាច់​​ប្រាក់​សុទ្ធ​ បន្ទាប់​ពី​​មិន​អាច​បើក​គណនី​ធនាគារ​បាន​។​

រដ្ឋា​ភិបាល​ក៏​​កំពុង​ពិចារណា ​បញ្ចូល​​ផែន​ការ​នៅ​ក្នុង​កញ្ចប់​គោល​នយោ​បាយ​ សម្រាប់​ការ​បង្កើត​ការិយា​ល័យ​កណ្ដាល​ នៅ​ក្នុង​សង្កាត់​នី​មួយ​ៗ​ ដែល​ជន​បរទេស​អាច​ស្វែងរក​ជំនួយ​ជា​មួយ​បញ្ហា​ជាប់​ទាក់​ទង​នឹង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​៕​ LA