ក្រុង​ដាក្កាៈ ប្រទេស ​ជប៉ុន ​នឹង​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ប្រទេស ​បង់ក្លាដែស ​ស្តីពី​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ចំនួន ២,៥ ពាន់​លាន​ដុល្លារ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ប្រធានាធិបតី​បង់ក្លាដែស Sheikh Hasina ទៅ​កាន់​​ទីក្រុង​តូក្យូ​នៅ​ចុង​ខែ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន UNB របស់​បង់ក្លាដែស​បាន​រាយការណ៍​ថា លោក Hiroyasu Izumi ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ប្រទេស ​បង់ក្លាដែស ​បាន​ថ្លែង​នៅពេល​ជួប​ជាមួយ​លោកស្រី Hasina កាល​ពី​ថ្ងៃ​ចន្ទ​ថា ​បរិមាណ​ទឹក​ប្រាក់​​ក្នុង​កិច្ច​ព្រមព្រៀង ODA លើកទី​៤០ នេះ នឹង​ខ្ពស់​ជាង​បរិមាណ​កាល​ពី​ឆ្នាំ​មុន ៣៥ ភាគរយ។

លោក Izumi ក៏​បាន​ធានា​ផង​ដែរ​​ពី​ការ​គាំទ្រ​ជា​បន្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ចំពោះ​​​​បង់ក្លាដែស​ ​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​សម្រាប់​​​វិបុលភាព​សេដ្ឋកិច្ច។ នេះ​បើ​យោង​​តាម​លោក Ihsanul Karim លេខាធិការ​ផ្នែក​ព័ត៌មាន​របស់​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស ដែល​​បាន​ថ្លែង​ក្នុង​អំឡុង​សន្និសីទ​ខ្លី​មួយ​បន្ទាប់​ពី​ជំនួប​នេះ។

លោក​ឯកអគ្គ​រាជទូត​ជប៉ុន​បាន​ប្រាប់​លោកស្រី Hasina ថា លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិនហ្សូ អាបេ កំពុង​រង់ចាំ​ទទួល​​ស្វាគមន៍​លោកស្រី​ក្នុង​ប្រទេស ​ជប៉ុន ​ក្នុង​អំឡុង​ទស្សនកិច្ច​ដែល​​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

មន្ត្រី​មួយ​រូប​មក​ពី​ក្រសួង​ការ​បរទេស​របស់​ប្រទេស ​បង់ក្លាដែស ​បាន​ថ្លែង​ថា លោកស្រី​នាយក​រដ្ឋមន្ត្រី​នឹង​ចាកចេញ​ពី​បង់ក្លាដែស​ទៅ​កាន់​ប្រទេស ​ជប៉ុន ​​នៅ​ថ្ងៃ​ទី ២៨ ខែ ​ឧសភា។

ដោយ​សម្តែង​ការ​អបអរ​ដល់​លោកស្រី Hasina ​​សម្រាប់​ការ​​ឈ្នះ​ក្នុង​​ការ​បោះ​ឆ្នោត​សភា​ជាតិ​ជា​ថ្មី​ លោក Izumi បាន​បន្ថែម​ថា រយៈពេល​ ៥ ឆ្នាំ​បន្ទាប់​នឹង​ក្លាយ​ជា​ដំណាក់​កាល​សំខាន់​បំផុត​សម្រាប់​ប្រទេស ​បង់ក្លាដែស ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នឹង​ស្ទុះ​ងើប​ឡើង​ឆ្ពោះ​ទៅ​រក​កំណើន​បន្ថែម​ទៀត៕ AFP/KC