ក្រុង​តូ​ក្យូៈ ជប៉ុន​នៅ​ថ្ងៃ​ចន្ទ​នេះ​​នឹង​ប្រ​កាស​​ការ​បង្កើន​ពន្ធ​​លើ​ការ​លក់​រាយ​​​សម្រាប់​ឆ្នាំ​ ២០១៩ បន្ទាប់​ពី​​​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត​ ក្នុង​​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​​ដើម្បី​​ដោះស្រាយ​​បំ​ណុល​សា​ធារ​ណៈ​ដ៏​ច្រើន​របស់​ប្រ​ទេស​នេះ​។​ នេះ​បើ​​តាម​​សេច​ក្ដី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​អា​ទិត្យ​។

​ប្រ​ទេស​ដែល​​មាន​សេដ្ឋ​កិច្ច​ឈាន​មុខ​គេ​ទី​ ៣ ​របស់​ពិ​ភ​ព​លោក​មួយ​នេះ​ ​ជា​ប្រ​ទេស​មួយ​ក្នុង​ចំ​ណោម​ប្រ​ទេស​អ្នក​មាន​ជា​ច្រើន​ផ្សេង​ទៀត​​ដែល​មាន​អនុ​បាត​​​បំ​ណុល​ធៀប​នឹង​​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) ខ្ពស់​បំ​ផុត​។ ភាគ​ច្រើន​នៃ​បំ​ណុល​នេះ​ត្រូវ​បាន​កាន់​កាប់​ដោយ​វិ​និ​យោ​គិន​ក្នុង​ស្រុក​​ក្នុង​អត្រា​ការ​ប្រាក់​​ទាប ដែល​អាច​​ឲ្យ​ប្រ​ទេស​ ជប៉ុន គេច​ផុត​ពី​​​ការ​រង​ផល​ប៉ះ​ពាល់​ដូច​អ្វី​ដែល​​​ប្រ​ទេស​ ក្រិក បាន​ទទួល​រង។​

ក្រុម​អ្នក​រិះ​គន់​បាន​​ឲ្យ​ដឹង​ថា ​ការ​បង្កើន​ពន្ធ​លក់​រាយ​ពី ​​៨ ដល់​ ១០ ភាគ​រយ​​មាន​សារៈ​សំ​ខាន់​​​ចំ​ពោះ​​ហិ​រញ្ញ​ប្ប​ទាន​ដល់​ការ​ចំ​ណាយ​​លើ​សន្ដិ​សុខ​សង្គម​ដែល​កើន​ឡើង​ខ្លាំង​ ជា​ពិ​សេស​តម្លៃ​វេជ្ជ​សាស្ដ្រ​​នៅ​ក្នុង​សង្គម​ដែល​​មនុស្ស​ចាស់​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។​

​កា​សែត Yomiuri Shimbun និង​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ Jiji Press ​ដែល​លក់​ដាច់​ខ្លាំង​របស់​ជប៉ុន​​​​បាន​រាយ​ការណ៍​ថា លោក​​នា​យក​រដ្ឋ​មន្ដ្រី​ ស៊ីន​ហ្សូ ​អា​បេ នឹង​ប្រ​កាស​ការ​បង្កើន​ពន្ធ​លើ​ការ​លក់​​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​រដ្ឋ​មន្ដ្រី​​នៅ​ថ្ងៃ​ចន្ទ។

ការ​ដំ​ឡើង​ពន្ធ​នេះ​ ដែល​​ពី​មុន​​​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​តុ​លា​ឆ្នាំ ២០១៥ ត្រូវ​បាន​ផ្អាក​ ២ ​ដង ដោយ​សារ​​ការ​បា​រម្ភ​ថា វា​អាច​​រា​រាំង​ដល់​សេដ្ឋ​​កិច្ច​ដែល​ផុយ​ស្រួយ​នេះ​។​

​ការ​ដំ​ឡើង​ពន្ធ​ចុង​ក្រោយ​​កាល​ពី​ខែ​មេ​សា ឆ្នាំ ២០១៤ ត្រូវបាន​ស្ដី​បន្ទោស​ថា​បាន​​​​ជំ​រុញ​ឲ្យ​​ជប៉ុន​ធ្លាក់​ចូល​ក្នុង​ការ​ដើរ​ថយ​ក្រោយ​នៃ​​សេដ្ឋ​​កិច្ច​​​រយៈ​ពេល​ខ្លី។​

សេ​ច​ក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​លោក អា​បេ ​មាន​ទំ​នុក​ចិត្ត​ថា ដោយ​​មាន​ការ​​ឧបត្ថ​ម្ភ​ធន​រដ្ឋា​ភិ​បាល​ថ្មី​ ដែល​ចាប់​ផ្ដើម​​ដំ​ណើរ​ការ​ស្រប​គ្នា​ លោក​អាច​គេច​ផុត​ពី​ការ​ធ្លាក់​ចុះ​​ខ្លាំង​​នៃ​ការ​​ចំ​ណាយ​របស់​អតិ​ថិ​ជន​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​ បន្ទាប់​ពី​ការ​​ដំ​ឡើង​ពន្ធ​កាល​ពី​ឆ្នាំ​ ២០១៤។ ​​

ថ្មី​ៗ​នេះ​លោក​ អា​បេ បាន​ឲ្យ​ដឹង​ថា ​​ការ​បង្កើត​ប្រ​ព័ន្ធ​សន្ដិ​សុខ​សង្គម​របស់​ប្រ​ទេស​ដូច​ជា​ សោ​ធន​និ​វត្តន៍ និង​ការ​ធា​នា​រ៉ាប់​រង​សុខ​ភាព​ជាតិ និង​​វិ​ធាន​ការ​ផ្សេង​ៗ​ទៀត​គឺ​ជា «បញ្ហា​ប្រ​ឈម​​ធំ​បំ​ផុត​» នៅ​ចំ​ពោះ​មុខ និង​​បាន​សន្យា​ថា នឹង​ដោះ​ស្រាយ​​បញ្ហា​នេះ​៕ AFP/LA