ក្រុង​តូក្យូៈ ប្រទេស ​ជប៉ុន ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​រឹត​បន្តឹង​បទប្បញ្ញត្តិ​​លើ​ការ​នាំចេញ​​​​ទៅ​​​​កូរ៉េ​ខាង​ត្បូង​នូវ​​សារធាតុ​គីមី​មួយ​ចំនួន​ដែល​​​ប្រើប្រាស់​​​ក្នុង​បន្ទះឈីប និង​​ការ​​​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​ក្នុង​គ្រា​​ដែល​មាន​ជម្លោះ​​​ជាមួយ​ទីក្រុង​សេអ៊ូល​ជុំវិញ​​ពលកម្ម​​ដោយ​​បង្ខំ​នៅ​សម័យ​​សង្រ្គាម​។​

វិធានការ​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​​ថ្ងៃទី ​៤ ខែ​កក្កដា​ខាង​​មុខ​នេះ ធ្វើ​ឡើង​បន្ទាប់​​ពី​តុលាការ​​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​បាន​ចេញ​បញ្ជា​​ឲ្យ​​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​ត្រូវ​សង​ប្រាក់​ជំងឺ​ចិត្ត​ដល់​ប្រជាជន​​កូរ៉េ​ដែល​ត្រូវ​បាន​បង្ខំ​​​ឲ្យ​ធ្វើ​ពលកម្ម​នៅ​សម័យ​សង្គ្រាម​ ជា​បញ្ហា​មួយ​ដែល​ទីក្រុង​តូក្យូ​បាន​ឲ្យ​ដឹង​ថា ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​ហើយ​​នៅ​ពេល​​ប្រទេស​ទាំង​ ​២ ​​បាន​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​​ទំនាក់ទំនង​ការ​ទូត​ជា​ច្រើន​ទសវត្សរ៍​​មុន​។​

ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម (METI) ​ជប៉ុន​​បាន​ឲ្យ​ដឹង​​​​​​ក្នុង​ការ​ប្រកាស​មួយ​អំពី​​វិធានការ​នេះ​​​ថា៖ «​​ប្រព័ន្ធ​គ្រប់គ្រង​​ការ​នាំចេញ​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​​ផ្អែក​លើ​ទំនាក់ទំនង​នៃ​ការ​ទុក​ចិត្ត​​​អន្តរជាតិ​»។​

ក្រសួង METI បាន​ឲ្យ​ដឹង​ថា​៖ «​បន្ទាប់​ពី​មាន​ការ​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​ដោយ​បណ្ដា​​ក្រសួង​ពាក់​ព័ន្ធ វា​ត្រូវ​តែ​​និយាយ​ថា ទំនាក់ទំនង​នៃ​ទំនុក​ចិត្ត​រវាង​​ប្រទេស ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ ត្រូវ​បាន​ខូចខាត​យ៉ាង​ខ្លាំង​»។​

ការ​រឹត​បន្តឹង​ថ្មីៗ​នេះ​ចំពោះ​ការ​នាំចេញ​​ត្រូវ​បាន​អនុវត្ត​ចំពោះ​សារធាតុ​គីមី​ ៣ ព្រម​ទាំង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ផលិត ដោយ​ដក​ចេញ​សារធាតុ​គីមី​ និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​នេះ​ចេញ​ពី​​បញ្ជី​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​​ការ​នាំចេញ​ដោយ​រហ័ស​​ប្រកប​ដោយ​ប្រសិទ្ធភាព​។​

ប្រព័ន្ធ​ព័ត៌មាន​​ក្នុង​ស្រុក​បាន​រាយការណ៍​ថា វា​មាន​ន័យ​ថា​ក្រុមហ៊ុន​នាំចេញ​​នៅ​ពេល​នេះ​នឹង​ត្រូវ​តែ​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​សម្រាប់​​ក្រុម​ផលិតផល​នាំចេញ​នីមួយៗ​ដែល​ពួក​គេ​ចង់​នាំចេញ​​​​​ទៅ​​​កូរ៉េ​ខាង​​ត្បូង ពោល​គឺ​ជា​នីតិវិធី​មួយ​ដែល​ត្រូវ​ការ​ពេលវេលា​ប្រហែល​ ៩០ ​ថ្ងៃ​ ​ក្នុង​ការ​ដាក់​ពាក្យ​ម្តង​។​

ក្រសួង METI បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចាប់​ផ្ដើម​ការ​ដំណើរការ​​ស្នើសុំ​ការ​ផ្ដល់​យោបល់​ជា​សាធារណៈ​​លើ​ការ​ដក​​​​កូរ៉េ​ខាង​ត្បូង​ចេញ​​ពី​បញ្ជី​​​​ប្រទេស «​ពណ៌​ស» ដែល​ប្រឈម​នឹង​ការ​រឹត​បន្តឹង​​តិច​​បំផុត​​លើ​​ការ​ផ្ទេរ​បច្ចេកវិទ្យា​ដែល​​​ជាប់​ទាក់ទង​នឹង​សន្ដិសុខ​ជាតិ​។​

សារធាតុ​គីមី​ដែល​រង​ផល​ប៉ះពាល់​ដោយ​​វិធានការ​នេះ ​គឺ​​ហ្វុយ​អូរីដប៉ូលីមែ ដែល​ប្រើ​​ក្នុង​ការ​ផលិត​អេក្រង់ សារធាតុ​ទប់ទល់​នឹង​ប្រតិកម្ម​ពន្លឺ ដែល​ត្រូវ​បាន​ប្រើប្រាស់​​ក្នុង​ការ​​ផលិត​បន្ទះ​ឈីប និង​អ៊ីដ្រូសែន​ហ្វុយអូរីដ ដែល​​​​ប្រើប្រាស់​ដើម្បី​សម្អាត​បន្ទះ​ឈីប៕ AFP/LA