ក្រុង​ប៉េកាំងៈ តម្លៃ​សាច់​ជ្រូក​បាន​កើន​ឡើង​ខ្ពស់ និង​សត្វ​ជ្រូក​ជា​ច្រើន​ក្បាល​ត្រូវ​បាន​បំផ្លាញ​ចោល ខណៈ​ដែល​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​​​​ឧស្សាហកម្ម​កសិដ្ឋាន​​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​របស់​ប្រទេស ​ចិន ដែល​បង្ខំ​ឲ្យ​ប្រទេស​នេះ​បង្កើន​​ការ​នាំចូល​ដើម្បី​បំពេញ​តម្រូវការ​ ប៉ុន្តែ​ក្រុម​​អ្នក​វិភាគ​ព្រមាន​ថា ភាព​អាក្រក់​ខ្លាំង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ​។​

សត្វ​ជ្រូក​ជាង ​១,១ ​លាន​ក្បាល ​​ត្រូវ​បាន​សម្លាប់​​​ចោល​រហូត​មក​ដល់​ពេល​នេះ​ ខណៈ​ដែល​​​អាជ្ញាធរ​​​ប្រញាប់​ប្រញាល់​​ទប់​ស្កាត់​វីរុស​ ដែល​បាន​រីក​រាលដាល​ដល់​បណ្ដា​ប្រទេស​ជិត​​ខាង​ ចាប់​តាំង​ពី​​ករណី​ដំបូង​​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​សីហា ​ឆ្នាំ ​២០១៨ និង​មិន​មាន​ថ្នាំ​បង្ការ​រោគ​​នោះ​ទេ​។

ប៉ុន្តែ​តួលេខ​នេះ​ត្រូវ​បាន​គេ​ជឿជាក់​យ៉ាង​ទូលំទូលាយថា​​​នឹង​​មាន​កាន់​តែ​ខ្ពស់​ជាង​នេះ ខណៈ​​ដែល​ទិន្នន័យ​ផ្លូវ​ការ​បង្ហាញ​ថា ហ្វូង​ជ្រូក​របស់​ប្រទេស ​ចិន ​សរុប​មាន​ចំនួន ៣៤​៧,៦ លាន​ក្បាល ​នៅ​ឆមាស​ទី១ ​ឆ្នាំ​នេះ ដោយ​បាន​ធ្លាក់ចុះ ៦០ លាន​ក្បាល ធៀប​នឹង​រយៈពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន។ តម្លៃ​សាច់​ជ្រូក​​​​កើន​ឡើង​ ១ ភាគ ៥ ​គ្រាន់​តែ​ក្នុង​ខែ​មិថុនា។​

លោក​ Jan-Peter Van Ferneij ​ប្រធាន​​ទីផ្សារ​បរទេស​នៅ​​វិទ្យាស្ថាន​សាច់​ជ្រូក​បារាំង​​​ថ្លែង​ថា៖ «​ភាព​អាក្រក់​ខ្លាំង​​មិន​ទាន់​មក​ដល់​នោះ​ទេ»។

លោក​បន្ត​ថា៖ «​​នៅ​ពេល​នេះ​ ចំនួន​ (សត្វ​ជ្រូក) ​​កំពុង​ធ្លាក់​ចុះ។ បន្ទាប់​មក​វា​នឹងជា​ពេល​វេលា​ផលិត ​ហើយ​កា​ប្រើប្រាស់​​​នឹង​ធ្លាក់ចុះ​»។​

ប៉ុន្តែ​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្វ្រិក​ មិន​ប៉ះពាល់​ដល់​មនុស្ស​ទេ ហើយ​​ឈ្មួញ​សាច់​ជ្រូក​​កំពុង​ស្វែងរក​​ការ​ធានា​ជា​បន្ត​ដល់​អតិថិជន​ថា សាច់​របស់​ពួក​គេ​មាន​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​ដែល​ផលិត​ និង​បរិភោគ​សាច់​ជ្រូក​ច្រើន​ជាង​​ក្នុង​​​លើ​ពិភព​លោក​​មួយ​នេះ។​

ដោយ​ចង្អុល​ទៅ​កាន់​​​ត្រា​ដែល​​បោះ​ដោយ​​​អាជ្ញាធរ​សុខភាព​សត្វ​ អ្នក​លក់​មួយ​រូប​នៅ​ផ្សារ​ Sanyuanli នៅ​ទីក្រុង​ប៉េកាំង​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ​ថា សាច់​ជ្រូក​នេះ​មាន​សុវត្ថិភាព​។​

លោកស្រី​មាន​ប្រសាសន៍​ថា៖ «​នេះ​គឺ​ជា​ការ​បញ្ជាក់​ដែល​ភ្ជាប់​ជាមួយ​វា​»។​

ឈរ​នៅ​ចំពោះ​មុខ​ដុំ​សាច់​ជ្រូក​ដែល​កាប់​រួច និង​ឆ្អឹង​ជំនីរ អ្នកស្រី​ Feng Shuyue បាន​រំឭក​ថា ​ប្រជាជន​ «​បារម្ភ» ពី​ការ​ទិញ​សាច់​កាល​ពី​ឆ្នាំ​មុន នៅ​ពេល​ជំងឺ​ឆ្លង​រីក​រាលដាល​ទូទាំង​ប្រទេស។​

អ្នកស្រី​ Feng បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​ប្រជាជន​​មិន​បារម្ភ​ទាល់​តែ​សោះ ដោយសារ​​​ការ​​គ្រប់គ្រង (សុខភាព) តឹងរ៉ឹង​​ខ្លាំង»។

ដើម្បី​បំពេញ​តម្រូវការ ក្រុង​ប៉េកាំង​បាន​បង្កើន​ការ​នាំចូល​សាច់​ជ្រូក ដោយការ​នាំចូល​ពី​សហភាព​អឺរ៉ុប​បាន​​កើន​ឡើង ៣៧ ភាគរយ ​នៅ​ចន្លោះ​ពី​ខែ​មករា​​ដល់​ខែ​មេសា។ នេះ​បើ​យោង​តាម​តួលេខ​របស់​សហភាព​អឺរ៉ុប។

ប្រទេស ​ប្រេស៊ីល ក៏​បាន​ក្លាយ​ជា​​ប្រភព​នាំចូល​ជ្រូក​​ដ៏​ធំ​សម្រាប់​​ក្រុង​ប៉េកាំង​ផង​ដែរ។

លោក Jan-Peter Van Ferneij ដែល​តាមដាន​ទីផ្សារ​បរទេស​​ប្រចាំ​វិទ្យាស្ថាន​សាច់​ជ្រូក​​បារាំង​បាន​ថ្លែង​ថា ប្រទេស​ ​ចិន ​កំពុង​នាំចូល​តែ​សាច់​ជ្រូក​កក​​ប៉ុណ្ណោះ ហើយ​សាច់​ជ្រូក​កក​នេះ​គឺ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ទីក្រុង​ធំៗ។

ទន្ទឹម​នឹង​នេះ​ដែរ តម្លៃ​សាច់ជ្រូក​នឹង​កើន​ឡើង​រហូត​ដល់ ៤០ ភាគរយ ​​នៅ​រយៈពេល ៦ ខែ​បន្ទាប់។

អាជ្ញាធរ​បាន​ព្យាយាម​ធានា​ដល់​​សាធារណជន។

នៅ​ដើម​ខែ​នេះ មន្ត្រី​ក្រសួង​កសិកម្ម​ចិន​បាន​ឲ្យ​ដឹង​ថា ផលិតកម្ម​កំពុង​ស្ទុះ​ងើប​ឡើង​វិញ​យឺតៗ ដោយ​ក្នុង​រយៈពេល ៧ ខែ​ចុង​ក្រោយ​នេះ​ មាន​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​នេះ​ចំនួន ៤៤ ករណី ធៀប​នឹង ៩៩ ករណី ​ចាប់​ពី​ខែ​សីហា​ដល់​ខែ​ធ្នូ​កាល​ពី​ឆ្នាំ​មុន។

តែ​បញ្ហា​នេះ​មិន​ទាន់​បញ្ចប់​ទេ ដោយ​មាន​ការ​ផ្ទុះ​ករណី​មួយ​ផ្សេង​ទៀត​កាល​​ពី​សប្តាហ៍​មុន​នៅ​ខេត្ត​ស៊ីឈួន ដោយ​រក​ឃើញ​ជ្រូក ៣១ ក្បាល ​​មាន​ផ្ទុក​មេរោគ​នេះ៕​ AFP/LA​