ភ្នំពេញៈ ម្រេច​​មិន​មែន ​GI ​របស់​កម្ពុជា​ នៅ​តែ​ជម្នះ​ទៅ​នឹង​​តម្លៃ​ទាប​​ក្នុង​រយៈ​ពេល​ពេញ​ ១ ​ឆ្នាំ​នេះ ​ខណៈ​ ផ្ទៃ​ដី​ដាំ​ដុះ​​ត្រូវ​បាន​ព្យា​ករ​ថា​នឹង​ធ្លាក់​ចុះ​​នៅ​ឆ្នាំ​ក្រោយ​។ នេះ​បើ​យោង​តាម​​លោក ​យិន ​សុភា ​នា​យក​ប្រ​តិ​បត្តិ​ទទួល​​បន្ទុក​សហ​ករណ៍​អភិ​វឌ្ឍន៍​កសិ​កម្ម​ម្រេច​មេ​មត់​ដារ​។​

លោក​ថ្លែង​ថា ​តម្លៃ​ទី​ផ្សារ​ម្រេច​មិន​មែន​ GI​ ពេញ​ ១ ឆ្នាំ​ ២០១៨ នៅ​តែ​ស្ថិត​ក្រោម​​តម្លៃ​ដើម​​ផលិត​នៅ​ឡើយ ខណៈ​​វិ​ស័យ​នេះ​ត្រូវ​បាន​រំ​ពឹង​ថា​នឹង​​មិន​កើន​ឡើង​​ទេ​នៅ​ឆ្នាំ​ក្រោយ​។

លោក ​សុភា ​បាន​ឲ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​រដូវ​ប្រ​មូល​ផល រហូត​មក​ដល់​ពេល​នេះ​ តម្លៃ​បច្ចុ​ប្បន្ន​អា​ច​លក់​​ក្នុង​តម្លៃ​ ២,៦ ​ដុល្លារ​ក្នុង​ ១ ​គីឡូ​ក្រាម​។ ​លោក​បន្ត​ថា​៖ «​តម្លៃ​នេះ​មិន​​អាច​ផ្ដល់​អត្ថ​ប្រ​យោជន៍​សម្រាប់​កសិករ​​នោះ​ទេ ​ហើយ​កំ​ណើន​ការ​ដាំ​ដុះ​នឹង​មិន​កើន​ឡើង​ទៀត​ទេ​»​។​

គិត​ត្រឹម​ឆ្នាំ ២០១៦​ កម្ពុជា​​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ម្រេច​ ៥,០០០​ ហិក​តា​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​បាន​ពី​ក្រ​សួង​កសិ​កម្ម ក្នុង​នោះ​ការ​នាំ​ចេញ​ម្រេច​របស់​កម្ពុជា​​កើន​ឡើង​​ពី​ ១ ០៥​០ តោន​​កាល​ពី​ឆ្នាំ ២០១៦​ ដល់ ២ ៦៩​៨ តោន​​កាល​​ពី​ឆ្នាំ ២០១៧​។​

រដ្ឋា​ភិ​បាល​បាន​បង្កើត​សហ​ព័ន្ធ​ថ្មី​មួយ​ សម្រាប់​ឧស្សា​ហ​កម្ម​ម្រេច​​កម្ពុជា ដើ​ម្បី​លើក​កម្ពស់​ទី​ផ្សារ ​និង​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​​នៅ​ក្នុង​វិ​ស័យ​នេះ។ សហ​ព័ន្ធ​ម្រេច​​កម្ពុជា ​ត្រូវ​បាន​បង្កើត​ឡើង​រួម​គ្នា​​កាល​ពី​ខែ​មុន ​ដោយ​​ក្រ​សួង​ពា​ណិជ្ជ​កម្ម​ និង​ក្រ​សួង​កសិ​កម្ម​ រុក្ខា​ប្រ​មាញ់ និង​នេ​សាទ​។​

ស​ហ​ព័ន្ធ​នេះ​នឹង​ធ្វើ​ការ​ដើ​ម្បី​លើក​កម្ព​​ស់​​តម្លៃ​ម្រេច និង​ស្វែង​រក​ទី​ផ្សារ​ថ្មី ពិ​សេស​ម្រេច​មិន​មែន​ GI និង​កសិ​ករ​។

លោក ​សុង ​សា​រ៉ន ​អគ្គ​នា​យក​​ក្រុម​ហ៊ុន​ Amru ​Rice Cambodia​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រ​ធាន​សហ​ព័ន្ធ​នេះ បាន​ឲ្យ​ដឹង​ថា ​សហ​ព័ន្ធ​នេះ​កំ​ពុង​ស្វែង​រក​ជំ​នួយ​ឧប​ត្ថម្ភ​បច្ចេក​ទេស​ដើ​ម្បី​ដោះ​ស្រាយ​​បញ្ហា​ដ៏​សំ​ខាន់​។​

លោក​ថ្លែង​ថា​៖ «​យើង​​មិន​មាន​ព័ត៌​មាន​បច្ចុ​ប្បន្ន​ភាព​អំ​ពី​តម្លៃ​ម្រេច​នៅ​ឡើយ​ទេ​ ពេល​នេះ​យើង​កំ​ពុ​ង​ស្វែង​រក​ជំ​នួយ​​បច្ចេក​ទេស ​ដើ​ម្បី​គាំទ្រ​​​សហ​ព័ន្ធ​​»​។

លោក​បន្ត​ថា​​៖«​យើ​ង​នឹង​​ដោះ​ស្រាយ​រាល់​បញ្ហា​សំខា​ន់​ៗ​ ដែ​ល​​កើត​ឡើង​ពេល​នេះ​ និង​វិ​ធាន​ការ​បន្ថែម​ទៀត​»​។​

លោក វ៉ន សាវឿន ​កសិ​ករ​ម្រេច​នៅ​ស្រុក​មេ​មត់ ​​ដែល​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ម្រេច​ ៥ ​ហិក​តា បាន​ឲ្យ​ដឹង​ថា​ លោក​ហាក់​មិន​សង្ឃឹម​ថា តម្លៃ​ម្រេច​កើន​ឡើង​នោះ​ទេ​ ដោយ​សារ​​​ម្រេច​នៅ​តែ​ពឹង​ផ្អែក​លើ​ឈ្មួញ​កណ្តាល។ ​

លោក​ថ្លែង​​ថា​៖ «​កសិ​ករ​ភាគ​ច្រើន​​នៅ​ទី​នេះ​ស្ទើរ​​​តែ​បោះបង់​ចម្ការ​ម្រេច​​របស់​ពួក​គេ ដោយ​​សា​រ​តែ​ពួក​គេ​មិន​​អាច​សង​បំ​ណុល​​បាន​​»៕​LA