ក្រុង​បូ​ស្តុនៈ តម្រូវ​ការ​មាស​​នៅ​ទូ​ទាំង​ពិ​ភព​លោក​បាន​កើន​ឡើ​ង​តិច​តួច​នៅ​ត្រី​មាស​ទី ៣ ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ខណៈ​​ដែល​កំ​ណើន​ទិញ​ពី​ធនា​គារ​​កណ្តាល​របស់​ប្រ​ទេស​នា​នា និង​អ​តិ​ថិ​ជន​លក់​រាយ បាន​ជួយ​រក្សា​តុល្យ​ភាព​លំ​ហូរ​ចេញ​ដ៏​ច្រើន​ពី​មូល​និ​ធិ​វិ​និ​យោគ​ដែល​ជួញ​ដូរ​​តាម​ផ្សារ​ហ៊ុន (ETF)។ នេះ​បើ​យោង​តាម​ Reuters។

ទី​ភ្នាក់​ងារ​ព័ត៌​មាន Reuters បាន​រាយ​ការណ៍​ដោយ​ដក​ស្រង់​របាយ​ការណ៍​និ​ន្នា​ការ​តម្រូវ​ការ​មាស​ប្រ​ចាំ​ត្រី​មាស​ចុង​ក្រោយ​របស់​​ក្រុម​ប្រឹ​ក្សា​មាស​ពិ​ភព​លោក (WGC) កាល​ពី​ចុង​សប្តាហ៍​មុន​ថា តម្រូវ​ការ​មាស​មាន​ចំ​នួន​សរុប ៩៦៤,៣ តោន​នៅ​ត្រី​មាស​ទី ៣ ឆ្នាំ​នេះ ដោយ​កើន​ឡើង​​ពី ៩៥៨,១ តោន​ ​កាល​ពី​ត្រី​មាស​ទី ៣ ឆ្នាំ​ ២០១៧។ បើ​ទោះ​បី​ជា​មាន​កំ​ណើន​តម្រូវ​ការ​ក្តី ក៏​វា​ជា​​តម្រូវ​ការ​ប្រ​ចាំ​ ៣ ត្រី​មាស​ជាប់​គ្នា​ដែល​មាន​ប​រិ​មាណ​ក្រោម ១,០០០ តោន។

ការ​ប្រើ​ប្រាស់​មាស​នៅ​ក្នុង​រយៈ​ពេល ៩ ខែ​ក្នុង​ឆ្នាំ​នេះ មាន​កម្រិត​ទាប​បំ​ផុត​គិត​ចាប់​​ពី​ឆ្នាំ​ ២០០៩ មក។ នេះ​បើ​យោង​តាម​ ក្រុម​ប្រឹ​ក្សា​ WGC។

តម្រូវ​ការ​មាស​ដុំ និង​កាស​មាស​បាន​កើន​ឡើង ២៨ ភាគ​រយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដល់ ២៩៨,១ តោន​នៅ​ត្រី​មាស​ទី ៣​។

ការ​ប្រើ​ប្រាស់​មាស​សម្រាប់​ផលិត​គ្រឿង​អល​ង្ការ​បាន​កើន​ឡើង ៦ ភាគ​រយ​ធៀ​ប​នឹង​ឆ្នាំ​មុន ដល់ ៥៣៥,៧ តោន ដែល​ជា​កម្រិត​ខ្ពស់​បំ​ផុត​គិត​ចាប់​ពី​ត្រី​មាស​ទី ៤ ឆ្នាំ​ ២០១៧ មក។

នៅ​ឥណ្ឌា និង​ចិន ដែល​ជា​អ្នក​ទិញ​មាស​ច្រើន​បំ​ផុត តម្រូវ​ការ​បាន​កើន​ឡើង ១០ ភាគ​រយ ដល់ ១៤៨,៨ តោន​នៅ​ឥណ្ឌា និង ១៧៤,២ តោន​នៅ​ចិន។

លោក Alistair Hewitt ប្រ​ធាន​ផ្នែក​​ទី​ផ្សារ​របស់​ WGC ថ្លែង​ថា WGC រំ​ពឹង​ថា តម្រូវ​ការ​សរុប​​នៅ​ឆ្នាំ​នេះ​នឹង​មាន​ចំ​នួន ៧០០ ទៅ ៨០០ តោន​នៅ​ឥណ្ឌា និង​​ពី ៩០០ ទៅ ១,០០០ តោន​នៅ​​ចិន។

WGC ឲ្យ​ដឹង​ទៀត​ថា ធនា​គារ​កណ្តាល​របស់​ប្រ​ទេស​នា​នា​បាន​ទិញ​មាស​ចំ​នួន ១៤៩,៤ តោន​នៅ​ត្រី​មាស​ទី ៣ ដែល​ជា​បរិ​មាណ​ច្រើន​បំ​ផុត​បើ​ធៀប​នឹង​ត្រី​មាស​នា​នា​គិត​ចាប់​ពី​ឆ្នាំ​ ២០១៥ មក។

រុស្ស៊ី កា​ហ្សាក់​ស្ថាន និង​តួក​គី​​បន្ត​បង្កើន​មាស​បម្រុង​របស់​ខ្លួន ខណៈ​​ឥណ្ឌា​បង្កើន​ការ​ទិញ​មាស ហើយ​​​ ប៉ូ​ឡូញ និង​ហុង​គ្រី​បាន​ចាប់​ផ្តើម​ទិញ​ទុក​ផង​ដែរ៕ KC