ភ្នំពេញៈ តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា បាន​កើនឡើង​ជាង ២០ ភាគរយ​ គិត​ចាប់​តាំង​ពី​ដើម​ខែ​មករា មក​ដល់​នឹង​ចុង​ខែ​ មេសា ឆ្នាំ ២០១៩ នេះ។ នេះ​បើ​យោង​តាម​តារាង​បម្រែបម្រួល​តម្លៃ​ប្រេង​ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម។

ការកើនឡើង​តម្លៃ​ប្រេង​នៅ​កម្ពុជា​ក្នុង​រយៈពេល​នេះ​ធ្វើឡើង​តាម​បម្រែ​បម្រួល​នៃ​ទីផ្សារ​ប្រេង​អន្តរជាតិ។

យោងតាម​តារាង​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ដែល​ធ្វើឡើង ២ ដង​ក្នុង ១ ខែ របស់​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​ថា តម្លៃ​ប្រេង​សាំង​ធម្មតា​កើន​ជាង ២០ ភាគរយ​គិត​ចាប់​តាំង​ពី​ដើម​ខែ​មករា មក​ដល់​ចុង​ខែ ​មេសា គឺ​កើន​ពី ៣ ២០០ រៀល​ក្នុង​មួយ​លីត្រ ដល់​តម្លៃ ៣ ៨៥០ រៀល ខណៈ​តម្លៃ​ប្រេង​ម៉ាស៊ូត​បាន​កើន​ឡើង​ជាង ១២ ភាគរយ។

សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ពាណិ​ជ្ជ​កម្ម កាលពី​ថ្ងៃទី ១៧ ខែ ​មេសា ស្តីពី​តារាង​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​នៅ​កម្ពុជា បង្ហាញ​ថា ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់ ៣០ ខែ ​មេសា ឆ្នាំ ២០១៩ ប្រេង​សាំង​ធម្មតា ត្រូវ​លក់​តម្លៃ ៣ ៨៥០ រៀល​ក្នុង ១ លីត្រ និង​ប្រេង​ម៉ាស៊ូត លក់​ក្នុង​តម្លៃ ៣ ៦០០ រៀល​ក្នុង ១ លីត្រ។

បើ​ធៀប​ទៅនឹង​ដើមខែ​មេសា តម្លៃ​ប្រេងសាំង​ធម្មតា​បាន​បន្ត​កើន​ឡើង ១០០ រៀល​បន្ថែម​ទៀត ខណៈ​ប្រេង​ម៉ាស៊ូត​កើន ៥០ រៀល។ សាំង​ស៊ូពែរ មិន​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​តារាង​កំណត់​តម្លៃ​របស់​ក្រសួង​ទេ។

ស​ន្ទ​ស្សន៍​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​កាលពី​ថ្ងៃ​ចន្ទ បាន​បង្ហាញ​ថា ដោយសារ​សហរដ្ឋ​អាមេរិក​ប្រកាស​ថា នឹង​ឈប់​ផ្ដល់​ការ​លើក​លែង​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​ប្រទេស​ណា ដែល​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​ទៀត​នោះ បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ប្រភេទ West Texas Intermediate ដែល​ជា​តម្លៃ​ប្រេង​គោល​អាមេរិក​បញ្ចប់​ការ​ជួញដូរ​ក្នុង​តម្លៃ ៦៥,៧០ ដុល្លារ​ក្នុង ១ បារ៉ែល កើន​ឡើង ២,៧ ភាគរយ ខណៈ​ប្រេង​ឆៅ​ប្រភេទ Brent កើន ២,០៧ ដុល្លារ ដល់ ៧៤,០៤ ដុល្លារ​ក្នុង ១ បារ៉ែល។

កម្ពុជា​រំពឹងថា នឹង​អាច​ទាញយក​ដំណក់​ប្រេង​ជា​លើកដំបូង​របស់ខ្លួន​នៅ​ចុង​ឆ្នាំ ២០១៩ នេះ​ក្រោម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន KrisEnergy។

រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី ៥ ខែមេសា​នេះ ក៏បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី «ការ​គ្រប់គ្រង​ប្រេង​កាត និង​ផលិតផល​ប្រេង​កាត» ដែល​សេចក្តី​ព្រាង​នេះ​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេង​កាត​ប្រកប​ដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​សម្រាប់​រួមចំ​ណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា៕