ក្រុង​ញូវយ៉កៈ តម្លៃ​ភាគហ៊ុនរបស់​ក្រុមហ៊ុន Apple បាន​ធ្លាក់ចុះ​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ ​បានចេញ​ផ្សាយ​ទិន្នន័យ​ប្រាក់ចំណេញ​ប្រចាំ​ត្រីមាសខ្ពស់ ប៉ុន្តែ​ការ​លក់​ទូរស័ព្ទ iPhone មាន​ទាប​ជាង​ការ​រំពឹង​ទុក និង​មានចក្ខុវិស័យ​ដ៏​គួរ​ឲ្យ​ខក​ចិត្ត​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​កាយ​នា​ពេលខាង​មុខ​នេះ។

ភាគហ៊ុន​របស់​ក្រុមហ៊ុនបច្ចេក​វិទ្យា​មួយ​នេះ​ បាន​ធ្លាក់ថ្លៃ ៦,៦ ភាគរយ​ដោយ​បិទការ​ជួញដូរ​ក្នុងតម្លៃ ២០៧,៤៨ ដុល្លារ​ក្នុងមួយ​ហ៊ុន។ ​តម្លៃនេះ បានធ្វើ​ឲ្យ​ក្រុមហ៊ុន Apple មាន​មូល​ធនីយកម្ម​ទីផ្សារ​ចំនួន ១ ពាន់​ពាន់​លាន​ដុល្លារ បន្ទាប់ពី​ធ្លាក់ចុះ​ក្រោម​តម្លៃ​នេះ​មួយ​រយៈ​ក្រោយ​​​ពីបាន​កើនឡើង​ដល់​កម្រិត​នេះ​កាលពីខែ​សីហា។

ក្រុមហ៊ុន Apple បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណេញសុទ្ធ​ បាន​កើនឡើង ៣២ ភាគរយ​ដល់ ១៤,១៣ ពាន់​លាន​ដុល្លារ​លើ​ប្រាក់ចំណូល​ដែល​បានកើនឡើង ២០ ភាគរយ​ដល់ ៦២,៩ ពាន់​លាន​ដុល្លារ ដោយ​ទទួល​បាន​ពី​កំណើន​លក់​មាតិកា​ និង​សេវា​ឌីជីថលទៅ​កាន់អ្នក​ប្រើ​ប្រាស់ និង​ឧបករណ៍​អេឡិច​ត្រូនិក​របស់ Apple ផ្សេង​ទៀត។

ទោះជា​យ៉ាងណា ទីផ្សារ​មាន​ការ​ខក​ចិត្ត​ដែល​ក្រុមហ៊ុន Apple ទទួលបានលទ្ធផល​ទាប​ជាង​ការ​​រំពឹង​ទុក ដោយការលក់​ទូរស័ព្ទ iPhone មានចំនួនតែ ៤៦,៩ លានគ្រឿង និងការ​ព្យាករពី​រដូវ​វិស្សមកាល​ដ៏សំខាន់​មួយ​ដែល​ថា​ ក្រុមហ៊ុននេះ​នឹង​មិន​ទទួលបានលទ្ធផល​លក់​ល្អ​ដូច​ការ​រំពឹកទុក​កន្លង​មក​នោះទេ៕ AFP/KC