ហុងកុង: តម្លៃផ្សារហ៊ុនអាស៊ីភាគច្រើនបានកើនឡើងកាលពីថ្ងៃចន្ទ ដោយសារតែពាណិជ្ជករកំពុងផ្តោតទៅរកកិច្ចប្រជុំដ៏សំខាន់មួយរបស់ធនាគារ កណ្តាលអាមេរិក និងសន្និសីទការបង្កើតគោលនយោបាយរបស់ប្រទេស ចិន នៅសប្ដាហ៍នេះ។
ប៉ុន្តែនៅតែមានការប្រុងប្រយ័ត្នលើការជួញដូរភាគហ៊ុន បន្ទាប់ពីការលក់ ចេញយ៉ាងច្រើនកាលពីថ្ងៃសុក្រ ដែលបានជំរុញដោយការបារម្ភលើសេដ្ឋកិច្ចរបស់ប្រទេស ចិន ទោះបីជាការសរសេរលើទំព័រ Twitter មួយរបស់ លោក ដូណាល់ ត្រាំ បានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ អាចត្រូវសម្រេចបានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងក៏ដោយ។
ខណៈមានសញ្ញាជាច្រើនថា ប្រទេសមានសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកទាំង ២ នេះកំពុងចាប់ផ្ដើមដំណើរការឆ្ពោះទៅរកដំណោះស្រាយមួយនៅក្នុងជម្លោះពន្ធនាំចូលដ៏ជូរចត់របស់ពួកគេ ក៏មានការបារម្ភខ្លាំងឡើងៗអំពីចក្ខុវិស័យពិភពលោកបន្ទាប់ពីការកំណត់សូចនាករយ៉ាងរឹងមាំពីប្រទេស ចិន។
តួលេខមួយចំនួនដែលទាបជាងការរំពឹងទុកនៅឆ្នាំនេះ បានបង្ហាញ ការធ្លាក់ចុះនៅផ្សារហ៊ុនឈានមុខគេនៅអាស៊ីមួយនេះ ហើយក្រុមអ្នកអង្កេតកំពុងព្យាករថា មេដឹកនាំនឹងបង្ហាញវិធានការថ្មីៗ ដើម្បីគាំទ្រសេដ្ឋកិច្ច ដែលស្ថិតលើដំណើរចុះខ្សោយរយៈពេល ១ ឆ្នាំមកនេះ។
សុន្ទរកថាមួយរបស់លោកប្រធានាធិបតី ស៊ី ជីនភីង នៅថ្ងៃអង្គារ ដើម្បីប្រារព្ធខួប ៤០ ឆ្នាំនៃការចាប់សេដ្ឋកិច្ចបើកចំហរបស់ប្រទេស ចិន និងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដែលគេរំពឹងថា នឹងត្រូវធ្វើបន្ទាប់ពីការចាប់ផ្ដើមសន្និសីទផែនការសេដ្ឋកិច្ចឆ្នាំ ២០១៩។
លោក Stephen Innes ប្រធានទទួលបន្ទុកពាណិជ្ជកម្មអាស៊ី និងប៉ាស៊ីហ្វិកនៅក្រុមហ៊ុន OANDA បានថ្លែងថា៖ «យើងគួរតែរំពឹងថា នឹងមានវិធានការលើកទឹកចិត្តជាច្រើនពីអ្នកធ្វើគោលនយោបាយរបស់ប្រទេស ចិន ក្នុងការប៉ុនប៉ងដើម្បីធ្វើឲ្យមានស្ថិរភាពសេដ្ឋកិច្ចក្នុងប្រទេស ចិន»។
ធនាគារកណ្ដាលអាមេរិក នឹងបញ្ចប់កិច្ចប្រជុំគោលនយោបាយកំណត់អត្រាការប្រាក់របស់ខ្លួននៅថ្ងៃពុធ ខណៈរំពឹងថានឹងមានការបង្កើនអត្រាការប្រាក់ ហើយការអត្ថាធិប្បាយពីលោកប្រធាន Jerome Powell នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់សម្រាប់គំនិតមួយនៃផែនការរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩៕ AFP/LA