ក្រុង​វ៉ា​ស៊ីន​តោនៈ តុលា​ការ​ចិន​ បាន​បញ្ជា​​ឲ្យ​ហាម​ឃាត់​ការ​លក់​ទូរ​ស័ព្ទ iPhone ក្នុង​​ប្រ​ទេស​ ចិន ​​ក្នុង​ជម្លោះ​ប៉ា​តង់​មួយ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ហ៊ុន​ផលិត​​បន្ទះ​ឈីប​អា​មេ​រិក Qualcomm កាល​ពី​ថ្ងៃ​ចន្ទ ។

សេច​ក្តី​ថ្លែង​ការណ៍​មួយ​របស់​ក្រុម​ហ៊ុន Qualcomm បាន​ឲ្យ​ដឹង​ថា តុលា​ការ​ក្រុង​ហ៊្វូ​ចូវ បាន​ផ្តល់​សំ​ណើ​រ​បស់​ខ្លួន​សម្រាប់​អធិ​បញ្ជា​បឋម​ចំ​នួន ២ ប្រ​ឆាំ​ង​នឹង​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន Apple ចំ​នួន ៤ ដោយ​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នេះ​បញ្ឈប់​ភ្លាម​ៗ​នូវ​ការ​លក់​ទូរ​ស័ព្ទ iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X។

ការ​ហាម​ឃាត់​ពី​តុលា​ការ​នេះ ជា​ការ​វិ​វឌ្ឍ​​ចុង​ក្រោយ​បំ​ផុត​មួយ​ក្នុង​ជម្លោះ​រយៈ​ពេល​​វែង​​មួយ​ជុំវិញ​ករណី​ប៉ា​តង់ និង​សួយ​សារ​រវាង​ក្រុម​ហ៊ុន​បច្ចេក​វិ​ទ្យា​ដ៏​ធំ​ទាំង​ ២ ​​ដែល​មាន​មូល​ដ្ឋាន​នៅ​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា។

លោក Don Rosenberg អនុ​ប្រ​ធាន​ប្រតិ​បត្តិ​ និង​ជា​អ្នក​ផ្តល់​ប្រឹ​ក្សា​ទូ​ទៅ​របស់​ក្រុម​ហ៊ុន Qualcomm បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ក្រុមហ៊ុន Apple បន្ត​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ពី​កម្ម​សិទ្ធិ​បញ្ញា​​របស់​យើង ខណៈ​​ដែល​បដិ​សេធ​ផ្តល់​សំ​ណង​ដល់​យើង។

ដីកា​បង្គាប់​របស់​តុលា​ការ​ទាំង​នេះ​គឺ​ជា​ការ​បញ្ជាក់​អះ​អាង​បន្ថែម​ទៀត​ពី​កម្លាំង​​នៃ​ផល​បត្រ​ប៉ា​តង់​ដ៏​ច្រើន​របស់​ក្រុម​ហ៊ុន Qualcomm»។

ក្រុម​ហ៊ុន Qualcomm បាន​ឲ្យ​ដឹង​ថា ករណី​នៅ​ប្រ​ទេស​ ចិន មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មូល​ដ្ឋាន​ប៉ា​តង់ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​កែ​សម្រួល និង​កែ​ប្រែ​ទំ​ហំ​ និង​រូប​រាង​​រូប​ថត ព្រម​ទាំង​គ្រប់​គ្រង​កម្ម​វិធី​នា​នា​ដោយ​ប្រើ​ប្រាស់​ការ​អេ​ក្រង់​ថាច់។

សេច​ក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ហ៊ុន Apple បាន​ហៅ​កិច្ច​ប្រឹង​ប្រែង​របស់​ក្រុម​ហ៊ុន Qualcomm ថា ជា​ «វិ​ធាន​ការ​ដ៏​អស់​សង្ឃឹម​មួយ​ដោយ​ក្រុម​ហ៊ុន​​ ដែល​ការ​អនុ​វត្ត​ខុស​ច្បាប់​របស់​ខ្លួន​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ដោយ​និ​យត​ករ​​នៅ​ជុំ​វិញ​ពិ​ភព​លោក»។

ក្រុម​ហ៊ុន Apple បាន​បន្ថែម​ថា ក្រុម​ហ៊ុន Qualcomm «កំ​ពុង​លើក​ឡើង​ពី​ប៉ា​តង់​ចំ​នួន ៣ ដែល​ពួក​គេ​មិន​ធ្លាប់​បាន​លើក​ឡើង​ពី​មុន រួម​ទាំង​ប៉ា​តង់​មួយ​ដែល​មិន​មាន​សុ​ពល​ភាព​រួច​ទៅ​ហើយ»។

ក្រុម​ហ៊ុន Apple បាន​ឲ្យ​ដឹង​ទៀត​ថា «ទូរ​ស័ព្ទ​ iPhone គ្រប់​ម៉ូ​ដែល​ នៅ​តែ​អាច​រក​បាន​សម្រាប់​​អ​តិ​ថិ​ជន​របស់​យើង​​នៅ​ប្រ​ទេស​ ចិន ។ យើង​នឹង​ស្វែង​រក​ជម្រើស​ស្រប​ច្បាប់​ទាំង​អស់​របស់​យើង​តាម​រយៈ​តុ​លា​ការ» ៕ AFP/KC