ក្រុងឡុងដ៍ៈ ចៅក្រមចក្រភពអង់គ្លេសកាលពីចុងសប្តាហ៍មុនបានផ្តល់ភ្លើងខៀវដល់ក្រុមហ៊ុនឯកជនតូចមួយឲ្យរឹបអូសទ្រព្យតម្លៃ ៩ ពាន់លានដុល្លារ ពីរដ្ឋាភិបាលនីហ្សេរីយ៉ា ដោយសារការបរាជ័យអនុវត្តកិច្ចព្រមព្រៀងឧស្ម័នធម្មជាតិ។
ក្រុមហ៊ុន Process and Industrial Developments Limited (P&ID) ដែលត្រូវបានសារព័ត៌មានរាយការណ៍យ៉ាងទូលំទូលាយថា ត្រូវបានចុះបញ្ជីនៅកោះ British Virgin ដែលជាដែនដីអង់គ្លេសត្រូវបានបង្កើតឡើងដោយដៃគូធុរជនជនជាតិអៀរឡង់ ២ នាក់ក្នុងគោលបំណងអនុវត្តកិច្ចព្រមព្រៀងឆ្នាំ ២០១០ ជាមួយរដ្ឋាភិបាលនីហ្សេរីយ៉ា។
កិច្ចព្រមព្រៀងដែលមានរយៈពេល ២០ ឆ្នាំនេះនឹងមើលឃើញថាក្រុមហ៊ុន P&ID «សាងសង់រោងចក្រកែច្នៃឧស្ម័នបច្ចេកវិទ្យាខ្ពស់មួយ ដើម្បីចម្រាញ់ឧស្ម័នធម្មជាតិដែលប្រទេសនីហ្សេរីយ៉ានឹងទទួលបានថាមពលសម្រាប់បណ្តាញថាមពលថ្នាក់ជាតិរបស់ខ្លួនដោយឥតគិតថ្លៃ»។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន P&ID។
ឯកសាររបស់តុលាការក្រុងឡុងដ៍ដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា កិច្ចព្រមព្រៀងនេះបានបរាជ័យអនុវត្តក្នុងឆ្នាំ ២០១២។
តុលាការមជ្ឈត្តការអង់គ្លេសបានចេញសាលក្រមផ្តល់ ៦,៦ ពាន់លានដុល្លារ ជាថ្លៃសំណងខូចខាតនៅឆ្នាំ ២០១៧ ដល់ក្រុមហ៊ុន P&ID។ តែ P&ID ថា ការប្រាក់បង្គរបានធ្វើឲ្យទឹកប្រាក់នេះកើនដល់ជាង ៩ ពាន់លានដុល្លារ។
ក្រុមការងារផ្នែកច្បាប់របស់រដ្ឋាភិបាលនីហ្សេរីយ៉ាបានជំទាស់ថា តុលាការអង់គ្លេសគ្មានយុត្តាធិការដោះស្រាយជម្លោះនេះឡើយ៕ KC