ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​សៅរ៍​បាន​គំរាម​ដក​ប្រទេស​កាណាដា​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង (NAFTA) ដែល​ទើប​នឹង​សម្រេច​បាន​ថ្មី​មួយ បន្ទាប់ពី​ការចរចា​ដើម្បី​កែប្រែ​កិច្ចព្រមព្រៀង​នេះ​បាន​បញ្ចប់​ដោយ​គ្មាន​ការព្រមព្រៀង​។

លោក ត្រាំ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា​៖ «​មិន​មាន​ភាព​ចាំបាច់​ផ្នែក​នយោបាយ​ដើម្បី​រក្សា​ប្រទេស​កាណាដា​នៅ​ក្នុង​កិច្ចព្រមព្រៀង NAFTA ថ្មី​ទេ​។ ប្រសិន​បើ​យើង​មិន​បង្កើត​កិច្ចព្រមព្រៀង​ដោយ​ស្មើភាព​មួយ​សម្រាប់​អាមេរិក បន្ទាប់ពី​ទទួល​រង​ការរំលោភបំពាន​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​នោះ កាណាដា​នឹង​ចាកចេញ​»​។

លោក​ឲ្យ​ដឹង​ថា​៖ «​សភា​មិន​គួរ​ជ្រៀតជ្រែក​ក្នុង​ការ​ចរចា​ទាំង​នេះ​ទេ បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​នឹង​បញ្ចប់​កិច្ចព្រមព្រៀង NAFTA ទាំង​ស្រុង ហើយ​យើង​នឹង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​កាន់តែ​ល្អ​ខ្លាំង​»​។

ការពិភាក្សា​ស្តីពី​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​កាណាដា​គ្រោង​នឹង​បន្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ហើយ​ទីក្រុង​អូតាវ៉ា និង​ទីក្រុង​វ៉ាស៊ីនតោន​នឹង​មាន​ពេលវេលា​ដើម្បី​ឈាន​ដល់​ការ​ព្រមព្រៀង​មួយ​ដែល​នឹង​រក្សា​ប្រទេស​កាណាដា​ឲ្យ​ស្ថិត​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​មាន​អាយុកាល ២៥ ឆ្នាំ​មួយ​នេះ​ជាមួយ​ម៉ិកស៊ិក​។

ប៉ុន្តែ​ការសរសេរ​របស់​លោក ត្រាំ ហាក់​ដូចជា​បង្កើន​សម្ពាធ​លើ​ក្រុម​អ្នក​ចរចា​របស់​កាណាដា​។

កាលពី​ដើម​សប្តាហ៍​មុន​ក្រុមមន្ត្រី​ទំនង​ជា​ខិតជិត​ទៅ​រក​ការសម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​កែប្រែ​កិច្ចព្រមព្រៀង NAFTA ប៉ុន្តែ​ការ​អត្ថាធិប្បាយ​បែប​ដុតរោល​ពី​លោក ត្រាំ ដែល​លេចធ្លាយ​ដែល​ត្រូវ​បាន​មើល​ឃើញ​ដោយ​កាណាដា​ថា ជា​ការ​បង្ហាញ​ថា គាត់​កំពុង​តថ្លៃ​បែប​មិន​ស្មោះ​ត្រង់​នោះ​បាន​គំរាម​ឲ្យ​មាន​ការរំខាន​ដល់​ការចរចា​នេះ​។

លោក ត្រាំ បាន​ថ្កោលទោស​ដដែលៗ​ថា​កិច្ចព្រមព្រៀង NAFTA គឺជា «​កិច្ចព្រមព្រៀង​មួយ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​» ជា​ភាសា​មួយ​ដែល​លោក​បាន​លើក​ឡើង​ជាថ្មី​កាលពី​ថ្ងៃ​សៅរ៍​៕ KC