ក្រុងវ៉ាស៊ីនតោនៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសម្រេចបានដោយផ្នែកកាលពីសប្តាហ៍មុនជាមួយប្រទេស ចិន បច្ចុប្បន្នកំពុងត្រូវបានសរសេរជាផ្លូវការហើយ។ នេះបើតាមលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ។
លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា៖ «វាមិនបានសរសេរនៅឡើយទេ ប៉ុន្តែវាកំពុងត្រូវបានសរសេរ»។
លោក ត្រាំ បានបន្តថា ប្រទេស ចិន បានទិញផលិតផលកសិកម្មអាមេរិករួចហើយកាលពីសប្តាហ៍មុនក្នុងតម្លៃពី ៤០ ទៅ ៥០ ពាន់លានដុល្លារ។
លោកបានបញ្ជាក់ជាថ្មីថា ប្រទេស ចិន បានប្តេជ្ញាចិត្តទិញផលិតផលកសិកម្មអាមេរិកកាន់តែច្រើនឡើង ហើយបានធ្វើសម្បទាននានា ដោយសារសម្ពាធផ្នែកសេដ្ឋកិច្ចពីទីក្រុងវ៉ាស៊ីនតោន។
លោក ត្រាំ ថ្លែងថា៖ «ពួកគេបង្កើតកិច្ចព្រមព្រៀងមួយ។ ពួកគេត្រូវតែបង្កើតកិច្ចព្រមព្រៀងមួយ។ សេដ្ឋកិច្ចរបស់ពួកគេត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយអ្វីដែលយើងបានធ្វើ និងដោយសារពន្ធគយ»។
ទីផ្សារភាគហ៊ុនបានឡើងថ្លៃកាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលកិច្ចព្រមព្រៀងត្រូវសម្រេចបានក្នុងភាពធូរស្រាលមួយដែលកើតមាន បន្ទាប់ពីមានការកើនឡើងជាលំដាប់នូវជម្លោះពាណិជ្ជកម្មជាមួយប្រទេស ចិន។
កាលពីសប្តាហ៍មុន លោក ត្រាំ បានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀង «ទាំងស្រុង» ដែលលោកបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ និងត្រូវបានរួមបញ្ចូលទាំងការកើនឡើងការទិញផលិតផលកសិកម្មអាមេរិក ហើយក៏គ្របដណ្តប់លើកម្មសិទិ្ធបញ្ញា សេវាហិរញ្ញវត្ថុ និងរូបិយប័ណ្ណផងដែរ។
ទោះជាយ៉ាងណាការអត្ថាធិប្បាយពីមន្ត្រីក្នុងទីក្រុងប៉េកាំងបានបង្កើនមន្ទិលសង្ស័យអំពីភាពសំខាន់នៃកិច្ចព្រមព្រៀង។
ខណៈដែលកិច្ចព្រមព្រៀងនេះមានន័យថា ការដំឡើងពន្ធគយដែលគ្រោងធ្វើនៅសប្តាហ៍នេះនឹងត្រូវផ្អាក វាមិនបានលុបចោលពន្ធគយនាំចូលណាមួយដែលត្រូវបានដាក់ចេញរហូតមកដល់បច្ចុប្បន្ននេះទៅលើទំនិញតម្លៃរាប់ពាន់លានដុល្លារក្នុងពាណិជ្ជកម្មទ្វេភាគីនោះទេ ហើយក៏មិនបានដោះស្រាយគម្រោងដកហូតពន្ធគយមួយផ្សេងទៀតដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូឆ្នាំនេះផងដែរ៕ KC