ក្រុង​វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​មុន​​បាន​ប្រកាស​ពី​ការ​​ពន្យារពេល ​៦ ខែ ​ចំពោះ​ការ​ហូត​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​ក្នុង​អត្រា​ខ្ពស់​​​​ ដោយ​​ព្យាយាម​​​ដាក់​​សម្ពាធ​​​លើ​សហភាព​​អឺរ៉ុប និង​ជប៉ុន​ ឲ្យ​ចូល​មក​តុ​​ចរចា​ពាណិជ្ជកម្ម​។​

សេចក្ដី​សម្រេច​ចិត្ត​នេះ​បាន​បង្ហាញ​​ពី​ការ​ពន្យារពេល​បណ្ដោះ​អាសន្ន​មួយ​ពី​អ្វី​ដែល​នឹង​ជា​ការ​បង្កើនភាព​តានតឹង​​ខ្លាំង​ក្នុង​​សង្គ្រាម​ពាណិជ្ជកម្ម​ជុំ​ទិស​របស់​លោក ត្រាំ​។​

ការ​គំរាម​កំហែង​របស់​លោក ត្រាំ ផ្តោត​ទិសដៅ​​លើ​ផ្នែក​ដ៏​ធំ​មួយ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ពិភព​លោក ដែល​អាច​​បង្ក​ឲ្យ​មាន​ការ​អាក់​ខាន​ដ៏​ខ្លាំង​ដល់​ចង្វាក់​ផលិតកម្ម​។ ទឹក​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​​​ក្នុង​វិស័យ​​រថយន្ត ត្រូវ​បង្កើត​ឡើង​ចេញ​ពី​​​ចង្វាក់​​ផលិត​នាំចេញ និង​លក់​ជា​លក្ខណៈ​អន្តរជាតិ​ជា​រៀងរាល់​ឆ្នាំ​។​

ក្នុង​សេចក្ដី​ប្រកាស​មួយ ​លោក​ប្រធានាធិបតី​រូប​នេះ​បាន​បញ្ជា​ឲ្យ​​លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក ​ធ្វើ​បច្ចុប្បន្នភាព​លទ្ធផល​ចរចា​ជាមួយ​អឺរ៉ុប ជប៉ុន និង​ជាមួយ​ «​បណ្ដា​​ប្រទេស​ផ្សេង​ទៀត» ដែល​លោក Lighthizer គិត​ថា ​សម​សម្រប​ដល់​រូប​លោក​ក្នុង​រយៈពេល ​១៨០ ថ្ងៃ​ក្រោយ។​

ដោយ​ទុក​ការ​គំរាម​កំហែង​ដំឡើង​ពន្ធ​លើ​រថយន្ត​មួយ​អន្លើ​សិន វិធានការ​របស់​លោក ត្រាំ បាន​បង្កើន​កម្ដៅ​នៅ​​ក្នុង​ទីក្រុង​នានា​របស់​អឺរ៉ុប ដែល​រដ្ឋាភិបាល​ទាំង​នោះ​បាន​ខឹង​​សម្បា ​រួច​​ស្រេច​ទៅ​ហើយ​ដោយសារ​ការ​​ហូត​ពន្ធ​ពិន័យ​របស់​អាមេរិក​លើ​ដែក​ថែប និង​អាលុយមីញ៉ូម​កាល​ពី​ឆ្នាំ​មុន​។

សេចក្ដី​សម្រេច​ចិត្ត​របស់​លោក​ ត្រាំ ​ក៏​បាន​រក្សា​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ ដែល​បាន​ប្រកាស​កាល​ពី​ឆ្នាំ​​ជាមួយ​​លោក​ Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​ផង​ដែរ ដែល​ភាគី​ទាំង ​២ ​បាន​យល់ព្រម​​​បញ្ឈប់​ការ​ប្រទូសរ៉ាយ​ផ្នែក​ពាណិជ្ជកម្ម​ ខណៈ​ដែល​​កិច្ច​ខិតខំ​ប្រឹងប្រែង​​បាន​បន្ត​​ធ្វើ​ឡើង ​ដើម្បី​​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​​នេះ។​

បើ​ទោះបី​ជា​​មាន​ការ​សម្រេច​ចិត្ត​បែប​នេះ​​ក៏​ដោយ ក៏​លោក ត្រាំ ​បាន​បន្ត​វាយ​ប្រហារ​របស់​លោក​លើ​គោល​នយោបាយ​​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ដដែល​។​

លោក ត្រាំ បាន​ថ្លែង​​ក្នុង​ព្រឹត្តិការណ៍​មួយ​ថា​៖ «​ខ្ញុំ​ចង់​និយាយ​ថា សហភាព​អឺរ៉ុប​ធ្វើ​មក​លើ​យើង​អាក្រក់​ខ្លាំង​ជាង​ប្រទេស ​ចិន ធ្វើ​មក​លើ​យើង​ទៅ​ទៀត។ ពួក​គេ​គ្រាន់​តែ​ជា​ប្រទេស​តូចតាច​​ប៉ុណ្ណោះ​»។

លោក ត្រាំ ​ថ្លែង​ថា​៖ «​ពួក​គេ​​មិន​ត្រូវ​ការ​កសិករ​របស់​យើង​នោះ​ទេ ពួក​គេ​​មិន​ត្រូវ​ការ​រថយន្ត​របស់​យើង​ទេ ពួក​គេ​​បញ្ជូន​រថយន្ត​​ Mercedes-Benz មក​ទី​នេះ​ហាក់​ដូច​ជា​រថយន្ត​ទាំង​នោះ​​ជា​នំ​ឃុគី​អ៊ីចឹង»។ លោក​បន្ថែម​ថា៖ «​ពួក​គេ​ទាញ​យក​​ប្រយោជន៍​ពី​ពួក​យើង​ខាង​ផ្នែក​ពាណិជ្ជកម្ម​»។​​

លោក​បន្ត​ថា​៖ «​យើង​ទាំង​អស់​គ្នា​ស្រឡាញ់​អឺរ៉ុប ប៉ុន្តែ​វា​មិន​ស្មើភាព​»។​

ជា​ការ​ឆ្លើយ​តប​នឹង​ពន្ធ​នាំចូល​លោហៈ​​​របស់​អាមេរិក អឺរ៉ុប​កាល​ពី​ឆ្នាំ​មុន​​បាន​ដក​ហូត​ពន្ធ​ដ៏​ខ្ពស់​​​លើ​​ការ​នាំចេញ​របស់​អាមេរិក ដូចជា​​ម៉ូតូ ទឹក​ផ្លែ​ក្រូច ស្រាវីស្គី និង​ខោ​ខូវប៊យ ហើយ​​​បាន​គំរាម​កំហែង​ថា នឹង​តបត​វិញ​បន្ថែម​ទៀត​ ប្រសិន​បើ​ពន្ធ​នាំចូល​រថយន្ត​ត្រូវ​បាន​ហូត​។​

លោកស្រី​ Cecilia Malmstrom ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​បាន​បញ្ជាក់​ពី​​សំណើ​ដែល​មាន​ស្រាប់​មួយ​ថា៖ «​សហភាព​អឺរ៉ុប បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​​​ក្នុង​ការ​ចរចា​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​​កម្រិត​មួយ រួម​បញ្ចូល​ទាំង​​រថយន្ត​ផង​ដែរ​»។​

ការ​ពន្យារពេល​រយៈពេល​ ៦ ខែ​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​កើត​មាន​រួច​ទៅ​ហើយ​​នៅ​សប្ដាហ៍​មុន ខណៈ​ដែល​​ប្រភព​នានា​​​ក្នុង​​ឧស្សាហកម្ម​​រថយន្ត​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​នានា​ថា ​លោក ត្រាំ នឹង​ពន្យារពេល​ ដោយ​ធ្វើ​ឲ្យ​ទីផ្សារ​មាន​ភាព​រីករាយ​ ដែល​កន្លង​មក​​បាន​បារម្ភ​ថា ​នឹង​កើត​មាន​ផល​វិបាក​ផ្នែក​សេដ្ឋកិច្ច​​ដោយសារ​តែ​វិធានការ​បែប​នោះ​។​

ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន ​លោក ត្រាំ បាន​ហៅ​វិស័យ​រថយន្ត​អាមេរិក​ថា កំពុង​ប្រឈម​ការ​​ធ្លាក់ចុះ ដោយសារ​តែ​​ការ​ប្រកួត​ប្រជែង​ពី​បរទេស​មិន​ស្មើភាព​។​

របាយការណ៍​មួយ​ដែល​ធ្វើ​ឡើង​​​ដោយ​​លោក Wilbur Ross ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​សន្និដ្ឋាន​ថា ចំណែក​ទីផ្សារ​រថយន្ត​ដែល​កំពុង​ធ្លាក់ចុះ​របស់​អាមេរិក​ បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ស្រាវជ្រាវ​ ការ​អភិវឌ្ឍ និង​ការ​ផលិត​របស់​ខ្លួន​ ដែល​ទាំង​នេះ​ «​មាន​សារៈ​សំខាន់​ចំពោះ​សន្ដិសុខ​ជាតិ»។ នេះ​បើ​យោង​តាម​លោក​ ប្រធានាធិបតី ត្រាំ៕ AFP/LA​