ក្រុងប៊ែរឡាំងៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេស អាល្លឺម៉ង់ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមថានឹងកាត់ផ្តាច់ការចែករំលែកព័ត៌មានចារកម្មជាមួយប្រទេសដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនបច្ចេកវិទ្យាប្រទេស ចិន Huawei។
ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធលើសម្ព័ន្ធមិត្តក្នុងការហាមឃាត់ Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់ពិភពលោកពីបណ្ដាញទិន្នន័យចល័ត 5G ដោយលើកឡើងថា វាជាហានិភ័យផ្នែកសន្ដិសុខ។
ឯកអគ្គរដ្ឋទូតអាមេរិកលោក Richard Grenell បានឲ្យដឹងថា លោក ត្រាំ «បានណែនាំខ្ញុំត្រូវធ្វើវាឲ្យបានច្បាស់លាស់ថា ប្រទេសណាដែលជ្រើសរើសការប្រើប្រាស់បណ្ដាញ 5G ដែលមិនគួរឲ្យទុកចិត្ត និងធ្វើឲ្យខូចខាតដល់សមត្ថភាពរបស់យើងក្នុងការចែករំលែកព័ត៌មានចារកម្ម និងព័ត៌មានក្នុងកម្រិតខ្ពស់បំផុត»។
លោក Grenell បានឲ្យដឹងនៅលើ Twitter ថា លោកប្រធានាធិបតីបានទូរស័ព្ទមកលោកកាលពីថ្ងៃអាទិត្យដើម្បីបញ្ជូនសារនេះ។
សម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅអឺរ៉ុប ជាពិសេសចក្រភពអង់គ្លេស និងបារាំងបានឲ្យដឹងថា ពួកគេនឹងមិនហាមឃាត់ Huawei មិនឲ្យសាងសង់បណ្ដាញ 5G នោះទេ ប៉ុន្តែនឹងដាក់ការរឹតបន្តឹង។ ជាសាធារណៈ អាមេរិកមិនបានប្រតិកម្មទេ ប៉ុន្តែលោក ត្រាំ ត្រូវបានគេរាយការណ៍ថា ខឹងទីក្រុងឡុងដ៍យ៉ាងខ្លាំង។
លោក Mike Pompeo រដ្ឋមន្ដ្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់សន្និសីទសន្ដិសុខទីក្រុងមុយនិចកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុន Huawei គឺជា «ចារកម្មសម្រាប់ព័ត៌មានចារកម្មប្រទេស ចិន»។
ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់អាមេរិក ហើយទីក្រុងប៉េកាំងបានហៅការប្រព្រឹត្តរបស់អាមេរិកថា ជា «ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច»៕ LA