ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានការពារវិធានការពន្ធដ៏ចម្រូងចម្រាសរបស់លោកប្រឆាំងប្រទេសចិន និងបណ្ដាប្រទេសផ្សេងៗទៀតដោយលើកឡើងថាចំណាត់ការនេះ «កំពុងធ្វើបានល្អជាងអ្វីដែលគេធ្លាប់រំពឹងទុកពីមុន»។
លោកសរសេរនៅលើធ្វីធើរថា៖ «ពន្ធនាំចូលបានធ្វើឲ្យមានផលវិជ្ជមានជាច្រើនលើឧស្សាហកម្មដែកថែបរបស់យើង»។ លោកបន្តថា៖ «រោងចក្រទាំងអស់កំពុងបើកដំណើរការនៅអាមេរិក កម្មករដែកថែបកំពុងធ្វើការ ហើយប្រាក់ដុល្លារជាច្រើនកំពុងហូរចូលក្នុងក្រសួងសេដ្ឋកិច្ចរបស់យើង»។
លោក ត្រាំ បានឲ្យដឹងនៅក្នុងធ្វីធើរផ្សេងទៀតថា៖ «ពន្ធនាំចូលនឹងធ្វើឲ្យប្រទេសយើងកាន់តែមានប្រាក់ច្រើនជាងពេលបច្ចុប្បន្ន»។ លោកបន្តទៀតថា៖ «មានតែមនុស្សល្ងីល្ងើប៉ុណ្ណោះដែលមិនយល់ស្រប»។
លោកបាននិយាយថាប្រទេសចិនជា «លើកដំបូងធ្វើមិនល្អប្រឆាំងនឹងពួកយើង»។
ការសរសេររបស់លោកគឺចំពេលដែលភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយប្រទេសចិនបានកើតឡើងសាជាថ្មី។ កាលពីដើមសប្ដាហ៍មុនលោក ត្រាំ បានប្រាប់មន្ដ្រីពាណិជ្ជកម្មជាន់ខ្ពស់របស់លោកឲ្យសិក្សាពីការបង្កើនពន្ធនាំចូលទំនិញរបស់ប្រទេសចិនក្នុងតម្លៃ ២០០ ពាន់លានដុល្លារគឺពី ១០ ភាគរយដែលគ្រោងទុកទៅដល់ ២៥ ភាគរយ។
ទីក្រុងប៉េកាំងក៏បានគំរាមថានឹងហូតពន្ធនាំចូលបន្ថែម ៦០ ពាន់លានដុល្លារលើទំនិញរបស់អាមេរិក ខណៈលោក Larry Kudlow ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនៅសេតវិមានបានអះអាងថា «ការឆ្លើយតបដ៏ទន់ខ្សោយ»។
រដ្ឋមន្ដ្រីក្រសួងការបរទេសចិនលោក Wang Yi កាលពីថ្ងៃសៅរ៍បានហៅវិធានការរបស់ប្រទេសចិនថា៖ «ជាការត្រឹមត្រូវ និងចាំបាច់»។
ថ្លែងនៅក្រៅជំនួបនៃវេទិកាសន្ដិសុខនៅក្នុងប្រទេសសិង្ហបុរីលោក Wang Yi បានវាយបកនឹងការលើកឡើងរបស់លោក Kudlow ថា៖ «តើសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងដំណើរការល្អដែរឬទេ? ខ្ញុំគិតថាវាច្បាស់ណាស់ចំពោះសហគមន៍អន្តរជាតិទាំងមូល»។ លោកបន្ថែមថា ប្រទេសចិនបានរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចពិភពលោក។
ជម្លោះជាមួយប្រទេសចិនបានបង្កើនការព្រួយបារម្ភនៅក្នុងប្រទេសទាំង ២ ហើយក៏មានការរាយការណ៍ពីការខូចខាតនៅក្នុងរដ្ឋបាលរបស់លោក ត្រាំ ផងដែរ។
ក្រុមពាណិជ្ជករដែលជាសហព័ន្ធលក់រាយថ្នាក់ជាតិបានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីសប្ដាហ៍មុនថា៖ «យើងនិយាយពីមុនហើយថា ការដាក់ពន្ធនៅជុំនេះនឹងធ្វើឲ្យប៉ះពាល់ដល់គ្រួសារ និងកម្មករអាមេរិកច្រើនជាងចិន»។
ខណៈលោក ដូណាល់ ត្រាំ បានធ្វើឲ្យមានភាពជឿជាក់លើការងារដែកថែប តាមរយៈវិធានការពន្ធនាំចូលនេះវាក៏បានបង្កើតនូវក្តីបារម្ភទៅដល់ប្រជាកសិករអាមេរិកទាក់ទងនឹងផលិតផលសណ្ដែកសៀង និងក្រុមហ៊ុនជាច្រើនដែលពឹងផ្អែកលើដែកថែបជាវត្ថុធាតុដើមផងដែរ៕ LA