ក្រុង​បាងកកៈ រដ្ឋា​ភិបាល​ថៃ​កំពុង​ជំរុញ​​ឲ្យ​បណ្ដា​ប្រទេស​ជិត​ខាង​ទាំង ៤ របស់​ខ្លួន​ចាប់​យក​ឱកាស​​ពី​ទី​ផ្សារ​រួម​​​របស់​​អាស៊ាន និង​សហការ​ជា​មួយ​ប្រទេស​ជា​​សមាជិក​ទាំង​ ១០ ដើម្បី​បង្កើន​​សេដ្ឋ​កិច្ច​ក្នុង​តំបន់​ឲ្យ​មាន​​​លក្ខណៈ​ប្រកប​ដោយ​ស្ថិរ​ភាព​។​ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា ជា​មួយ​នឹង​ឱកាស​ថ្មី​ៗ តំបន់​សេដ្ឋ​កិច្ច​ពិសេស​ (SE​Z)​ ដើរ​តួនាទី​ជា​​​គម្រោង​​ដ៏​សំខាន់​មួយ ដោយ​ត​ភ្ជាប់​​ប្រទេស​ ថៃ និង​ប្រទេស​ក្បែរ​ខាង​កម្ពុជា ឡាវ មីយ៉ាន់​ម៉ា និង​វៀត​ណាម​ ដែល​​ប្រទេស​ទាំង​អស់​នេះ​​មាន​សក្ដានុ​ពល​កំណើន​ដ៏​រឹង​មាំ​។​

លោក Uttama Savanayana រដ្ឋ​មន្ដ្រី​ក្រសួង​ឧស្សា​ហ​កម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា បណ្ដា​ប្រទេស​អាស៊ាន ​មាន​​ SEZ ប្រហែល​ ១ ០០០ កន្លែង​ ដែល​​តំណាង​ ២០​ ភាគរយ​នៃ SEZ ចំនួន ៤ ៥០០ កន្លែង​ទូទាំង​ពិ​ភព​លោក​​​ក្នុង​ទី​ក្រុង​ចំនួន ២៧០។​

លោក​ថ្លែង​ថា គម្រោង​របស់​ SEZ នឹង​រួម​ចំណែក​ ២០ ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) នៅ​ក្នុង​​ប្រទេស​នីមួយ​ៗ​ និង​បង្កើន​ប្រាក់​ចំណូល​កម្មករ​ជា​មធ្យម​ ៨ ភាគរយ​ជា​មធ្យម​​ក្នុង​មួយ​ឆ្នាំ​។​

ក្នុង​សិក្ខា​សាលា​​មួយ​ស្តីពី «SEZ របស់​អាស៊ាន​៖ សករាជ​ថ្មី​នៃ​ការ​វិនិយោគ​ពិ​ភព​លោក​» នៅឯ​​កិច្ច​ប្រជុំ​កំពូល​ SEZ អាស៊ាន ដែល​បាន​រៀបចំ​ឡើង​ដោយ​​ក្រុមហ៊ុន​​ Bangkok Post Group លោក​ Uttama បាន​ថ្លែង​​ថា​៖ «​គម្រោង SEZ នឹង​ធ្វើ​ឲ្យ​ប្រសើរ និង​​អភិវឌ្ឍ​ឡើង​​ដើម្បី​ផ្ដល់​​​កំណើន​សេដ្ឋកិច្ច​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន​»។

ក្នុង​ប្រទេស ថៃ រដ្ឋា​ភិបាល​បាន​​ចាប់​ផ្ដើម​បង្កើត ​SEZ ចំនួន ១០ នៅ​ក្នុង​ខេត្ត​​ជាប់​ព្រំ​ដែន​​​កាល​ពី​ឆ្នាំ ២០១៥ ហើយ​​ទីតាំង​ SEZ ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត​កំពុង​​ស្ថិត​ក្នុង​ដំណើរ​ការ។

លើស​ពី​នេះ​ទៀត​ រដ្ឋាភិបាល​ថៃ​​​កំពុង​ធ្វើ​ការងារ​យ៉ាង​ខ្លាំង​លើ​​ផែន​ការ​​ច្រក​របៀង​សេដ្ឋ​កិច្ច​ភាគ​ខាង​កើត​ (EEC)​ ​ដែល​បាន​មើល​ឃើញ​​ថា​ជា​មជ្ឈ​មណ្ឌល​​​ផលិត​កម្ម​អាស៊ាន​ ដែល​ផ្ដល់​តំបន់​លើក​កម្ពស់​សេវា​កម្ម​ពិសេស​ចំនួន​​ ៤៤។​

ក្រៅ​ពី​ SEZ របស់​​ថៃ​ ប្រទេស​​​​ ឡាវ មាន​ SEZ ចំនួន ១៥ និង​​មីយ៉ាន់​ម៉ា​មាន​ចំនួន ២០។​

ម៉ាឡេស៊ី​ ដំណើរ​ការ​ SEZ ចំនួន ១៨ តំបន់​លើក​កម្ពស់​សេវា​កម្ម​ពិសេស​​ ៣​០០ និង​សួន​ឧស្សាហ​កម្ម​បច្ចេក​វិទ្យា​ចំនួន​ ៦ ខណៈ​​វៀត​ណាម​មាន SEZ ចំនួន ១៨ តំបន់​លើក​កម្ពស់​សេវា​កម្ម​ពិសេស​ចំនួន ២៩២ និង​សួន​ឧស្សាហ​កម្ម​បច្ចេក​វិទ្យា​ចំនួន​ ៣​។​

សិង្ហបុរី ​មាន​ចំនួន SEZ ២ សួន​អេកូ​ឧស្សាហ​កម្ម​​ ២ និង​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​ ១​។​

លោក​Uttama ថ្លែង​ថា​៖ «​អាស៊ាន​គួរតែ​ធ្វើ​ឲ្យ​តំបន់​ឧស្សាហ​កម្ម​ទាំង​អស់​ដំណើរ​ការ​​​ស្រប​​​ពេល​គ្នា​ ដើម្បី​​​ក្លាយ​ជា​មូលដ្ឋាន​ផលិត​រួម ​​ហើយ SEZ ជា​ច្រើន​​​ក្នុង​តំបន់​នេះ អាច​គាំទ្រ​សេដ្ឋ​កិច្ច​អាស៊ាន​​»​។

លោក​បន្ត​ថា​៖ «​សមាជិក​ទាំង អស់​គួរ​តែ​សហ​ការ​ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​អភិវឌ្ឍ​ចង្វាក់​តម្លៃ​ឧស្សាហ​កម្ម ចក្ខុ​វិស័យ​ឌីជីថល​ និង​នវា​នុវត្តន៍​ ដើម្បី​កាត់​បន្ថយ​បញ្ហា​វិសម​ភាព​​​ក្នុង​តំបន់​»​។​

លោកស្រី Somhatai Panichewa ប្រធាន Amata VN Plc ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​​នៅ​ផ្សារ​ហ៊ុន​ថៃ​​បាន​ថ្លែង​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍ថា ​ប្រទេស​ជិត​ខាង ​៤ របស់​ថៃ អាច​សហ​ការ​ និង​គាំទ្រ​​ការ​វិនិយោគ​ថ្មី​នៅ​អាស៊ាន​ ដើម្បី​កាត់​បន្ថយ​ការិយាធិប​តេយ្យ​ផ្នែក​គយ និង​ជួយ​ដល់​ក្រុម​វិនិយោគិន​។​

ប្រទេស​ទាំង ៤​ កំពុង​​អភិវឌ្ឍ​​ការ​ត​ភ្ជាប់​ផ្នែក​ដឹក​ជញ្ជូន ដូច​ជា​​ការ​ត​ភ្ជាប់​ផ្លូវ​​ប្រទេស ថៃ និង​ មីយ៉ាន់​ម៉ា​​ទៅ​កំពង់ផែ​ Dawei កំពង់ផែ​ក្រុង​ព្រះ​សីហនុ​របស់​ប្រទេស​ កម្ពុជា ​និង​កំពង់​ផែ​ Vung Tau របស់​​​វៀត​ណាម។​

លោក​ស្រី​បាន​ថ្លែង​ទៀត​​ថា​៖ «​ហេដ្ឋា​រច​នាស​ម្ព័ន្ធ​ដែល​ពាក់​ព័ន្ធ​​ទាំង​អស់​ នឹង​ជួយ​គាំទ្រ​សេដ្ឋ​កិច្ច​អាស៊ាន​​សម្រាប់​កំណើន​ប្រកប​ដោយ​​ស្ថិរ​ភាព​​ក្នុង​រយៈ​ពេល​វែង​»៕ ​LA