ក្រុង​វ៉ា​ស៊ីន​តោនៈ ប្រតិ​បត្តិ​ការ​​នាំ​ចេញ​ប្រេង និង​​ហិរ​ញ្ញ​វត្ថុ​របស់​ប្រ​ទេស ​អុី​រ៉ង់​ នឹង​ត្រូវ​ផ្តោត​ទិស​ដៅ​ស្ថិត​ក្រោម​ទណ្ឌកម្ម​របស់​អា​មេ​រិក​ដែល​​នឹង​ចាប់​ផ្ដើម​អនុ​វត្ត​នៅ​ថ្ងៃ​ចន្ទ​នេះ​​ បន្ទាប់​​ពី​លោក​ប្រ​ធា​នា​ធិប​តី​ ដូ​ណាល់ ត្រាំ បាន​ចាក​ចេញ​ពី​​​​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​​កាល​ពី ៦ ខែ​មុន។​

ទី​ក្រុង​វ៉ា​ស៊ីន​តោន​បាន​បង្ហាញ​​ព័ត៌​មាន​​លម្អិត អំ​ពី​​​វិ​ធាន​ការ​ជាក់​​លាក់​របស់​ខ្លួន ​ដែល​កំ​ណត់​​ទិស​ដៅ​លើ​វិ​ស័យ​ធនា​គារ​ ​ដឹក​ជញ្ជូន និង​ថាម​ពល​របស់​​​អុី​រ៉ង់​ ដោយ​​គំ​រាម​ផាក​ពិ​ន័យ​​ក្រុម​ហ៊ុន​នា​នា​ដែល​ធ្វើ​ពា​ណិជ្ជ​​កម្ម​​​​ក្នុង​ក្រុម​ហ៊ុន​ក្នុង​វិ​ស័យ​​ទាំង​នោះ​​ ទោះ​ជា​ក្រុម​ហ៊ុន​ទាំង​នោះ​​ជា​ក្រុម​ហ៊ុន​របស់​ប្រ​ទេស​​សម្ព័ន្ធ​មិត្ត​របស់ ​អា​មេ​រិក ​នៅ​អឺ​រ៉ុប​ និង​នៅ​កន្លែង​​ផ្សេង​ទៀត​ក្តី។​

ទណ្ឌ​កម្ម​នេះ​បាន​នាំ​យក​មក​វិញ​នូវ​វិ​ធាន​ការ​​ពិ​ន័យ​ ដែល​ត្រូវ​បាន​ដាក់​​ហើយ​​បន្ទាប់​មក​បាន​លុប​​ចោល​វិញ​​ដោយ​​​អតីត​ប្រ​ធា​នា​ធិប​តី​លោក បា​រ៉ាក់​ អូ​បា​ម៉ា ដែល​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​​​អន្តរ​ជាតិ​មួយ​ ដែល​ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ ​ប្រ​ទេស​ អុី​រ៉ង់ ​បាន​ដើរ​​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​កម្ម​វិ​ធី​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន។​

ទណ្ឌ​កម្ម​ដែល​ត្រូវ​បាន​ដាក់​​ឡើង​វិញ​រួច​ហើយ​

កាល​ពី​ថ្ងៃទី​ ៧ ខែ​ សីហា ​ទណ្ឌ​កម្ម​​ដែល​បាន​លុប​ចោល​ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​ឆ្នាំ ២០១៥ បាន​ចាប់​ផ្ដើម​អនុ​វត្ត​ឡើង​វិញ​ ដែល​ហាម​ឃាត់៖

- ការ​ទិញ​ប្រាក់​ដុល្លារ​របស់​រដ្ឋា​ភិ​បាល​​​អុី​រ៉ង់ ឬ​ការ​ទិញ និង​ការ​លក់​​ជា​លក្ខណៈ​អន្តរ​ជាតិ​នូវ​រូ​បិយ​ប័ណ្ណ​រៀលស៍​របស់​អុី​រ៉ង់​​ក្នុង​ប​រិ​មាណ​ច្រើន។​

- ការ​ទិញ​មូល​បត្រ​បំ​ណុល​រតនា​គារ​ប្រ​ទេស អុី​រ៉ង់​។

- ការ​ជួញ​ដូរ​​មាស​​ ឬ​លោហៈ​មាន​តម្លៃ​ផ្សេង​ទៀត​ អា​លុយ​​មី​ញ៉ូម ដែក​ថែប កា​បូន ឬ​ធ្យូង​ថ្ម​ក្រា​ហ្វីត​។

- ការ​ជួញ​ដូរ​រថ​យន្ត និង​យន្ត​ហោះ​ពា​ណិជ្ជ​កម្ម​។​

- ការ​នាំ​ចូល​របស់​អា​មេ​រិក​នូវ​កម្រាល​ព្រំ ឬ​អា​ហារ​របស់​ប្រ​ទេស អុី​រ៉ង់​។​

​ការ​ដាក់​ទណ្ឌ​កម្ម ដែល​នឹង​​ចាប់​ផ្ដើម​អនុ​វត្ត​នៅ​ថ្ងៃ​ចន្ទ​នេះ​

ទណ្ឌ​កម្ម​ដ៏​តឹង​រ៉ឹង​បំ​ផុត​ដែល​លុប​ចោល​នៅ​សម័យ​​​លោក អូ​បា​ម៉ា ​នឹង​វិល​​មក​វិញ​ ដែល​​រួម​មាន​ការ​ហាម​ឃាត់​​លើ​៖​

- ការ​នាំ​ចូល​​ប្រេង និង​ឧស្ម័ន​​ពី​ប្រ​ទេស​ អុី​រ៉ង់ ដែល​ជា​វិ​ស័យ​រក​ប្រាក់​ចំ​ណូល​ច្រើន​បំ​ផុត​នៃ​ការ​ប្តូរ​រូ​បិយ​ប័ណ្ណ​បរ​ទេស​របស់​​ប្រ​ទេស​នេះ។ ប៉ុ​ន្តែ​អា​មេ​រិក កំ​ពុង​ផ្ដល់​ការ​លើក​លែង​ដល់​ប្រ​ទេស​ ៨ ទំ​នង​ជា​រួ​ម​មាន​ទាំង​​​ប្រ​ទេស​ ឥណ្ឌា ជប៉ុន និង​តួក​គី​ ដែល​នឹង​បន្ត​ទិញ​​ប្រេង​​អុី​រ៉ង់​ ប៉ុន្តែ​​ក្នុង​កម្រិត​ទាប​ជាង​ពេល​កន្លង​មក​។​​​

- ប្រ​តិ​បត្តិ​ការ​ហិ​រញ្ញ​វត្ថុ។ ដោយ​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​នេះ​ គ្រឹះ​ស្ថាន​​បរ​ទេស​ណា​មួយ ដែល​ធ្វើ​ពា​ណិជ្ជ​កម្ម​ជា​មួយ​ធនា​គារ​​កណ្ដាល​​​អុី​រ៉ង់​ ឬ​ធនា​គារ​ផ្សេង​ទៀត​​​ក្នុង​ប្រ​ទេស​នេះ នឹង​បាត់​បង់​លទ្ធ​ភាព​ចូល​​ក្នុង​ប្រ​ព័ន្ធ​ហិរ​ញ្ញ​វត្ថុ​អា​មេ​រិក​។

​ហា​និ​ភ័យ​​សម្រាប់​ធនា​គារ​បរ​ទេស​​មាន​កម្រិត​ខ្ពស់​​ក្នុង​សេដ្ឋ​កិច្ច​ស​ក​ល​ភា​វូប​នីយ​កម្ម​មួយ ដែល​ប្រាក់​ដុ​ល្លារ​នៅ​តែ​ជា​រូ​បិយ​ប័ណ្ណ​មាន​ឥទ្ធិ​ពល​។​

លោក Mnuchin ថ្លែង​ថា ប្រ​ព័ន្ធ​អន្តរ​ជាតិ​សម្រាប់​ការ​ផ្ទេរ​ប្រាក់​អន្តរ​ធនា​គារ SWIFT នឹង​ត្រូវ​តែ​បញ្ឈប់​ទំ​នាក់​ទំ​នង​ជា​មួយ​គ្រឹះ​ស្ថាន​​ហិ​រញ្ញ​វត្ថុ​​អុី​រ៉ង់​​ដែល​​ស្ថិត​​ក្នុង​បញ្ជី​ខ្មៅ​របស់​អា​មេ​រិក​ បើ​មិន​អ៊ីចឹង​ទេ​នឹង​ប្រ​ឈម​ការ​ដាក់​​​ទណ្ឌ​កម្ម​លើ​​ខ្លួន​ឯង​​៕ AFP/​LA