ក្រុង​ប៉ា​រីសៈ សេច​ក្តី​សម្រេច​​របស់​លោក​ប្រ​ធា​នា​ធិប​តី​អា​មេ​រិក​ ដូ​ណាល់​ ត្រាំ ​ក្នុង​ការ​ដក​​ស​ហ​រដ្ឋ​អា​មេ​រិក​ចេញ​ពី​​ កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​​ឆ្នាំ​ ២០១៥​ ជា​មួយ​​ប្រ​ទេស​ អុីរ៉ង់​​ និង​ការ​​ដាក់​ទណ្ឌ​កម្ម​ជា​ថ្មី​​លើ​ប្រ​ទេស​​នេះ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​អា​ជីវ​កម្ម​របស់​អឺ​រ៉ុប​​។

ខណៈ​ស​ហ​ភាព​អឺ​រ៉ុប​​​ទទូច​​ថា​ ខ្លួន​នឹង​គាំ​ទ្រ​កិច្ច​ព្រម​ព្រៀង​​នុយ​ក្លេ​អ៊ែរ​​នេះ​ដើ​ម្បី​​ឲ្យ​​​មាន​ពា​ណិជ្ជ​កម្ម​បន្ត​​ជា​មួយ​ប្រ​ទេស​ អុីរ៉ង់ ​នោះ​ ​ក្រុម​ហ៊ុន​អឺ​រ៉ុប​​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​រង​ប៉ះ​ពាល់​​ដោយ​សារ​ទណ្ឌ​កម្ម​របស់​អា​មេ​រិក ​ហើយ​​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​កាត់​បន្ថយ​វត្ត​មាន​របស់​ពួក​គេ​រួច​ហើយ​។

ខាង​ក្រោម​នេះ​ជា​ទិដ្ឋ​ភាព​រួម​មួយ​ដែល​ក្រុម​ហ៊ុន​ទាំង​នោះ​​អាច​នឹង​រង​ប៉ះ​ពាល់៖

វិ​ស័យ​ផលិត​កម្ម​​រថ​យន្ត​​​

ទណ្ឌ​កម្ម​ដែល​បាន​​ដាក់​ចេញ​​កាល​ពី​​ខែ​សី​ហា​បាន​ធ្វើ​ឲ្យ​ក្រុម​​ហ៊ុន​ផលិត​រថ​យន្ត​ធំ​ៗ​​​ភ័យ​ខ្លាច ​និង​មាន​ការ​ប្រុង​ប្រ​យ័ត្ន​​ចំ​ពោះ​អនា​គត​របស់​ពួក​គេ​​ក្នុង​ប្រ​ទេស​ អុីរ៉ង់​​ និង​​គិត​ពី​អត្ថ​ប្រ​យោជន៍​​ធំ​ជាង​នេះ​​របស់​ពួក​គេ​​នៅ​សហ​រដ្ឋ​អា​មេ​រិក។

ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ Dai​m​ler ​របស់​អា​ល្លឺ​ម៉ង់​ ​ដែល​​​រក​ស៊ី​រួម​គ្នា​​ជា​មួយ​ក្រុម​ហ៊ុន​ចំ​នួន​ ២​ របស់​អុីរ៉ង់ ​ដើ​ម្បី​​ដំ​ឡើង​​​រថ​យន្ត​ Mercedes-Benz បាន​ឲ្យ​ដឹង​​ថា ​ខ្លួន​បាន​សម្រេច​​មិន​បន្ត​ទៅ​មុខ​ទៀត។

ក្រុម​ហ៊ុន Volkswagen (VW) បាន​ឲ្យ​ដឹង​កាល​ពី​ឆ្នាំ​មុន​ថា ខ្លួន​គ្រោង​បន្ត​អា​ជីវ​កម្ម​ឡើង​វិញ​នៅ​អុីរ៉ង់​​បន្ទាប់​ពី​​ផ្អាក​​រយៈ​ពេល​ ១៧ ឆ្នាំ​ ប៉ុន្តែ​​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្លាំង​ចំ​ពោះ​​សេចក្តី​សម្រេច​​ថ្មី​ៗ​បំ​ផុត​របស់​អា​មេ​រិក។

អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន VW ​បាន​មាន​ប្រ​សាសន៍​ថា​ ក្រុម​ហ៊ុន VW​ «អនុ​លោម​​តាម​​ច្បាប់​ជាតិ​ និង​​អន្តរ​ជាតិ​​ និង​បទ​ប្ប​ញ្ញត្តិ​ទាំង​អស់​​​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ចេញ​»។​

ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​បា​រាំង​ Renault និង PSA ដែល​​លក់​ក្នុង​​ប្រ​ទេស​ អុី​រ៉ង់ នោះ​ ​ក៏​បាន​សម្តែង​ក្តី​បារម្ភ​ផង​ដែរ។

ក្រុម​ហ៊ុន​ PSA ​ដែល​ផលិត​រថយន្ត​​ម៉ាក​ Peugeot, Citroen ​និង​ Opel ​បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មិថុនា​ថា ខ្លួន​​កំ​ពុង​រៀប​ចំ​ផ្អាក​សកម្ម​ភាព​​​ក្នុង​ប្រ​ទេស​ អុី​រ៉ង់​​។

ក្រុម​ហ៊ុន Renault ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​មាន​បំ​ណង​​បន្ត​សកម្ម​ភាព​របស់​ខ្លួន​ក្នុង​ប្រ​ទេស​រង​ទណ្ឌ​កម្ម​មួយ​នេះ​ ប៉ុន្តែ​​​ត្រៀម​ខ្លួន ​«​កាត់​បន្ថយ​​ខ្លាំង​» ​បើ​ចាំ​បាច់​។

វិ​ស័យ​អា​កាស​ចរណ៍

វិ​ស័យ​អា​កាស​ចរណ៍​​បាន​មើល​ឃើញ​ថា ​កិច្ច​សន្យា​ជា​ច្រើន​​ត្រូវ​បាន​ធ្វើ​ឡើង​​បន្ទាប់​​ពី​មាន​​កិច្ច​ព្រម​ព្រៀង​​នុយ​ក្លេ​អ៊ែរ​​ឆ្នាំ​ ២០១៥​ ខណៈ​​ប្រ​ទេស​ អីុ​រ៉ង់ ​​គ្រោង​នឹង​ធ្វើ​ទំ​នើប​ភា​វូប​នី​យ​កម្ម​យន្ត​ហោះ​ចាស់​ៗ​របស់​​ខ្លួន​។

ក្រុម​ហ៊ុន Airbus បាន​កត់​ត្រា​​ការ​បញ្ជា​ទិញ​​​យន្ត​ហោះ​ចំ​នួន​ ១០០ ​គ្រឿង​ ហើយ​សម្លឹង​​ឆ្ពោះ​ទៅ​រក​ការ​លក់​បន្ថែម​ទៀត​។

ទោះ​យ៉ាង​ណា​ក្តី ​ការ​បាត់​បង់​អា​ជីវ​កម្ម​ដ៏​មាន​សក្តា​នុ​ពល​​​ក្នុង​​ប្រ​ទេស​ អុី​រ៉ង់ ​​នឹង​មិន​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ក្រុម​ហ៊ុន Airbus ទេ​ដោយ​សារ​​សៀវ​ភៅ​​បញ្ជា​ទិញ​លក់​យន្ត​ហោះ​សរុប​​ប្រ​មាណ​ ៧ ១៦៨ ​គ្រឿង​ របស់​ខ្លួន​​បាន​បញ្ចប់​នៅ​ចុង​ខែ​មិថុនា។

វិ​ស័យ​ប្រេង

ប្រេង​ជា​បញ្ហា​សំ​ខាន់​​ដែល​ធ្វើ​ឲ្យ​មាន​​​ផល​ប៉ះ​ពាល់​សកល​លោក​​​សម្រាប់​ភាគី​ពាក់​ព័ន្ធ​ទាំង​​អស់​​ ខណៈ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​​​មាន​បំ​ណង​កាត់​​ផ្តាច់​​​ប្រ​ភព​​​ចំ​ណូល​បរ​ទេស​ដ៏​សំ​ខាន់​​​របស់​ប្រ​ទេស ​អុី​រ៉ង់​។

ក្រុម​ហ៊ុន​ប្រេង Total របស់​ប្រ​ទស​បារាំង​​បាន​ប្រកាស​កាល​​ពី​ខែ​សី​ហា​ថា ​ខ្លួន​កំ​ពុង​ដក​ខ្លួន​ចេញ​​ពី​គម្រោង​​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​មួយ​ក្នុង​ប្រ​ទេស​ អុី​រ៉ង់​។

ទន្ទឹម​នេះ​ដែរ ក្រុម​ហ៊ុន​ប្រេង ENI ​របស់​ប្រ​ទេស​ អុី​តា​លី​ ​មាន​​កិច្ច​សន្យា​​មួយ​ដើ​ម្បី​​ខួង​យក​​​ប្រេង​ ​២ ​លាន​បា​រ៉ែល​​​​ក្នុង​មួយ​ខែ​ ​ដែល​កិច្ច​សន្យា​នេះ​នឹង​មិន​បន្ត​ជា​ថ្មី​​​នៅ​ពេល​កិច្ច​សន្យា​នេះ​ចប់​នៅ​​ឆ្នាំ​​នេះ។

ក្រុម​ហ៊ុន​វិស្វ​កម្ម​ Siemens ​​របស់​អា​ល្លឺ​ម៉ង់​​ បាន​ចុះ​កិច្ច​សន្យា​មួយ​​​កាល​ពី​ឆ្នាំ​ ២០១៦ ​​ដើ​ម្បី​ផ្គត់​ផ្គង់​​តួ​ប៊ីន (turbine) ​ទៅ​ក្រុម​ហ៊ុន​អីុ​រ៉ង់​ Mapna។

អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន Siemens បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន AFP ថា ក្រុម​ហ៊ុន ​«​នឹង​​​ចាត់​វិ​ធាន​ការ​សម​ស្រប​​ដើ​ម្បី​​ធ្វើ​ឲ្យ​កិច្ច​ការ​របស់​ខ្លួន​អនុ​លោម​តាម​​ក្រប​ខ័ណ្ឌ​​​ពហុ​ភាគី​​ពាក់​ព័ន្ធ​នឹង​អុី​រ៉ង់​»។

ផ្លូវ​ដែក​ និង​ផលិត​កម្ម​​នា​វា

ប្រ​ទេស​ អុី​​តា​លី​ នឹង​ត្រូវ​ខាត​​បង់​ច្រើន​ជាង​គេ​នៅ​ក្នុង​វិ​ស័យ​ទាំង​នោះ។ ​ប្រតិ​បត្តិ​ករ​ផ្លូវ​ដែក​ជាតិ​ Ferrovie dello Stato Italiano ​​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​​មួយ​ក្នុង​ឆ្នាំ​ ២០១៧ ​ដើ​ម្បី​ក​សាង​​​ខ្សែ​រថ​ភ្លើង​ល្បឿន​​លឿន​​ភ្ជាប់​តំ​បន់​ Qom ទៅ Arak នៅ​ភាគ​ខាង​ជើង​នៃ​ប្រ​ទេស​ អុី​រ៉ង់។

ក្រុម​ហ៊ុន​ផលិត​នា​វា​ Fincantieri ក្រុម​ហ៊ុន​វិ​ស្វ​ករ Maire Tecnimont និង​​ក្រុម​ហ៊ុន​ផលិត​ឡ​​ឧស្ម័ន​ Immergas ​បាន​​ចុះ​កិច្ច​​ព្រម​ព្រៀង​ជា​ច្រើន​ជា​មួយ​ប្រ​ទេស​ អុី​រ៉ង់​​ ​ដែល​កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ក៏​រង​ការ​​គំ​រាម​កំ​ហែង​ផង​ដែរ​។

ប្រ​ទេស​ អុី​តា​លី ​គឺ​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​​អឺ​រ៉ុប​ធំ​បំ​ផុ​ត​របស់​អីុ​រ៉ង់​ក្នុង​ឆ្នាំ​ ២០១៧​ ​ដោយ​ការ​នាំ​ចេញ​​របស់​ប្រ​ទេស​នេះ​​កើន​ឡើង ​១២,៥​ ភាគ​រយ​ដល់​ ១,៧​ ពាន​លាន​អឺ​រ៉ូ។

វិ​ស័យ​ទេស​ចរណ៍​

អុី​រ៉ង់​ គឺ​ជា​ទិស​ដៅ​ទេស​ចរ​ណ៍​ដ៏​មាន​សក្តា​នុ​ពល​ធំ​មួយ​​ ប៉ុន្តែ​ក្រុម​​ហ៊ុន​អឺ​រ៉ុប​​នា​នា​​បាន​ដក​ចេញ​​ភ្លាម​ៗ​​បន្ទាប់​​ពី​ការ​ប្រ​កាស​​​​ដាក់​ទណ្ឌ​កម្ម​ឡើង​វិញ​​របស់​អា​មេ​រិក​កាល​ពី​ខែ​​សី​ហា​​។

ក្រុម​ហ៊ុន​អា​កាស​ចរណ៍ British Airways និង​ក្រុម​ហ៊ុន Air France ​បាន​ផ្អាក​សេវា​កាល​ពី​ខែ​​កញ្ញា​ ដោយ​និ​យាយ​ថា​ ជើង​ហោះ​ហើរ​​​របស់​ខ្លួន​មិន​អាច​រស់​រាន​បាន​។

ក្រុម​ហ៊ុន​អា​លឺ្ល​ម៉ង់ Lufthansa ក្រុម​ហ៊ុន​ Austrian Airlines និង​ក្រុម​ហ៊ុន​ Alitalia នៅ​ពេល​ឥឡូវ​នេះ​បន្ត​ហោះ​ហើរ​​ទៅ​ទី​ក្រុង​តេ​អេ​រ៉ង់។

សណ្ឋា​គារ​បារាំង​ Accor Hotels ដែល​បើក​ដំណើរ​ការ​ក្នុង​ប្រ​ទេស​ អុី​រ៉ង់ ​ក្នុង​ឆ្នាំ​ ២០​១៥​ ​បាន​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​​​អំពី​ផែន​ការ​​របស់​ខ្លួន​សម្រាប់​ពេល​អនា​គត​។

សណ្ឋា​គារ​របស់​អេ​ស្ប៉ាញ Melia Hotels International ​ដែល​បាន​ចុះ​កិច្ច​ព្រម​​ព្រៀង​​ឆ្នាំ​ ២០១៦​​ ដើ​ម្បី​បង្កើត​សណ្ឋា​គារ​ផ្កាយ​ ៥ នៅ​ប្រ​ទេស​​អុី​រ៉ង់​ឈ្មោះ Gran Melia Ghoo បាន​​ឲ្យ​ដឹង​កាល​ពី​ខែ​វិ​ច្ឆិ​កា​ថា ខ្លួន​​នៅ​តែ​កំ​ពុង​បន្ត​ទៅ​មុខ​៕​ AFP/PS