ក្រុង​ឌូបៃៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ថា​ ការ​ដាក់​ទណ្ឌកម្ម​​របស់​​​អាមេរិក​​លើ​ប្រទេស ​អ៊ីរ៉ង់ ការ​កើន​ឡើង​​ភាព​ចលាចល​នៅ​​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាង​ជើង និង​ការ​ប្រែប្រួល​តម្លៃ​ប្រេង​ឆៅ កំពុង​ដាក់​បន្ទុក​ដល់​​​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ។

មូលនិធិ IMF បាន​ព្រមាន​​​ក្នុង​របាយការណ៍​ស្តីពី​ចក្ខុ​វិស័យ​សេដ្ឋកិច្ច ដែល​ចេញ​ផ្សាយ​​​ ​២ ឆ្នាំ​ម្តង​របស់​ខ្លួន​​ថា ចក្ខុវិស័យ​​​សម្រាប់​តំបន់​នេះ​ត្រូវ «​បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​​​ភាព​មិន​​ច្បាស់លាស់​កាន់​តែ​ខ្លាំង​»។​

ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ពិភព​លោក​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា៖ «​ភាព​​មិន​ច្បាស់លាស់​​បែប​នេះ​ អាច​​បង្កើន​ការ​ដឹង​ឮ​ពី​ហានិភ័យ​របស់​​​ក្រុម​វិនិយោគិន​សម្រាប់​តំបន់​នេះ​ទាំង​មូល ដែល​បណ្ដាល​​ឲ្យ​មាន​លំហូរ​ចេញ​មូលធន និង​សម្ពាធ​អត្រា​ប្តូរ​ប្រាក់​»។​

មូលនិធិ IMF ព្យាករ​ថា សេដ្ឋកិច្ច​​ក្នុង​ប្រទេស ​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​ឈាន​មុខ​គេ​ទី២​ ក្នុង​តំបន់​​នេះ​បន្ទាប់​ពី​​ប្រទេស​ ​អារ៉ាប៊ី​សាអ៊ូឌីត នឹង​ធ្លាក់ចុះ​ ៦ ​ភាគរយ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​ធ្លាក់ចុះ ​៣,​៩ ​ភាគរយ​កាល​ពី​ឆ្នាំ​ ២០១៨។​

ព័ត៌មាន​អាក្រក់​​សម្រាប់​​ទីក្រុង​តេអេរ៉ង់​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​កាល​ពី​ឆ្នាំ​មុន បន្ទាប់​​ពី​ប្រទេស​មហា​អំណាច​មួយ​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ​ដែល​សម្រេច​បាន​កាល​ពី​ឆ្នាំ ​២០១៥។​

លោក Jihad Azour នាយក​​​ប្រចាំ​តំបន់​មជ្ឈិម​បូព៌ា និង​អាស៊ី​កណ្ដាល​របស់​​មូលនិធិ IMF បាន​ឲ្យ​​ដឹង​ថា ការ​ព្យាករ​ដ៏​អាក្រក់​​នេះ ត្រូវ​បាន​ធ្វើ​ឡើង​​មុន​ពេល​ដែល​អាមេរិក​​​រឹត​បន្តឹង​វិធានការ​នានា​ ដោយ​​កំណត់​ទិសដៅ​លើ​ឧស្សាហកម្ម​ប្រេង​របស់​ប្រទេស ​អ៊ីរ៉ង់ កាល​ពី​សប្ដាហ៍​មុន ដែល​​មាន​ន័យ​ថា ផល​ប៉ះពាល់​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​។​

លោក Azour ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ​ថា ការ​ដាក់​ទណ្ឌកម្ម​បាន​ជំរុញ​ឲ្យ​មាន​អតិផរណា​រួច​ហើយ​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ង់ ​ដល់​ប្រហែល​ ៥០ ​ភាគរយ។​

បញ្ហា​របស់​ប្រទេស អ៊ីរ៉ង់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ប្រយោល​លើ​តួលេខ​​ក្នុង​តំបន់​។​

កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ជា​រួម ត្រូវ​បាន​រំពឹង​ថា​នឹង​នៅ​តែ​មាន​កម្រិត​ខ្សោយ​ដែល​មាន​អត្រា ​១,៣ ​ភាគរយ​នៅ​​ឆ្នាំ​នេះ ធៀប​នឹង ​១,៤ ភាគរយ​កាល​ពី​ឆ្នាំ ២០១៨។​

សម្រាប់​ប្រទេស​​នាំចេញ​ប្រេង​នានា កំណើន​សេដ្ឋកិច្ច​​​បាន​ធ្លាក់ចុះ​ ០,៤ ​ភាគរយ​សម្រាប់​ឆ្នាំ ​២០១៩ ខណៈ​ដែល​សេដ្ឋកិច្ច​របស់​​​បណ្ដា​ប្រទេស​នាំចូល​ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ឡើង​ ៣,៦ ​ភាគរយ​នៅ​​ឆ្នាំ​នេះ ធៀប​នឹង ​៤,២​ ភាគរយ​កាល​ពី​ឆ្នាំ ​២០១៨​។​

បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​របស់​​ក្រុម​ប្រឹក្សា​កិច្ច​សហ​ប្រតិបត្តិការ​ឈូង​សមុទ្រ​ពែក្ស (GCC)​ ដូចជា ប្រទេស ​បារ៉ែន កូវ៉ែត អូម៉ង់ កាតា អារ៉ាប៊ី​សាអ៊ូឌីត និង​អេមីរ៉ាតអារ៉ាប់​រួម ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ឡើង​បន្តិច ដោយ​​​​​កើន​​ដល់​ ២,១ ​ភាគរយ​ធៀប​នឹង​ ២ ភាគរយ​កាល​ពី​ឆ្នាំ ​២០១៨​។​

មូលនិធិ IMF បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​​​​របស់​តំបន់​មជ្ឈិម​បូព៌ា​ទាំង​មូល ត្រូវ​បាន​ប៉ះពាល់​អវិជ្ជមាន​ដោយ​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើងៗ អំពើ​ពុក​រលួយ កំណែ​ទម្រង់​យឺត ​កម្រិត​បំណុល​ខ្ពស់ និង​ការ​ប្រែប្រួល​តម្លៃ​​ប្រេង​ជា​បន្ត​៕ AFP/LA