ក្រុង​តូក្យូៈ ក្រុម​អ្នក​គាំ​ទ្រ​​របស់​ជន​ជាតិ​កូរ៉េ​ខាង​​ត្បូង​ចំ​នួន ​៤ ​នាក់ ដែល​បាន​បម្រើ​ការ​ងារ​ជា​កម្ម​ករ​ដោយ​បង្ខំ​ក្នុង​អំ​ឡុង​​​សង្គ្រាម​សម្រាប់​ក្រុម​ហ៊ុន​របស់​​ប្រ​ទេស​ ជប៉ុន កាល​ពី​ថ្ងៃ​ចន្ទ​បាន​ធ្វើ​ដំ​ណើរ​ទៅ​កាន់​​កា​រិ​យា​ល័យ​កណ្ដាល​របស់​ក្រុម​ហ៊ុន​នេះ​នៅ​ទី​ក្រុង ​តូ​ក្យូ​​ ​ដើ​ម្បី​ទាម​ទារ​​​ប្រាក់​សំ​ណង​​តាម​ការ​បញ្ជា​ដោយ​តុលា​ការ​។​

តុ​លា​ការ​កំ​ពូល​​កូ​រ៉េ​ខាង​ត្បូង​ បាន​សម្រេច​​​កាល​ពី​ខែ​មុន​ថា ​ក្រុម​ហ៊ុន Nippon Steel & Sumitomo Metal ត្រូវ​បង់​ប្រាក់​ឲ្យ​បុរស​ទាំង​នោះ ចំ​នួន ១​០០ លាន​វ៉ុន (៨៨ ០០០ ដុល្លារ​) ក្នុង​ម្នាក់​ៗ​ ពី​បទ​​បង្ខំ​​ឲ្យ​ធ្វើ​ការ​ងារ​​នៅ​ក្នុង​រោង​ចក្រ​ដែក​​ថែប​របស់​​ខ្លួន នៅ​ចន្លោះ​ឆ្នាំ​ ១៩៤១ ដល់​ឆ្នាំ ១៩៤៣។ ​​ក្នុង​ចំ​ណោម​ជន​រង​គ្រោះ​ទាំង​នោះ​ មាន​បុរស​តែ​ម្នាក់​ប៉ុណ្ណោះ​នៅ​រស់​រាន​​មាន​ជី​វិត​។​​

មេ​ធា​វី​របស់​​បុរស​ទាំង​នោះ ​ដែល​​បាន​អម​ដំ​ណើរ​ដោយ​ក្រុម​​អ្នក​គាំ​ទ្រ​ បាន​ធ្វើ​​ដំ​ណើរ​ទៅ​កា​រិ​យា​ល័យ​កណ្ដាល​របស់​ក្រុម​ហ៊ុន​នេះ​នៅ​ទី​ក្រុង​តូ​ក្យូ​ ដើ​ម្បី​ទាម​ទារ​​ប្រាក់​សំ​ណង​ ប៉ុន្តែ​តំ​ណាង​របស់​​ក្រុម​ហ៊ុន​នេះ​មិន​ព្រម​ជួប​​​ពួក​គេ​​។​

ប្រ​ព័ន្ធ​ព័ត៌​មាន​ក្នុង​ប្រ​ទេស​ កូ​រ៉េ​ខា​ង​ត្បូង​​បាន​រាយ​ការណ៍​ថា​ លោក Kim Se Un ដែល​ជា​មេ​ធា​វី​ម្នាក់​​​ក្នុង​ចំ​ណោម​មេ​ធា​វី​​ការ​ពារ​ក្តី​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​នេះ​​ពួក​គេ​នឹង «​ចាប់​ផ្ដើម​នី​តិ​វិ​ធី​​ក្នុង​ការ​រឹប​អូស​» ទ្រព្យ​សកម្ម​របស់​​​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​របស់​ក្រុម​ហ៊ុន​ Nippon Steel & Sumitomo Metal។​

សេចក្ដី​សម្រេច​របស់​តុលា​ការ​ បាន​ជំ​រុញ​​​​ឲ្យ​មាន​ជម្លោះ​ថ្មី​មួយ​រវាង​​ប្រ​ទេស​ ជប៉ុន និង​កូ​រ៉េ​ខាង​ត្បូង​ ដែល​សម្ព័ន្ធ​មិត្ត​អា​មេ​រិក​ទាំង​ ២ ​នេះ​ បាន​​ប្រ​ឈម​នឹង​ចិន​ដែល​ជា​ប្រ​ទេស​ជិត​ខាង​ដ៏​មាន​​ឥទ្ធិ​ពល​ និង​ការ​គំ​រាម​កំ​ហែង​រយៈ​ពេល​វែង​របស់​ទី​ក្រុង​ព្យុង​យ៉ាង​ដែល​មាន​អា​វុធ​​នុយ​ក្លេ​អ៊ែរ​។​​

លោក​នា​យក​រដ្ឋ​មន្ដ្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​រិះ​គន់​យ៉ាង​ខ្លាំង​ដល់​សេច​ក្ដី​សម្រេច​នេះ ដោយ​លើក​ឡើង​ថាវា​ «​មិន​អាច​ធ្វើ​បាន​នោះ​ទេ» ស្ថិត​ក្រោម​ច្បាប់​អន្តរ​ជាតិ​ ហើយ​​បញ្ហា​នោះ​ត្រូវ​បាន​ «​ដោះ​ស្រាយ​បញ្ចប់​ទាំង​ស្រុង​ហើយ​» ដោ​យ​សន្ធិ​សញ្ញា​ឆ្នាំ ១៩៦៥ ដែល​បាន​ស្ដារ​ទំ​នាក់​ទំ​នង​ការ​ទូត​រវាង​​ប្រ​ទេស​ទាំង​ ២ ឡើង​វិញ​នោះ​។​

កាល​ពី​ថ្ងៃ​ចន្ទ លោក Yoshihide Suga លេ​ខា​ធិ​ការ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី​ជប៉ុន​បាន​ជំ​រុញ​​ឲ្យ​​ទី​ក្រុង​សេ​អ៊ូល​ ចាត់​វិ​ធាន​ការ​ដើ​ម្បី​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​​នេះ​ស្ងប់​ស្ងាត់​​វិញ។​ ​

ជន​ជាតិ​កូ​រ៉េ​ប្រ​ហែល ៧៨០ ០០០ នាក់​ត្រូវ​បាន​កេណ្ឌ​ឲ្យ​ធ្វើ​កម្ម​ករ​ដោយ​បង្ខំ​ដោយ​ជប៉ុន ក្នុង​អំ​ឡុង​កាន់​កាប់​ឧប​ទ្វីប​នេះ​រយៈ​ពេល ៣៥ ឆ្នាំ​របស់​ខ្លួន៕ AFP/LA