ក្រុង​ហាណូយៈ វិនិយោគិន​គួរ​តែ​ឃ្លាំងមើល​ដោយ​ប្រុងប្រយ័ត្ន​​​លើ​ទីផ្សារ​ហ៊ុន​វៀតណាម ខណៈ​ចលនា​តម្លៃ​​​មាន​លក្ខណៈ​រសើប​ ​និង​បាន​បង្ហាញ​និន្នាការ​មិន​ច្បាស់​លាស់​។ នេះ​​បើ​យោង​តាម​​​ក្រុម​អ្នក​វិភាគ​កាល​ពី​ថ្ងៃ​ចន្ទ​។

សន្ទស្សន៍​​ហ៊ុន​គោល VN-Index ​​របស់​​​ផ្សារហ៊ុន​ក្រុង​​ហូជីមិញ​ ​បាន​ធ្លាក់ចុះ ​០,៧១ ​​ភាគរយ​​​កាល​ពី​ថ្ងៃ​សុក្រ​​​ជា​ពេល​បិទ​ផ្សារហ៊ុន​ប្រចាំ​​សប្តាហ៍​​មក​នៅ​ត្រឹម ​៩៨៨,៧១​ ពិន្ទុ។ ការ​ធ្លាក់​ចុះ​​ប្រចាំ​សប្តាហ៍​​មុន​មាន ​១,៥៤ ​ភាគរយ​។

សន្ទស្សន៍ HNX-Index របស់​ផ្សារហ៊ុន​ក្រុង​ហាណូយ​ ដែល​ជា​ផ្សារហ៊ុន​តូច​ជាង​​ទីផ្សារ​ក្រុង​ហូជីមិញ ​​បាន​កើន​ឡើង ​០,២៦ ​ភាគរយ​​នៅ​ពេល​បិទ​ទីផ្សារ​​ក្នុង​ពេល​ដូច​គ្នា​នោះ​ដល់ ​១០៨,០៩ ពិន្ទុ ដែល​ជួយ​កាត់​បន្ថយ​​​​ការ​ធ្លាក់​ចុះ​ប្រចាំ​សប្តាហ៍​​មក​នៅ​​កម្រិត ​២,១៣ ​​ភាគរយ។

ភាគហ៊ុន​​ជា​មធ្យម​ចំនួន​ ២៨៧​ លាន​​ហ៊ុន​​​​ត្រូវ​បាន​ជួញដូរ​​​​ក្នុង​​​វគ្គ​ជួញដូរ​នីមួយៗ​​​កាល​ពី​សប្តាហ៍​មុន ដែល​មាន​តម្លៃ​​​​ ៦,៤ ​ពាន់​ពាន់​លាន​ដុង ​(២៧៤​ លាន​ដុល្លារ​អាមេរិក)។

សន្ទនីយភាព​បាន​កត់ត្រា​ការ​​ធ្លាក់​ចុះ ​៥ វគ្គ​​ជាប់​គ្នា​នៅ​​​សប្តាហ៍​មុន ខណៈ​ដែល​ការ​ធ្លាក់ចុះ​​លំហូរ​​សាច់​ប្រាក់​បាន​​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រុងប្រយ័ត្ន​របស់​វិនិយោគិន ​។ នេះ​បើ​យោង​តាម Nguyen Hoang Viet ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ទីផ្សារ​នៃ​ក្រុមហ៊ុន​​មូលបត្រ​ VietinBank Securities ដែល​​​ប្រាប់​​គេហទំព័រ​ tinnhanhchungkhoan.vn។

លោក Viet បាន​ថ្លែង​​ថា​ វិនិយោគិន​គួរ​​តែ​​ចាក​ចេញ​ពី​ទីផ្សារ​បណ្តោះអាសន្ន​​​ដើម្បី​តាម​ដាន​​ចលនា​របស់​សន្ទស្សន៍​ហ៊ុន​ទាំង ​២ នេះ​ ​និង​កាត់​បន្ថយ​ការ​ទិញ​ភាគហ៊ុន​មក​នៅ​ត្រឹម​​កម្រិត​ដែល​មាន​សុវត្ថិភាព​មួយ និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ប្រាក់​នៃ​​កម្ចី​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​ឈ្មួញ​ជើងសា (margin rate)។ ​

យោង​តាម​ក្រុមហ៊ុន​មូលបត្រ Bao Viet Securities Company ផ្សារហ៊ុន​វៀតណាម​កំពុង​ឡើង​ចុះ​​ ហើយ​និន្នាការ​មាន​ភាព​​​មិន​ច្បាស់​លាស់​។

ដូច្នេះ ការ​ប្រឈម​ទៅ​នឹង​ទិញ​ភាគហ៊ុន គួរ​កម្រិត​នៅ​ត្រឹម ៣០ ទៅ ៤០ ភាគរយ​នៃ​ផលបត្រ​វិនិយោគ។ ​វិនិយោគិន​ដែល​មាន​សមាមាត្រ​ភាគហ៊ុន​ខ្ពស់​នៃ​ផលបត្រ​វិនិយោគ អាច​ពិចារណា​កាត់​បន្ថយ​សមាមាត្រ​នេះ​​ក្នុង​វគ្គ​ជួញដូរ​ដែល​តម្លៃ​កើន​ឡើង។

ម្យ៉ាង​វិញ​ទៀត វិនិយោគិន​ដែល​មាន​​សមាមាត្រ​សាច់​ប្រាក់​ខ្ពស់​ អាច​ពិចារណា​ទិញ​ភាគហ៊ុន​វិញ ដោយ​កំណត់​អាទិភាព​ស្ថានភាព​ដែល​មាន​ស្រាប់​នៃ​ផលបត្រ​វិនិយោគ​របស់​ពួក​គេ​នៅ​ក្នុង​​កម្រិត​តម្លៃ​ទាប (support zone)។

ទីផ្សារ​ហ៊ុន​វៀតណាម​បាន​ជួប​ប្រទះ​​ការ​ធ្លាក់ចុះ​ខ្លាំង​នៅ​ថ្ងៃ​ទី​ ២១ ខែ ​មីនា ​ដោយ​សន្ទស្សន៍​ហ៊ុន VN-Index ធ្លាក់ចុះ ២,០៥ ភាគរយ​ក្នុង​អំឡុង​ពេល​ជួញដូរ​នៅ​ថ្ងៃ​នោះ។

លោក Viet បាន​ថ្លែង​ថា៖ «ទីផ្សារហ៊ុន​វៀតណាម​តែងតែ​មាន​ប្រតិកម្ម​តប​​យ៉ាង​ឆាប់​រហ័ស​ទៅ​នឹង​កត្តា​ខាង​ក្រៅ ជា​ពិសេស​ចំពោះ​ព័ត៌មាន​អវិជ្ជមាន។ ការណ៍​នេះ ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​​ក្នុង​វគ្គ​ជួញដូរ​នៅ​ថ្ងៃ​ទី ​២១ ខែ ​មីនា»។

នៅ​ថ្ងៃ​ទី ២១ ខែ ​មីនា កិច្ច​ប្រជុំ​ស្តីពី​គោល​នយោបាយ​ប្រចាំ​ខែ ​មីនា ​របស់​ធនាគារ​កណ្តាល​អាមេរិក បាន​បង្ហាញ​លទ្ធផល​របស់​ខ្លួន ដែល​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ផ្សារហ៊ុន​ពិភព​​លោក និង​ក្នុង​ស្រុក។

ធនាគារ​កណ្តាល​អាមេរិក​បាន​ទម្លាក់​​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​របស់​អាមេរិក​ពី ២,៣ ភាគរយ​មក​នៅ​ត្រឹម ២,១ ភាគរយ និង​អត្រា​អតិផរណា​ប្រចាំ​ឆ្នាំ​ពី ១,៩ ភាគរយ​មក​​នៅ​ត្រឹម ១,៨ ភាគរយ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​​សកល និង​សេដ្ឋកិច្ច​​​អាមេរិក។

យោង​តាម​លោក Viet ចំណាត់​ការ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ចំណោម​វិនិយោគិន និង​មាន​ការ​ធ្លាក់ចុះ​លំហូរ​សាច់​ប្រាក់​។

ទោះ​យ៉ាងណា ធនាគារ​កណ្តាល​នេះ​​បាន​រក្សា​អត្រា​ការ​ប្រាក់​គោល​​នៅ​កម្រិត​ពី ២,២៥ ទៅ ២,៥ ភាគរយ​ដដែល ហើយ​បាន​បង្ហាញ​សញ្ញា​ថា​នឹង​មិន​ដំឡើង​ទៀត​ទេ​នៅ​ឆ្នាំ​នេះ។

យោង​តាម Ngo The Hien អនុប្រធាន​ផ្នែក​វិភាគ​ប្រចាំ​ក្រុមហ៊ុន​មូលបត្រ Sai Gon-Hanoi Securities Company (SHS) ដំណឹង​នេះ​​​បាន​គាំទ្រ​​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​​ខ្លាំង​ជា​ទូទៅ និង​ទីផ្សារ​ហ៊ុន​វៀតណាម​ជា​ពិសេស៕ ANN/KC