ក្រុង​ឡុងដ៍ៈ ទណ្ឌ​កម្ម​របស់​ស​ហ​រដ្ឋ​អា​មេ​រិក​ប្រ​ឆាំង​នឹង​អ្នក​​នាំ​ចូល​ប្រេង​ឆៅ​ពី​​ប្រ​ទេស ​អុី​រ៉ង់ គំ​រាម​កំ​ហែង​ដល់​តុល្យ​ភាព​ដ៏​គ្រោះ​ថ្នាក់​របស់​ទី​ផ្សារ​ប្រេង​ឆៅ និង​បង្ក​ហា​និ​ភ័យ​កំ​ណើន​តម្លៃ​ប្រេង។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំ​នាញ។

លោក Riccardo Fabiani អ្នក​វិ​ភាគ​មួយ​រូប​ប្រឆាំង​ក្រុម​ហ៊ុន Energy Aspects បាន​ថ្លែង​ថា៖ «ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ មនុស្ស​គ្រប់​គ្នា​នឹង​​សម្លឹង​​មើល​លើ​​ការ​នាំ​ចេញ​ប្រេង​រ​បស់​អុី រ៉ង់ ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​ជុំ​វិញ​ទណ្ឌ​កម្ម​របស់​អា​មេ​រិក និង​ថា​តើ​ផលិត​កម្ម​នឹង​ធ្លាក់​ចុះ​លឿន​កម្រិត​ណា?»។

ស​ហ​រដ្ឋ​អា​មេ​រិក​ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​​ទៅ នឹង​កំ​ណត់​ទិស​ដៅ​អ​តិ​ថិ​ជន​ដែល​ទិ​ញ​ប្រេង​ឆៅ​អុី​រ៉ង់ ដើ​ម្បី​រា​រាំង​ទី​ក្រុង​តេ​អេ​រ៉ង់​ពី​ប្រ​ភព​ប្រាក់​ចំ​ណូល​ដ៏​ចម្បង​របស់​ខ្លួន។

ទណ្ឌ​កម្ម​លើ​វិ​ស័យ​ប្រេង​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទី​ក្រុង​ តេ​អេ​រ៉ង់​ តែ​វា​ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សសរ​ស្តម្ភ​ដ៏​ធំ​មួយ​របស់​​ទី​ផ្សារ​ប្រេង​ពិ​ភព​លោក​ផង​ដែរ ដោយ​សារ​អុី​រ៉ង់​គឺ​ជា​ប្រ​ទេស​ផលិត​ប្រេង​ធំ​ទី ៣ ក្នុង​អង្គ​ការ​ប្រ​ទេស​នាំ​ចេញ​ប្រេង OPEC ដោយ​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​នឹង​ធ្លាក់​ទៅ​លើ​ការ​ផ្គត់​ផ្គង់​ប្រេង​ពិ​ភព​លោក។

ប្រ​ទេស​ អុី​រ៉ង់ ​បាន​នាំ​ចេញ​ប្រេង​ឆៅ​ប្រ​ហែល ២,៥ លាន​បា​រ៉ែល​ក្នុង​ ១ ថ្ងៃ​កាល​ពី​ខែ ​មេ​សា មុន​ពេល​ការ​ប្រ​កាស​ពី​ការ​ដាក់​ទណ្ឌ​កម្ម​បាន​ជំ​រុញ​ឲ្យ​អ​តិ​ថិ​ជន​ងាក​ចេញ​ឆ្ងាយ​ពី​ប្រ​ទេស​នេះ។

លោក Giovanni Staunovo អ្នក​វិ​ភាគ​ប្រ​ចាំ​ក្រុម​ហ៊ុន UBS ដែល​រំ​ពឹង​ថា​តម្លៃ​ប្រេង​​នឹង​កើន​ឡើង​នោះ បាន​ថ្លែង​ថា៖ «ទោះ​ជា​អា​មេ​រិក​ផ្តល់​ការ​លើក​លែង​ក្តី ក៏​ទី​ក្រុង​វ៉ា​ស៊ីន​តោន​នឹង​ទាម​ទារ​ថា ប​រិ​មាណ​នាំ​ចូល​​ពី​អុី​រ៉ង់​នឹង​ត្រូវ​កាត់​បន្ថយ​​ច្រើន​ដែរ»៕ AFP/KC