ភ្នំពេញៈ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៦ លាននាក់ នៅឆ្នាំ ២០១៩ កើនឡើង ៦,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ នេះបើយោងតាមទិន្នន័យពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។
ទិន្នន័យបានបង្ហាញថា នៅឆ្នាំ ២០១៩ ភ្ញៀវទេសចរអន្តរជាតិសរុបដែលធ្វើដំណើរមកកម្ពុជាមានចំនួន ៦,៦១ លាននាក់ កើនឡើង ៦,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន ៦,២០ លាននាក់។
ទិន្នន័យបង្ហាញថា ចិននៅតែបន្តនាំមុខក្នុងចំណោមទេសចរបរទេស ដែលមានចំនួន ២,៣ ៦ លាន កើនឡើង ១៦,៧ ភាគរយ ភ្ញៀវវៀតណាមមាន ៩០៨ ៨០៣ នាក់ កើន ១៣,៦ ភាគរយ ថៃ ៤៦៦ ៤៩៣ នាក់ កើនឡើង ២២ ភាគរយ ឡាវ ៣៦៣ ៩៥១ នាក់ ថយចុះ ១៤,៦ ភាគរយ និងកូរ៉េខាងត្បូងមានចំនួន ២៥៤ ៨៧៤ នាក់ ថយចុះ ១៥,៥ ភាគរយ។
ដោយឡែកភ្ញៀវទេសចរផ្សេងទៀតរួមមាន អាមេរិក ២៤៨ ៨៦៣ នាក់ ថយចុះ ០,៨ ភាគរយ ជប៉ុន ២០៧ ៦៣៦ នាក់ ថយចុះ ១,៣ ភាគរយ និងម៉ាឡេស៊ីមានចំនួន ២០៣ ០០៨ នាក់ កើនឡើង ០,៩ ភាគរយ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី ១ ខែកុម្ភៈបាននិយាយថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកជួបនឹងបញ្ហាប្រឈមមួយចំនួនក្តី ក៏កម្ពុជានៅតែអាចរក្សាបាននូវកំណើនភ្ញៀវទេសចរអន្តរជាតិ។
លោកបន្តថា ជាមួយគ្នានេះចំនួនភ្ញៀវទេសចរជនជាតិខ្មែរដែលធ្វើដំណើរចេញក្រៅប្រទេសមានចំនួន ២,០១ លាននាក់ កើនឡើង ២,០១ ភាគរយ បើប្រៀបធៀបឆ្នាំ ២០១៨។
ទិន្នន័យក្រសួងទេសចរណ៍បានឲ្យដឹងថា ភ្នំពេញគឺជាកន្លែងដែលទទួលបានភ្ញៀវទេសចរអន្ដរជាតិច្រើនជាងគេ ដោយមានចំនួន ៤,៤ លាននាក់ កើនឡើង ២២ ភាគរយធៀបនឹងឆ្នាំ ២០១៨។ តំបន់សៀមរាបអង្គរទទួលបានទេសចរអន្ដរជាតិ ២,២ លាននាក់ ថយចុះ ១៤,៩ ភាគរយ តំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរអន្ដរជាតិ ១,២ លាននាក់នាក់កើនឡើង ៣៧,៣ ភាគរយ។
ចំណែកតំបន់អេកូទេសចរណ៍ភូមិភាគឦសានទទួលបានភ្ញៀវទេសចរអន្ដរជាតិ ៨១ ៥៨៨ នាក់ កើនឡើង ៨,៦ ភាគរយ និងតំបន់ប្រាសាទព្រះវិហារ ទទួលបានទេសចរអន្ដរជាតិនាក់ ៥៤ ៦០៦ ថយចុះ ៣,៥ ភាគរយ។
ទោះយ៉ាងណាអត្រាកំណើន ៦,៦ ភាគរយ ក្នុងឆ្នាំ ២០១៩ បើធៀបនឹងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះឃើញថាគឺជាឆ្នាំដែលមានអត្រាកំណើនស្ថិតក្នុងកម្រិតទាបជាងគេ។
ទិន្នន័យក្រសួងទេសចរណ៍បានឲ្យដឹងថាកាលពីឆ្នាំ ២០១៧ ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន ៥,៦០ លាននាក់ កើនឡើង ១១,៨ ភាគរយធៀបនឹងឆ្នាំ ២០១៦ ដែលមានចំនួន ៥,០១ លាននាក់ ចំណែកឆ្នាំ ២០១៨ ភ្ញៀវទេសចរមានចំនួន ៦,២០ លាននាក់ កើនឡើង ១០,៧ ភាគរយ។
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ខណៈអត្រាកំណើននៃចំនួនភ្ញៀវទេសចរនៅលើពិភពលោកធ្លាក់ចុះពីក្នុងរង្វង់ ៥ ភាគរយក្នុងឆ្នាំ ២០១៨ មកនៅត្រឹម ៣ ភាគរយក្នុងឆ្នាំ ២០១៩ នោះការទទួលបានកំណើនភ្ញៀវទេសចរនៅកម្ពុជាក្នុងអត្រាជាង ៦ ភាគរយនេះគឺអាចនិយាយថា ជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជា។ លោកថ្លែងថា៖ «ទោះបីវិស័យទេសចរណ៍នៅលើពិភពលោកកំពុងប្រឈមនឹងបញ្ហាលំបាកមួយចំនួនក៏ដោយ ប៉ុន្តែវិស័យទេសចរណ៍នៅកម្ពុជានៅតែបង្ហាញពីភាពល្អប្រសើរដដែល»។
បើតាមលោក ជំនោរ របាយការណ៍ស្តីពីវិស័យទេសចរណ៍លើពិភពលោក គេបានចាត់ទុកថា វិស័យទេសចរណ៍ក្នុងពិភពលោកមិនមានភាពល្អប្រសើរទេក្នុងឆ្នាំ ២០១៩ ដោយសារវាមានឧបសគ្គមួយចំនួនដូចជា ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន វិបត្តិនៅតំបន់មជ្ឈិមបូព៌ា ការធ្លាក់ចុះអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗ និងកត្តាការប្រែប្រួលអាកាសធាតុជាដើម។
បើទោះបីជាមិនបានបង្ហាញពីភាពសុទិដ្ឋិនិយមក្នុងការទទួលបានកំណើនខ្ពស់ឡើងវិញនៅក្នុងឆ្នាំ ២០២០ ក៏ដោយលោក ជំនោរ បាននិយាយថា៖ «សម្រាប់ឆ្នាំ ២០២០ នេះក្រសួងទេសចរណ៍ក៏បាននិងកំពុងរៀបចំយុទ្ធសាស្ត្រថ្មីៗដើម្បីបង្កើនភាពទាក់ទាញឲ្យមកទស្សនាកម្ពុជាបានកាន់តែច្រើន»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានឲ្យដឹងថា បើទោះបីជាភ្ញៀវទេសចរបរទេសមកកម្ពុជានៅតែមានកំណើន តែកម្ពុជាក៏ត្រូវការចាំបាច់បន្ត និងពង្រីកកិច្ចសហការរវាងអាជ្ញាធរ និងវិស័យឯកជនឲ្យបានកាន់តែខ្លាំងបន្ថែមទៀត។
លោកថ្លែងថា៖ «ការរៀបចំឲ្យមានព្រឹត្តិការណ៍អន្តរជាតិដើម្បីបង្ហាញពីសក្តានុពល និងទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិ មានភាពចាំបាច់ណាស់សម្រាប់កម្ពុជា»។
ទោះបីយ៉ាងនេះក្តីលោកបានដាក់ក្តីបារម្ភថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មីចេញពីទីក្រូងវូហានប្រទេសចិននៅពេលនេះក៏ជាចំណែកមួយដែលកំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់កម្ពុជាផងដែរ៕LA