ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០១៩ កើនឡើង​ ៣៨,៣៩ ​ភាគរយ ​រហូត​ដល់​ជាង ៥,៤៥ ​ពាន់​លាន​ដុល្លារ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ការិយាល័យ​ជំរឿន​សហរដ្ឋអាមេរិក​។

ទិន្នន័យ​បង្ហាញថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​អាមេរិក​ក្នុង​អំឡុង​ពេលនេះ​មាន​តម្លៃ​ជាង​ ៤,៩៧​ ពាន់​លាន​ដុល្លារ​ កើនឡើង ៤០,៥០ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ ៣,៥៣ ​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​មាន​តម្លៃ ៤៨៤,១ ​លាន​ដុល្លារ កើនឡើង ២០ ​ភាគរយ​ពី​ចំនួន ៤០៣,៤ ​លាន​ដុល្លារ​។

កាលពី​ឆ្នាំ​ ២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង​ ២ មាន​តម្លៃ​ ៤,២៦ ​ពាន់​លាន​ដុល្លារ​ កើនឡើង ២៣,១៣​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ដែលមាន​តម្លៃ ៣,៤៦ ​ពាន់​លាន​ដុល្លារ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម បាន​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​។

លោក​បាន​លើកឡើង​ថា កំណើន​ទំហំ​ពាណិជ្ជកម្ម​នៅពេល​នេះ​ក៏ដោយសារ​ប្រទេស​ កម្ពុជា​ ទទួល​បាន​ការអនុគ្រោះ​ពន្ធ (GSP) សម្រាប់​ការនាំ​ទំនិញ​មួយចំនួន​ទៅ​កាន់​អាមេរិក​ផងដែរ​។

លោក​ថ្លែងថា​៖ «​អាមេរិក​គឺជា​ទីផ្សារ​យុទ្ធសាស្ត្រ​ដ៏សំខាន់​របស់​កម្ពុជា ដូច្នេះ​បើ​យើង​អាច​រក្សាបាន​ស្ថានភាព​ល្អប្រសើរ​បែបនេះ វា​ប្រាកដ​ជាមាន​កំណើន​យូរអង្វែង​ជា​បន្តទៀត​»​។ លោក​បាន​បញ្ជាក់ថា​៖ «​អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ធំជាង​គេ​ទី​ ១ របស់​កម្ពុជា​»​។

លោក​បន្តថា ទន្ទឹម​នឹង​កំណើន​នៃ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​នោះ បច្ចុប្បន្ន​ក៏មាន​ក្រុមហ៊ុន​មកពី​អាមេរិក​ជាច្រើន​បាន​ចូលមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ លោក​បន្តថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាមេរិក​ជាង ៣០០ កំពុង​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ជាច្រើន​។

យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា អាមេរិក គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ដោយ​អាមេរិក​បាន​កាន់​ចំណែក​ទីផ្សា​រហូត​ដល់ ២៩ ភាគរយ​ក្នុងចំណោម​ទឹកប្រាក់​នាំចេញ​សរុប ១០,៩ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល ៩​ ខែ ឆ្នាំ​ ២០១៩​។ ចំណែក​ការនាំ​ចូល​វិញ​អាមេរិក​មាន​ចំណែក​ត្រឹមតែ ២ ​ភាគរយ​ប៉ុណ្ណោះ ​ក្នុង​ចំនួន​ទឹកប្រាក់ ១៦,៥ ​ពាន់​លាន​ដុល្លារ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយថា ការកើនឡើង​ក្នុង​អត្រា​ខ្ពស់ជាង ៣០ ​ភាគរយ​នេះ គឺជា​រឿង​ល្អ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ដែល​ភាព​ល្អប្រសើរ​នេះ ក៏​ដោយសារ​តែ​កម្ពុជា​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​អាមេរិក​ផងដែរ​។

លោក​បាន​បន្តថា កំណើន​នេះ​អាច​នឹង​ធ្លាក់ចុះ​វិញ​ខ្លះ ប្រសិន​បើ​អាមេរិក​ដកយក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​កម្ពុជា​។ ហេតុនេះ​ការស្វែងរក​ដៃគូ​ថ្មី គឺជា​ការចាំបាច់​។ លោក​ថ្លែងថា​៖ «​ការគិតគូរ​ពី​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​ថ្មីៗ​នៅតែ​ជា​កិច្ចការ​ចាំបាច់​ដែល​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​បន្ថែម​ទៀត ព្រោះ​នៅពេល​មាន​ទីផ្សារ​ច្រើន វា​នឹង​ធ្វើឲ្យ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​កាន់តែ​មាន​លំនឹង​ល្អ​»​។

បើ​តាម​លោក វណ្ណៈ ទន្ទឹម​នឹង​ការខិតខំ​ពង្រីក​ទីផ្សារ​ថ្មី​នោះ កម្ពុជា​ក៏ត្រូវ​គិតគូរ​ពី​ការពង្រឹង​គុណភាព​ផលិតផល​របស់ខ្លួន​ផងដែរ​។

ទំនិញ​ដែល​ប្រទេស​កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិក​ភាគច្រើន​គឺជា​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​គ្រឿងអគ្គិសនី ចំណែក​ទំនិញ​ដែល​អាមេរិក​នាំមក​កម្ពុជា​វិញ​មានដូចជា រថយន្ត គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​សម្រេច​មួយចំនួន​ទៀត​៕