ក្រុង​កាត់ថ្មាន់ឌូៈ ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី (AIIB) បាន​អនុម័ត​​កម្ចី​លើក​ដំបូង​របស់​ខ្លួន​សម្រាប់​​ប្រទេស ​នេប៉ាល់ ចាប់​ពី​ធនាគារ​ដែល​គាំទ្រ​ដោយ​ប្រទេស ​ចិន ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤។

នេប៉ាល់​នឹង​ទទួល​បាន​​ប្រាក់​កម្ចី​ចំនួន ៩០ លាន​ដុល្លារ ​សម្រាប់​ការ​សាងសង់​រោងចក្រ​វារីអគ្គិសនី Upper Trishuli 1 ទំហំ ២១៦ មេហ្គាវ៉ាត់​នៅ​ស្រុក Rasuwa។

ធនាគារ AIIB ​ដែល​បាន​ស្វាគមន៍​ការ​វិនិយោគ​ដំបូង​របស់​ខ្លួន​ក្នុង​ប្រទេស ​នេប៉ាល់ ​ថា​ជា​ឧទាហរណ៍​មួយ​នៃ​របៀប​សម្របសម្រួល​ការ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​នោះ ​ឲ្យ​ដឹង​ថា​រោងចក្រ​វារីអគ្គិសនី​តម្លៃ ៦៤៧,៤ លាន​ដុល្លារ​នេះ​ នឹង​​បង្កើន​ការ​បង្កើត​ថាមពល​របស់​នេប៉ាល់​ជិត ២០ ភាគរយ។

លោក Dong-ik Lee អគ្គនាយក​​ធនាគារ AIIB បាន​ថ្លែង​​ថា៖ «ការ​វិនិយោគ​របស់ ​AIIB នឹង​ផ្តល់​ហិរញ្ញប្បទាន​ដែល​ត្រូវការ​ខ្លាំង​ និង​រយៈពេល​វែង​សម្រាប់​គម្រោង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​មួយ»។ លោក​បន្ថែម​ថា៖ «យើង​​មាន​ទំនុក​ចិត្ត​ថា ការ​វិនិយោគ​របស់​យើង​នឹង​បង្ហាញ​ពី​ភាព​អាច​រក​បាន​នៃ​វិស័យ​ថាមពល​ប្រកប​ដោយ​និរន្តរភាព​របស់​នេប៉ាល់​ទៅ​កាន់​​វិនិយោគិន​វិស័យ​​ឯកជន​សក្តានុពល​ផ្សេងៗ»។

ធនាគារ AIIB មាន​ផែនការ​ចាប់​ផ្តើម​បញ្ចេញ​ទឹក​ប្រាក់​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​ចាប់​ពី​ខែ ​តុលា ឆ្នាំ ​២០១៩ ទៅ។ គម្រោង​នេះ ដែល​ត្រូវ​បាន​អភិវឌ្ឍ​ក្រោម​រូបភាព​ BOT ដោយ​​ក្រុមហ៊ុន Nepal Water and Energy Development Company ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​តាមរយៈ​ទាំង​បំណុល​ និង​ការ​បោះផ្សាយ​​លក់​​ភាគហ៊ុន។

បំណុល​សរុប​មាន​ចំនួន ៤៥​៣,២ លាន​ដុល្លារ ហើយ​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ទាំង​ស្រុង​ដោយ​មូលធន​បរទេស​រួម​ទាំង​ពី IFC ​និង​ធនាគារ ADB ផង​ដែរ៕ ANN/KC