ក្រុងស៊ីដនីៈ ធនាគារកណ្ដាលរបស់ប្រទេស អូស្ដ្រាលី កាលពីថ្ងៃអង្គារបានរក្សាអត្រាការប្រាក់ក្នុងកម្រិតទាបបំផុតមិនធ្លាប់មាន ទោះបីជាមាន «ភាពមិនច្បាស់លាស់» ជុំវិញការចំណាយរបស់អតិថិជនមុនរដូវបុណ្យក៏ដោយ។
លោក Philip Lowe ប្រធានធនាគារកណ្ដាលរបស់ប្រទេស អូស្ដ្រាលី ឲ្យដឹងថា អត្រាការប្រាក់នឹងរក្សានៅដដែលក្នុងអត្រា ០,៧៥ ភាគរយ ខណៈដែលហានិភ័យដែលបង្កឲ្យមានការធ្លាក់ចុះក្នុងសេដ្ឋកិច្ចពិភពលោក «បានធូរស្រាលនៅពេលថ្មីៗនេះ»។
ប្រទេសដែលសម្បូរធនធានមួយនេះបានកត់ត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំទាបបំផុតរបស់ខ្លួនក្នុងរយៈពេល ១ ទសវត្សរ៍ សម្រាប់ឆ្នាំដែលបញ្ចប់នៅខែមិថុនា ដោយកើនឡើងតែ ១,៤ ភាគរយប៉ុណ្ណោះ ប៉ុន្តែលោក Lowe បានឲ្យដឹងថា សេដ្ឋកិច្ចនេះបានដើរចូលមកដល់ «ចំណុចរបត់មិនសូវខ្លាំង»។ លោកបានមើលឃើញកំណើនកើនឡើងដល់ ៣ ភាគរយ នៅឆ្នាំ ២០២១។
លោក Lowe បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «កម្រិតទាបនៃអត្រាការប្រាក់ ការកាត់បន្ថយពន្ធនៅពេលថ្មីៗ ការចំណាយជាបន្តលើហេដ្ឋារចនាសម្ព័ន្ធ ការកើនឡើងតម្លៃលំនៅឋាន និងចក្ខុវិស័យកាន់តែប្រសើរសម្រាប់វិស័យធនធាន ទាំងអស់នេះគួរតែគាំទ្រដល់កំណើនសេដ្ឋកិច្ច»។
អូស្ដ្រាលីកំពុងជម្នះជាមួយនឹងកំណើនប្រាក់ឈ្នួលទាប ដែលលោក Lowe បានឲ្យដឹងថា នឹងនៅតែមានកម្រិតទាប «ក្នុងអំឡុងពេលណាមួយ»។
ក្រុមអ្នកវិភាគរំពឹងថា នឹងមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត នៅមុនថ្ងៃចូលឆ្នាំថ្មី៕ LA