ហាណូយៈ​ ប្រ​ធាន​ប្រតិ​បត្តិ​ ២ រូប​មក​ពី​​ក្រុម​ហ៊ុន​ផលិត​នា​វា​​គ្រប់​គ្រង​ដោយ​រដ្ឋ​ជិត​ក្ស័យ​ធន​មួយ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រ​ទេស​ វៀត​ណាម ដោយ​សារ​ការ​ចោទ​ប្រ​កាន់​ពី​បទ​លួច​បន្លំ​ប្រាក់ ៤,​៥ ​​លាន​ដុល្លារ ជា​ការ​ផ្សំ​គំ​និត​ជា​មួយ​​ធនា​គារ​ ដែល​ញាំ​ញី​ដោយ​រឿង​អា​ស្រូវ​មួយ ខណៈ​​ប្រ​ទេស​ឯក​បក្ស​មួយ​នេះ​ ពង្រីក​ការ​បង្រ្កាប​អំ​ពើ​ពុក​រលួយ​ដែល​មិន​ធ្លាប់​មាន​របស់​ខ្លួន​។​

មនុស្ស​ធ្លាប់​មាន​​ប្រាក់​ច្រើន​ទាំង​នេះ​ គឺជា​អ​តីត​មន្ដ្រី​ចុង​ក្រោយ​បំ​ផុត​ ដែល​​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​​សំ​ណាញ់​ដ៏​ច្រ​បូក​​ច្រ​បល់​មួយ​ នៃ​រឿង​ក្ដី​ពុក​រលួយ​ដែល​ភ្ជាប់​ទំ​នាក់​ទំ​នង​​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​រដ្ឋ​មួយ​ចំ​នួនជា​មួយ​ធនា​គារ​ ដែល​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​គ្រប់​គ្រង​មិន​ត្រឹម​ត្រូវ ​និង​អំ​ពើ​ពុក​រលួយ​។​

ប្រ​ធាន​ធនា​គារ​ ពា​ណិជ្ជ​ករ​ និង​អតី​ត​មន្ដ្រី​ជា​ច្រើន​ត្រូវ​បាន​ចាប់​ដាក់​គុក​ ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ដែល​បាន​រៀប​ចំ​ដោយ​មេ​ដឹក​នាំ​អភិ​រក្ស ចាប់​តាំង​ពី​ឆ្នាំ ២០១៦​។​​

ក្រ​សួង​សន្ដិ​សុខ​សា​ធារ​ណៈ​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​មួយ​​ថា​ លោក Truong Van Tuyen អតីត​នា​យក​ Vinashin​ ដែល​ធ្លាប់​ជា​​​នា​យក​ក្រុម​ហ៊ុន​ដ៏​ធំ​មួយ​បាន​សង្គ្រោះ​ដោយ​រដ្ឋ​ ពី​កា​រក្ស័​យ​ធ​ន​ស្ថិត​ក្រោម​បំ​ណុល​​ចំ​នួ​ន​​ច្រើន​​កាល​ពី​ឆ្នាំ ២០១០​ ហើយ​បច្ចុប្ប​ន្ន​​លោក​ Pham Thanh Son​ ជា​នា​យ​ក​​រង​ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃ​ចន្ទ។

ក្រ​សួង​នេះ​ឲ្យ​ដឹង​ថា​ ពួក​គេ​កំ​ពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ពី​បទ «​រំ​លោភ​តួ​នា​ទី​ និង​អំ​ណាច ​ចំ​ពោះ​ទ្រព្យ​សម្បត្តិ​​»​។​

មនុស្ស​ទាំង​ ២ នាក់​នេះ ​ត្រូវ​បាន​ចោទ​ប្រ​កាន់​​ពី​បទ​​ការ​យល់​ព្រម​ដោយ​ខុស​ច្បាប់​នៃ​ការ​ដាក់​ប្រាក់​បញ្ញើ​ទៅ​ក្នុង​ធ​នា​​គារ​ Ocean Bank ជា​ធនា​គារ​ឯក​ជន​មួយ​ ដែល​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​​អា​ស្រូវ​ពុក​រលួយ​ផ្ទាល់​របស់​​ខ្លួន ដែល​​ត្រូវ​បាន​មើល​ឃើញ​​មនុស្ស​ជា​ច្រើន​​នាក់​ត្រូវ​បាន​កាត់​ទោស​។​​

លោក​ Tuyen និង​លោក​ Son ត្រូវ​ចោទ​ប្រ​កាន់​ជាមួ​យ​នឹង​​ប្រាក់​ ៤,​៥ ​លាន​ដុល្លារ​ រួម​ជា​មួយ​លោក Vinashin​ អតីត​ប្រ​ធាន​គណ​នេយ្យ​ ដែល​បាន​ជាប់​គុក​រួច​ហើយ​នោះ​​។​

ក្រុម​ហ៊ុន​ផលិត​នា​វា​មាន​កេរ្ដិ៍​ឈ្មោះ​មិន​ល្អ​មួយ​នេះ ធ្លាប់​ជា​​​ក្រុម​ហ៊ុន​ដ៏​សំ​ខាន់​មួយ​ ក្នុង​​ចំ​ណោម​សហ​គ្រាស​​គ្រប់​គ្រង​ដោយ​រដ្ឋ​ប្រ​ហែល​ ៥០០​ របស់​​ប្រ​ទេស​កុម្មុយ​នីស្ដ​មួយ​នេះ។​​

ប៉ុន្តែ​កំ​ហុស​មួយ​ចំ​នួន​ ដែល​ជាប់​ទាក់​ទង​​នឹង​​ការ​វិ​និ​យោគ​​នៅ​ក្នុង​វិ​ស័យ​អច​ល​ន​ទ្រព្យ​ និង​វិ​ស័យ​ថាម​ពល​ ​ទី​បំ​ផុត​បាន​ធ្វើ​ឲ្យ​​​ក្រុម​ហ៊ុន​ដ៏​ធំ​មួយ​នេះ​ហ៊ុម​ព័​ទ្ធ​ដោយ​​បន្ទុក​​បំ​ណុល​ដ៏​ធ្ងន់​ធ្ងរ​ ស្ទើរ​តែ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​​ក្ស័យ​ធន​កាល​ពី​ឆ្នាំ​ ២០១០។​

រដ្ឋ​បាន​ចូល​ទៅ​សង្គ្រោះ​​ក្រុម​ហ៊ុន​នេះ​ ហើយ​បច្ចុ​ប្បន្ន​ក្រុម​ហ៊ុន​ដែល​កាន់​តែរួម​តូច​មួយ​នេះ​ នៅ​តែ​​ផលិត​នា​វា​ជា​ច្រើន​ ប៉ុន្តែ​បាន​​ទម្លាក់​ចោល​ការ​វិ​និ​យោ​គ​រួម​មួយ​ចំ​នួន​។​ ក្រុម​ហ៊ុន​មួយ​នេះ​ត្រូវ​បាន​ជាប់​គាំង​រួច​ហើយ​​ ដោយ​រឿង​អា​ស្រូវ​ពុក​រលួយ​។​

អតីត​ប្រ​ធាន​ប្រតិ​បត្តិ​ ២ រូប​របស់​​ Vinashinlines ជា​ក្រុម​ហ៊ុន​ បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន ​Vinashin ​ត្រូវ​បាន​កាត់​ទោស​ប្រ​ហារ​​ជី​វិត​ ពី​បទ​លួច​បន្លំ ​កាល​ពី​ឆ្នាំ​មុន ​បន្ទាប់​ពី​ពួក​គេ​​ត្រូវ​បាន​រក​ឃើញ​កំ​ហុស​លួច​ប្រាក់ ​១១​,៣ ​​លាន​ដុល្លារ​​ ក្នុង​កិច្ច​ព្រម​ព្រៀង​​ដឹក​ជញ្ជូន​ ដែល​ធ្វើ​ឡើង​នៅ​ចន្លោះ​ឆ្នាំ​ ២០០៦​ និង​ឆ្នាំ​ ២​០០៨៕ AFP/​LA