ក្រុងលុចសំបួៈ រដ្ឋមន្ដ្រីក្រសួងការបរទេសចក្រភពអង់គ្លេស និង សហភាពអឺរ៉ុប បានបញ្ជាក់កាលពីថ្ងៃចន្ទថា នៅមានពេលវេលានៅឡើយក្នុងការចរចាកិច្ចព្រមព្រៀង Brexit ទោះបីបន្ទាប់ពីបរាជ័យគួរឲ្យខកចិត្តនៃការចរចាជុំចុងក្រោយក៏ដោយ។

ក្នុងជំនួបនៅប្រទេសលុចសំបួ មន្ដ្រីការទូតកំពូលរបស់ប្លុកនេះបានទទួលស្គាល់ថា មិនមានកិច្ចព្រមព្រៀងណាមួយ នឹងត្រូវសម្រេចបាននៅសប្ដាហ៍នេះទេនៅឯកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប ដែលកាលពីមុនត្រូវបានពណ៌នាថាជាទីកន្លែងដែលនឹងអាចសម្រេចបានកិច្ចព្រមព្រៀងណាមួយ។

ប៉ុន្តែរដ្ឋមន្ត្រីទាំងពីរបានបង្ហាញថា នៅមានពេលវេលានៅឡើយ ក្នុងការដោះស្រាយបញ្ហាមិនទាន់បានដោះស្រាយដែលរួមមានទាំងជម្លោះផ្នែកច្បាប់សម្រាប់ពាណិជ្ជកម្មក្នុង និងក្រៅរបស់អៀរឡង់ខាងជើង មុនពេលអាចមានកិច្ចប្រជុំកំពូលបន្ទាន់មួយនៅខែវិច្ឆិកា។

រដ្ឋមន្ដ្រីក្រសួងការបរទេសចក្រភពអង់គ្លេសបានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅពេលលោកមកចូលរួមកិច្ចប្រជុំដែលគ្រោងទុកនៃក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុបថា៖ «ខ្ញុំគិតថា ការណ៍នេះច្បាស់ណាស់ជាពេលវេលាដ៏ពិបាកមួយ»។

លោកថ្លែងថា៖ «តែងតែនឹងមានពេលវេលាដូចនេះ ប៉ុន្តែយើងគួរតែចងចាំថា ភាពរីកចម្រើនទៅមុខខ្លាំងត្រូវបានធ្វើឡើង។ មានបញ្ហាមិនទាន់ដោះស្រាយ ១ ឬ ២ ប៉ុន្តែខ្ញុំគិតថាយើងអាចដោះស្រាយបាន»។

លោក Josep Borrell រដ្ឋមន្ត្រីការបរទេសអេស៉្បាញ បានបញ្ជាក់ថា ក្រុមរដ្ឋមន្ដ្រីមានការខកចិត្តដែលសេចក្ដីព្រាងច្បាប់មួយមិនអាចកើតឡើងនៅសប្ដាហ៍នេះ ប៉ុន្តែលោកថា៖ «យើងមិនចាំបាច់បំផ្លើសទំហំព្រឹត្តិការណ៍នោះទេ យើងនៅតែមានពេលវេលា។ យើងនៅមានពេល ១ ខែ»។

លោក Carmelo Abela រដ្ឋមន្ដ្រីការបរទេសប្រទេសម៉ាល់ត៍ថ្លែងថា សមាជិកសហភាពអឺរ៉ុបទាំងអស់ចង់មើលឃើញកិច្ចព្រមព្រៀងមួយ ដើម្បីគេចផុតពីភាពចលាចល និងការខាតបង់សេដ្ឋកិច្ចដោយសារការចាកចេញ «មិនមានកិច្ច ព្រមព្រៀង»៕ AFP/LA