ក្រុង​ហុងកុងៈ ក្តីបារម្ភ​ពី​ជម្លោះ​ដែល​កាន់​តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើង​របស់​ក្រុមហ៊ុន Huawei និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋ​អាមេរិក បាន​ដាក់​សម្ពាធ​លើ​ផ្សារ​ភាគហ៊ុន​អាស៊ី​កាល​ពី​ថ្ងៃ​អង្គារ ដោយ​ក្រុម​អ្នក​វិភាគ​បាន​ព្រមាន​ថា វិបត្តិ​នេះ​អាច​កើត​មាន​រយៈពេល​វែង។

ក្រុម​វិនិយោគិន​ថ្នាក់​តំបន់​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ធ្លាក់ចុះ​ខ្លាំង​នៃ​សន្ទស្សន៍​​ផ្សារហ៊ុន Nasdaq ​អាមេរិក​ដែល​សម្បូរ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ Google បាន​ចាប់​ផ្តើម​កាត់​ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei។

ការ​វិវឌ្ឍ​នេះ​ដែល​អាមេរិក​លើក​ឡើង​ពី​ក្តី​បារម្ភ​សន្តិសុខ​ជាតិ​នោះ បាន​បង្ក​ឲ្យ​មាន​ភាព​ល្អក់​កករ​ជុំវិញ​បញ្ហា​ដក​ហូត​ពន្ធ​នាំចូល​រវាង​ទីក្រុង​វ៉ាស៊ីនតោន​ និង​ទីក្រុង​ប៉េកាំង ដែល​ដំបូង​ឡើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ភាគី​ទាំង ​២ ជិត​​សម្រេច​បាន​កិច្ច​ព្រមព្រៀង​មួយ​នៅ​ដើម​ខែ​នេះ។

ឥឡូវ​នេះ​អ្នក​អង្កេត​មួយ​ចំនួន​កំពុង​ព្រមាន​ថា កិច្ច​ពិភាក្សា​ដែល​ជាប់​គាំង​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង ​២ នេះ អាច​នឹង​មិន​មើល​ឃើញ​វឌ្ឍនភាព​ណា​មួយ​មុន​ពេល​មាន​ការ​រំពឹង​ថា​នឹង​មាន​កិច្ច​ប្រជុំ​មួយ​រវាង​លោក ត្រាំ និង​​លោក ស៊ី នៅ​ឯ​កិច្ច​ប្រជុំ​ក្រុម​ប្រទេស G20 នៅ​ខែ​មិថុនា​នោះ​ទេ។

លោក Brett Ewing ប្រធាន​អ្នក​យុទ្ធសាស្រ្ត​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន First Franklin Financial Services បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg News ថា៖ «ទីផ្សារ​មាន​សុទិដ្ឋិនិយម​តិច​តួច​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នឹង​សម្រេច​​ទៅ​បាន​នៅ​ខែ​នេះ»។

កាល​ពី​ថ្ងៃ​ចន្ទ លោក Zhang Ming ប្រេសិត​របស់​ចិន​ប្រចាំ​សហភាព​អឺរ៉ុប បាន​ហៅ​ចំណាត់​ការ​ប្រឆាំង​ក្រុមហ៊ុន Huawei ថា​ជា «ឥរិយាបថ​ខុស​ឆ្គង»។ លោក​បន្ថែម​ថា៖ «នឹង​មាន​ការ​ឆ្លើយ​តប​ចាំបាច់​មួយ»។

លោក​​ព្រមាន​ថា៖ «សិទ្ធិ​ និង​អត្ថប្រយោជន៍​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ចិន​កំពុង​រង​​រារាំង ដូច្នេះ​រដ្ឋាភិបាល​​​​ចិន​នឹង​មិន​អង្គុយ​នៅ​ស្ងៀម​ឡើយ»។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ថ្នាក់​តំបន់​​មាន​ភាព​ចម្រុះ ដោយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Tencent បាន​ធ្លាក់ចុះ ១,៣ ភាគរយ ប៉ុន្តែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Lenovo និង​ក្រុមហ៊ុន AAC បាន​កើន​ឡើង។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Sony និង​ក្រុមហ៊ុន Sharp របស់​ជប៉ុន​បាន​ធ្លាក់ចុះ​ប្រហែល ៤ ភាគរយ​នៅ​ក្រុង​តូក្យូ ខណៈ​ដែល​ភាគហ៊ុន​ក្រុមហ៊ុន Taiwan Semiconductor បាន​ធ្លាក់​ចុះ​ជិត ២ ​ភាគរយ​នៅ​ផ្សារហ៊ុន​ក្រុង​តៃប៉ិ ប៉ុន្តែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Samsung ដែល​ជួញដូរ​នៅ​​ក្រុង​សេអ៊ូល​បាន​កើន​​ជាង ៣ ភាគរយ។

សន្ទស្សន៍​ផ្សារហ៊ុន​ក្រុង​ហុងកុង​ធ្លាក់​ចុះ ០,៤ ភាគរយ សន្ទស្សន៍​ផ្សារហ៊ុន​ក្រុង​ស៊ីដនី ធ្លាក់ចុះ ០,២ ភាគរយ ខណៈ​ដែល​សន្ទស្សន៍​ផ្សារហ៊ុន​​សិង្ហបុរី​ធ្លាក់ចុះ ០,៤ ភាគរយ ហើយ​សន្ទស្សន៍​ផ្សារហ៊ុន​ក្រុង​តៃប៉ិ​ធ្លាក់ចុះ ០,១ ភាគរយ​រួម​ជាមួយ​នឹង​ផ្សារហ៊ុន​ក្រុង​វែលីងតោន​ផង​ដែរ។

សន្ទស្សន៍​ផ្សារហ៊ុន​ក្រុង​តូក្យូ​ធ្លាក់​ចុះ ០,៤ ភាគរយ តែ​ផ្សារហ៊ុន​ក្រុង​ស៊ាងហៃ​បាន​កើន​ឡើង ០,៣ ភាគរយ ខណៈ​ផ្សារហ៊ុន​ក្រុង​សេអ៊ូល​កើន​ឡើង ០,៥ ភាគរយ ហើយ​ផ្សារហ៊ុន​ក្រុង​ម៉ានីល និង​ហ្សាការតា​ក៏​បាន​កើន​ឡើង​ផង​ដែរ៕ AFP/KC