ភ្នំពេញៈ បរិមាណ​នៃ​ការ​ជួញ​ដូរ​​​ភាគហ៊ុន​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) កាល​ពី​ម្សិលមិញ​​បាន​ឈាន​ដល់​ជាង ៩ ​លាន​ភាគហ៊ុន ​​ជា​កំណត់ត្រា​ជួញដូរ​​​​​ច្រើន​បំផុត​មិន​ធ្លាប់​មាន​​​​​គិត​ចាប់​​ពី​ពេល​ CSX បាន​បើក​ដំណើរការ​តាំង​ពី​​ឆ្នាំ ​២០១២ មក​ ដែល​នាំមុខ​ដោយ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

ពេល​បិទ​ផ្សារ​ជួញដូរ​កាល​ពី​ថ្ងៃ​អង្គារ ​ការ​ជួញដូរ​ភាគហ៊ុន​មាន​​​​​ជាង ៩,៤ លាន​​ហ៊ុន​ ស្មើ​​​​នឹង​ទឹក​ប្រាក់​សរុប ១២០,១២ ពាន់​លាន​រៀល (២៩,៦​ លាន​ដុល្លារ​) ​ជា​តួលេខ​​​កំណត់ត្រា​ជួញដូរ​ច្រើន​បំផុត​នៅ ​CSX។ កំណត់ត្រា​ខ្ពស់​បំផុត​កាល​ពី​លើក​​មុន គឺ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ ២០១៨ ដោយ​កាល​នោះ​​​មាន​​ការ​ជួញ​ដូរ​ភាគហ៊ុន ២,១ លាន​ហ៊ុន​ស្មើ​នឹង​ទឹក​ប្រាក់​ជួញដូរ​ ៤,៤៣ លាន​ដុល្លារ​ ។ ការ​ជួញដូរ​នា​ពេល​នោះ ​គឺ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (PAS​) ​មាន​រហូត​ដល់​ទៅ ៩៩ ភាគរយ​​នៃ​ការ​​ជួញ​ដូរ​សរុប។ ​

ស្រដៀង​គ្នា​នឹង​កាល​ពី​ចុង​ឆ្នាំ ២០១៨ ​ដែរ ​ការ​ជួញ​ដូរ​កាល​ពី​ថ្ងៃ​អង្គារ​ស្ទើរ​តែ​ទាំង​ស្រុង​ ​​គឺ​ជា​ការ​ជួញ​ដូរ​លើ​​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​(PAS)។ នេះ​បើ​យោង​តាម​របាយការណ៍​ទិន្នន័យ​ទីផ្សារ​របស់ CSX។ តម្លៃ​នៃ​ការ​ជួញដូរ​សរុប​របស់​ PAS កាល​ពី​ម្សិលមិញ​មាន​​ចំនួន​ ១២០,០២ ពាន់​លាន​រៀល​ ដែល​​​ក្នុង​​នោះ​ ០,០២ ពាន់​លាន​​រៀល​​ គឺ​​ត្រូវ-​បាន​ជួញ​ដូរ​តាម​វិធីសាស្ត្រ​​ដេញ​ថ្លៃ​ រី​ឯ ​១២០ ​ពាន់​​រៀល​ទៀត​ គឺ​តាម​វិធីសាស្រ្ត​ជួញ​ដូរ​តាម​ការ​ចរចា​។

អ្នក​ស្រី គឹម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ​ CSX បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​សម្រេច​បាន​​ការ​ជួញ​ដូរ​ទ្រង់ទ្រាយ​ធំ​នេះ ​ឆ្លុះ​បញ្ចាំង​ថា​ ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​​ដំណើរការ​បាន​ល្អ​ និង​បង្ហាញ​ថា CSX មាន​លទ្ធភាព​ក្នុង​ការ​រ៉ាប់រង​ការ​ជួញដូរ​ភាគហ៊ុន​ទ្រង់ទ្រាយ​ធំ​។ អ្នក​ស្រី​មិន​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នក​ទិញ​ និង​អ្នក​លក់​ភាគ​ហ៊ុន​របស់ PAS ក្នុង​ប្រតិបត្តិការ​នេះ​នោះ​ទេ​ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ​ភាគី​ទាំង ​២ ​គឺ​ជា​វិនិយោគិន​ស្ថាប័ន​ និង​ជា​ស្ថាប័ន​របស់​ជប៉ុន​ ។

អ្នក​ស្រី​ថ្លែង​ថា​៖ ​«ការ​ជួញដូរ​ក្នុង​បរិមាណ​នេះ ​គឺ​ជា​ចំនួន​ដ៏​ធំ​នៅ​ទីផ្សារ​របស់​យើង ដែល​ជា​ទូទៅ​ប្រតិបត្តិការ​ជួញដូរ​ធំ​បែប​នេះ​តែង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​វិនិយោគិន​ជា​ប្រភេទ​ស្ថាប័ន​»។

អ្នក​ស្រី​បន្ត​ថា​៖​ «​នេះ​មិនមែន​ជា​ការ​​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ​ដោយសារ​យើង​​បាន​ត្រៀម​ខ្លួន​យូរ​ហើយ​ដែរ​ ឧទាហរណ៍​ដូច​ជា​ និយ័តកម្ម និង​​ប្រព័ន្ធ​ជួញដូរ​ និង​ការ​ផ្សព្វផ្សាយ​ពី​ទីផ្សារ​ទាំង​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក​ ដើម្បី​ទាក់ទាញ​វិនិយោគិន​ប្រភេទ​ស្ថាប័ន​​នេះ»​។

ការ​ជួញដូរ​តាម​ការ​ចរចា​របស់​​ PAS ​មាន​ក្រុមហ៊ុន​មូលបត្រ អេស​ប៊ី​អាយ​ រ៉ូ​យ៉ាល់​ ស៊ីឃ្យួរីធី​ ​ជា​ឈ្មួញ​ជើង​សា ហើយ​​ការ​ជួញ​ដូរ​នេះ​ មាន​ចំនួន​​ច្រើន​ជាង​គេ​បង្អស់​ បើ​ធៀប​​នឹង​ការ​ជួញ​ដូរ​មុនៗ​តាម​វិធីសាស្រ្ត​នេះ​។ ក្នុង​ឆ្នាំ ​២០១៩ ​នេះ ទំហំ​ជួញ​ដូរ​កាល​ពី​ថ្ងៃ​អង្គារ​គឺ​ជា​លើក​ទី​២ ហើយ សម្រាប់​ការ​ជួញ​ដូរ​តាម​វិធីសាស្ត្រ​ជួញដូរ​​តាម​ការ​ចរចា​ ​ ប៉ុន្តែ​ជា​លើក​ទី​៤ ​ហើយ​ គិត​ចាប់​តាំង​ពី​ពេល​ដែល​វា​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​កាល​ពី​ដើម​ឆ្នាំ​ ២០១៨​​ ។​​

លោកស្រី​ ឆាយ​ លី​ហួរ ​ប្រធាន​​​ភ្នាក់ងារ​​​ក្រុមហ៊ុន​​ SBI Royal Securities Plc ដែល​ជា​​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ របស់​​​ភាគហ៊ុន​នៃ​ក្រុមហ៊ុន PAS បាន​ឲ្យ​ដឹង​ថា ​ក្រុម​វិនិយោគិន​ថ្មី​នេះ​ នឹង​នាំ​មក​ជាមួយ​នូវ​គំនិត​អាជីវកម្ម​ថ្មីៗ​ ដូច្នេះ​វា​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ​PAS ​ក្នុង​រយៈពេល​វែង​​។​

លោកស្រី​ថ្លែង​ថា​៖ «​​ពេល​​នេះ ​មាន​ការ​ចាប់​អារម្មណ៍​របស់​​វិនិយោគិន​បរទេស​កាន់​តែ​ច្រើន​ លើ​ទីផ្សារ​របស់​យើង​ ហើយ​ពួក​គេ​​ហ៊ាន​ដាក់​ទុន​វិនិយោគ​​ធំ​​នៅ​ក្នុង​ទីផ្សារ​នេះ​»។

លោក​ស្រី​បន្តថា​៖ «​នេះ​បង្ហាញ​​ពី​​ប្រតិបត្តិការ​ដ៏​ល្អ​ [ផ្សារ​មូលបត្រ​កម្ពុជា] និង​បង្កើន​​ទំនុក​ចិត្ត​ដល់​ក្រុម​វិនិយោគិន​ថ្មីៗ​ទាំង​​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ​ ដើម្បី​ស្វែងរក​ឱកាស​​នៅ​ក្នុង​ប្រទេស ​កម្ពុជា​»៕ LA​