ក្រុង​វ៉ាស៊ីនតោនៈ មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ (IMF) បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា ធនាគារ​កណ្តាល​បារាំង បាន​ព្រម​ព្រៀង​​ផ្តល់​ឥណទាន​​ចំនួន ៣ ពាន់​លាន​ដុល្លារ​​បន្ថែម​ទៀត​ដល់​មូលនិធិ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​របស់​មូលនិធិ​ IMF។

ឥណទាន​ថ្មី ដែល​ជា​ឥណទាន​លើកទី ​៦ ​របស់​ប្រទេស​បារាំង​នេះ បានធ្វើ​ឲ្យ​ប្រទេស​នេះក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្តល់​វិភាគទាន​ធំ​ជាង​គេ​ដល់​មូលនិធិ Poverty Reduction and Growth Trust របស់​មូលនិធិ IMF ដែល​មូលនិធិ​នេះ​នឹង​ផ្តល់​មូលនិធិ​មាន​​ការ​ប្រាក់​ទាប​​ខ្លាំង​ដល់​​​ប្រទេស​សមាជិក​ក្រីក្រ​បំផុត​របស់​មូលនិធិ IMF។

ក្រុម​ប្រទេស​​​ទទួល​ផល​ភាគ​ច្រើន​ពី​មូលនិធិ​នេះ​ គឺ​ជា​​​ប្រទេស​នៅ​តំបន់​អាហ្វិ្រក។​

លោក​ស្រី Christine Lagarde ប្រធាន​មូលនិធិ ​IMF និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង បាន​ដាក់​ដំណើរ​ការ​កម្មវិធី​ជំរុញ​ការ​កៀរគរ​មូលនិធិ​មួយ​កាល​ពី​ពីរ​ឆ្នាំ​មុន ដើម្បី​ប្រមូល​​ថវិកា​​ចំនួន ១៥ ពាន់​លាន​ដុល្លារ​សម្រាប់​មូលនិធិ​នេះ និង​ទទួល​បាន​ថវិកា​ច្រើន​ជាង​គោល​ដៅ​​ដែល​បាន​កំណត់។

យោង​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ តម្រូវ​ការ​ឥណទាន​មាន​ការ​ប្រាក់​សូន្យ​ភាគ​រយ​នេះ បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ និង​នៅ​ពេល​តម្លៃ​​ទំនិញ​រ៉ៃ​នាំ​ចេញ​សំខាន់​ៗ​បាន​ធ្លាក់​ចុះ ដែល​ប្រទេស​ជា​ច្រើន​ពឹង​ផ្អែក​លើ​ទំនិញ​ទាំង​នោះ៕ AFP/BP