ក្រុង​តេអេរ៉ង់ៈ ស​មា​ជិក​ព្រឹទ្ធ​ស​ភា​បា​រាំង​​ ១ ​រូប​ បាន​ឲ្យ​ដឹង​នៅ​ទី​ក្រុង​​​តេ​អេរ៉ង់​​កាល​ពី​ថ្ងៃ​សៅរ៍​ថា ប្រ​ទេស​នៅ​អឺ​រ៉ុប​​កំ​ពុង​ស្វែង​រក​ការ​ធា​នា​ថា យ៉ាង​ហោច​ណាស់​មាន​ធនា​គារ​របស់​ប្រ​ទេស​ អុី​រ៉ង់​ មួយ​អាច​​ភ្ជាប់​​ទំ​នាក់​ទំ​នង​ជា​មួយ​​ពិ​ភព​លោក​បាន បន្ទាប់​ពី​អា​មេរិក​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ថ្មី​ប្រ​ឆាំង​​ប្រ​ទេស​នេះ​។

ស​ហ​រដ្ឋ​អា​មេ​រិក​ បាន​ដក​ខ្លួន​ចេញ​ពី​​កិច្ច​ព្រម​ព្រៀង​​នុយ​ក្លេ​អ៊ែរ​ឆ្នាំ​ ២០១៥ ដ៏​សំ​ខាន់​ជា​មួយ​​ប្រ​ទេស​ អុី​រ៉ង់​ កាល​ពី​ខែ​ឧស​ភា​ និង​កំ​ពុង​ដាក់​ទណ្ឌ​កម្ម​ពិ​ន័យ​ជា​ថ្មី​លើ​​ប្រ​ទេស​សា​ធារ​ណ​រដ្ឋ​អ៊ី​ស្លាម​មួយ​នេះ​ ដែល​កំ​ណត់​ទិស​ដៅ​ជា​ពិ​សេស​​លើ​​ប្រ​ព័ន្ធ​ហិ​រញ្ញ​វត្ថុ​របស់​ប្រ​ទេស​នេះ។​

លោក Philippe Bonnecarrere ​ស​មា​ជិក​ព្រឹទ្ធ​សភា​បា​រាំង​​បាន​ថ្លែង​ថា​៖ «​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អឺ​រ៉ុប​​ដើ​ម្បី​ជួយ​​​ប្រ​ទេស ​អុីរ៉ង់ ​ឲ្យ​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ពី​​កិច្ច​ព្រម​ព្រៀង​​នុយ​ក្លេ​អ៊ែរ​នេះ ទោះ​បី​ជា​ការ​ដាក់​ទណ្ឌ​សេដ្ឋ​កិច្ច​របស់​អា​មេ​រិក​ «​ពិ​បាក​ធ្វើ​ឡើង​ក៏​ដោយ ប៉ុ​ន្តែ​វា​​អាច​ធ្វើ​បាន​»។​

លោក​បន្ថែម​ថា ម​ធ្យោ​បាយ​មួយ​គឺ​ «ត្រូវ​មាន​យ៉ាង​ហោច​ណាស់​ធនា​គារ​របស់​ប្រ​ទេ​ស អុី​រ៉ង់​ មួយ​ នៅ​តែ​មាន​ទំ​នាក់​ទំ​នង​ជា​មួយ​​ប្រ​ព័ន្ធ​ធនា​គារ​អន្តរ​ជាតិ​ តាម​រយៈ​ SWIFT ដើ​ម្បី​រក្សា​ទំ​នាក់​ទំ​នង​ពា​ណិជ្ជ​​កម្ម​​ទំ​និញ និង​សេ​វា​ ដែល​​មិន​ស្ថិត​ក្រោម​​ការ​ដាក់​ទណ្ឌ​កម្ម»។​

លោក Bonnecarrere ដែល​ដឹក​នាំ​ក្រុម​មិត្ត​ភាព​បា​រាំង និង​អុី​រ៉ង់​ នៅ​ស​ភាជាន់​ខ្ពស់ បាន​ថ្លែង​យ៉ាង​ដូ​ច្នេះ​នៅ​ក្នុង​ អំ​ឡុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ជា​មួយ​សម​ភា​គី​ បា​រាំង និង​អុី​រ៉ង់​។​

កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​ឆ្នាំ ២០១៥ ត្រូវ​បាន​ព្រម​ព្រៀង​រវាង​អុី​រ៉ង់ និង​អ្វី​ដែល ហៅ​ថា ​ក្រុម​ ៥+១ ជា​ស​មា​ជិក​អ​ចិ​ន្ត្រៃយ៍​ក្រុម​ប្រឹ​ក្សា​សន្ដិ​សុខ​អង្គ​ការ​សហ​ប្រ​ជាជាតិ​ដូច​ជា​ចក្រ​ភព​អង់​គ្លេស ចិន បា​រាំង រុ​ស្ស៊ី និង​អា​មេ​រិក បូក​អា​ល្លឺ​ម៉ង់​។​

លោក Bonnecarrere កំ​ពុង​ស្ថិត​នៅ​ក្នុង​ប្រ​ទេស​ អុីរ៉ង់​ ជា​មួយ​ស​មា​ជិក​ស​ភា​បា​រាំង ​​៦ ​រូប​ផ្សេង​ទៀត​។​

លោក​ស្រី​ Delphine O ជា​តំ​ណាង​រាស្ដ្រ​ ១ ​​រូប ​ក្នុង​ចំ​ណោម​តំ​ណាង​រាស្ដ្រ​ទាំង​នោះ​​បាន​ថ្លែង​ថា ដំ​ណើរ​ទស្ស​ន​កិច្ច​នេះ​គឺ​ជា​សញ្ញា​មួយ​នៃ «​ការ​ប្ដេ​ជ្ញា​ចិត្ត និង​ឆន្ទៈ​ទាំង​អស់​របស់​ប្រ​ទេស​ បា​រាំង ​ក្នុងការ​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​នៅ​ មាន​​ជី​វិត​»៕​​ AFP/LA