ក្រុង​ប៉ារីសៈ លោក​ Bruno Le Maire រដ្ឋមន្ដ្រី​ក្រសួង​​ហិរញ្ញវត្ថុ​របស់​ប្រទេស ​បារាំង​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ជំរុញ​​ឲ្យ​ក្លិប​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ឈាន​មុខ​គេ​​លើ​ពិភព​​លោក​ទាំង ​៧ (G7) ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ​អន្តរជាតិ​មួយ​ចំពោះ​ការ​ដក​ហូត​ពន្ធ​លើ​​ក្រុមហ៊ុន​ឌីជីថល​​ឈាន​មុខ​គេ​​​ក្នុង​កិច្ច​ប្រជុំ​របស់​ G7 ​​ក្រៅ​ទីក្រុង​ប៉ារីស​​ក្នុង​សប្ដាហ៍​នេះ​។​

លោក Le Maire ដែល​ប្រទេស​របស់​លោក​បាន​ខឹង​អាមេរិក​កាល​ពី​ដើម​ខែ​នេះ និង​បាន​ក្លាយ​ជា​​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ដំបូង​​គេ​ដែល​បាន​ដក​​ហូត​ពន្ធ​លើ​​ក្រុមហ៊ុន​​ឌីជីថល​ឈាន​មុខ​គេ​ដូចជា​ ក្រុមហ៊ុន Google ក្រុមហ៊ុន Apple ​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន​ Amazon បាន​ថ្លែង​ថា៖ «​ខ្ញុំ​ជឿជាក់​ថា ក្នុង​អំឡុង​កិច្ច​ប្រជុំ G7 យើង​អាច​ស្វែងរក​ដំណោះ​ស្រាយ​​​​ជា​អន្តរជាតិ​គួរ​ឲ្យ​ពេញ​ចិត្ត​បាន»។​

លោក​ថ្លែង​ថា ការ​ព្រមព្រៀង​បែប​នេះ​មួយ​ នៅ​ពេល​នោះ​នឹង​​បើក​ផ្លូវ​ឲ្យ​មាន​​​កិច្ច​ព្រមព្រៀង​អន្តរជាតិ​មួយ​ស្ថិត​ក្រោម​ការ​​គាំពារ​​ពី​អង្គការ​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD)។​

លោក Le Maire ដែល​នៅ​ថ្ងៃ​ពុធ ​និង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​​កំពុង​រៀបចំ​​កិច្ច​ប្រជុំ​ក្រុម​រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ G7 នៅ​សង្កាត់​ Chantilly ក្រៅ​ទីក្រុង​ប៉ារីស​បាន​​ថ្លែង​ថា៖ «​នេះ​នឹង​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​​បញ្ហា​នេះ​»។​

លោក Le Maire ដែល​គ្រោង​នឹង​ជួប​លោក​ Steven Mnuchin សមភាគី​អាមេរិក​របស់​លោក​នៅ​ថ្ងៃ​ពុធ មុន​ពេល​ការ​​បើក​កិច្ច​ប្រជុំ​ G7 ផ្លូវ​ការ​ បាន​បង្ហាញ​ការ​ខក​ចិត្ត​ដោយសារ​តែ​ការ​ស៊ើប​អង្កេត​ដែល​​បាន​ចេញ​បញ្ជា​ដោយ​​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ដែល​អាច​ជំរុញ​​ឲ្យ​មាន​ការ​ហូត​​ពន្ធ​​ទៅ​វិញ​ទៅ​​មក​​។​

ការ​ស៊ើប​អង្កេត​តាម​មាត្រា​ Section 301 គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​ដែល​រដ្ឋបាល​លោក ត្រាំ បាន​ប្រើប្រាស់​​ក្នុង​សង្រា្គម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស ​ចិន​ ដើម្បី​បង្ហាញ​​ពី​ភាព​ត្រឹមត្រូវ​នៃ​ពន្ធ​នាំចូល​ប្រឆាំង​​នឹង​អ្វី​ដែល​អាមេរិក​ឲ្យ​ដឹង​ថា​ ជា​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព​គ្នា​។​

លោក​ថ្លែង​ថា​៖ «​នេះ​ជា​​លើក​ដំបូង​​​ក្នុង​ទំនាក់ទំនង​ដ៏​យូរ​របស់​យើង​​ដែល​រដ្ឋាភិបាល​​អាមេរិក​​​បាន​សម្រេច​ចិត្ត​​បើក​​ដំណើរការ​នីតិវិធី​បែប​នោះ​ប្រឆាំង​​បារាំង​»។​

លោក​បាន​បន្ថែម​ថា​៖ «​​ប្រទេស ​បារាំង ​គឺ​ជា​ប្រទេស​​ដែល​មាន​អធិបតេយ្យ​ ហើយ​នឹង​បន្ត​ធ្វើ​ជា​ប្រទេស​អធិបតេយ្យ​​តទៅ​មុខ​ទៀត​​»៕ AFP/LA