ក្រុងប៉េកាំងៈ ប្រទេស ចិន ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចោទ​ប្រកាន់​​អាមេរិក​ថា​បាន​បង្ក​ «ភេរវកម្ម​​​​សេដ្ឋកិច្ច​យ៉ាង​ច្បាស់​ក្រឡែត​» ខណៈ​ដែល​​ទីក្រុង​ប៉េកាំង​​បង្កើន​វោហារស័ព្ទ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២​។​

ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទាំង ​២ ​របស់​​ពិភព​លោក​ កំពុង​ខ្វែង​គំនិត​គ្នា​ខ្លាំង​ ខណៈ​ការ​ចរចា​​ពាណិជ្ជកម្ម​​បាន​ជាប់​គាំង​ ដោយសារ​តែ​ការ​បង្កើន​ពន្ធ​នាំចូល​របស់​​​លោក​​​ប្រធានាធិបតី​អាមេរិក ដូ​ណាល់ ត្រាំ​ លើ​ទំនិញ​​របស់​​ចិន​កាល​ពី​ដើម​ខែ​នេះ និង​ការ​ដាក់​បញ្ចូល​ Huawei ក្នុង​បញ្ជី​ខ្មៅ​។​

លោក​ Zhang Hanhui អនុ​រដ្ឋមន្ដ្រី​​ក្រសួង​ការ​បរទេស​ចិន​បាន​ឲ្យ​ដឹង​​ក្នុង​សន្និសីទ​ខ្លី​មួយ ដើម្បី​បង្ហាញ​ពី​ដំណើរ​ទស្សនកិច្ច​របស់​​លោក​ប្រធានាធិបតី​ ស៊ី ជីនភីង ទៅ​ប្រទេស ​រុស្ស៊ី នៅ​សប្ដាហ៍​​​ក្រោយ​ថា៖ «យើង​ប្រឆាំង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម ប៉ុន្តែ​យើង​មិន​ខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​ឡើយ»។​

លោក​ Zhang បាន​ថ្លែង​ថា៖ «​ការ​ញុះញង់​ដោយ​ចេតនា​នៃ​ជម្លោះ​ពាណិជ្ជកម្ម​នេះ គឺ​ជា​ភេរវកម្ម​​សេដ្ឋកិច្ច​យ៉ាង​ច្បាស់​ក្រឡែត​ ជា​ជាតិ​និយម​ជ្រុល​ផ្នែក​សេដ្ឋកិច្ច និង​ការ​រក​រឿង​ផ្នែក​​សេដ្ឋកិច្ច»។ ​លោក​​​បាន​សង្កត់​ធ្ងន់​ថា ​​ចិន​ជំទាស់​​​ការ​ប្រើប្រាស់​​​ជា​ប្រព័ន្ធ​នូវ​ការ​ដាក់​ទណ្ឌកម្ម ពន្ធ​នាំចូល និង​ការ​គាំពារ​និយម​។​

លោក​ព្រមាន​ថា​៖ «​​មិន​មាន​អ្នក​ឈ្នះ​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នោះ​ទេ​»។​

ចិន​បាន​វាយ​ប្រហារ​តប​វិញ​តាមរយៈ​​ការ​បង្កើន​ពន្ធ​នាំចូល​​ផ្ទាល់​របស់​ខ្លួន​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី ​១ ខែ ​មិថុនា ខណៈ​​​ប្រព័ន្ធ​ព័ត៌មាន​​រដ្ឋ​​បាន​បង្ហាញ​ថា ទីក្រុង​ប៉េកាំង​អាច​បញ្ឈប់​ការ​នាំចេញ​រ៉ែ​កម្រ​ទៅ​​អាមេរិក​ ដែល​​​ជា​​ប្រភព​​ធនធាន​ដ៏​សំខាន់​មួយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​​ ​ដើម្បី​ផលិត​​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​។​

ចិន​​ផលិត​រ៉ែ​កម្រ​​ជាង​ ៩៥ ​ភាគរយ ​ក្នុង​ពិភព​លោក​ ហើយ​​អាមេរិក​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ពី​ចិន​៕ AFP/LA