ក្រុងរីយ៉ាដៈ ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀរ ពូទីន កាលពីថ្ងៃចន្ទបានចុះកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយប្រទេស អារ៉ាប៊ី សាអ៊ូឌីត ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏សំខាន់សម្រាប់កិច្ចប្រជុំអង្គការ OPEC និងក្រុមប្រទេសផលិតប្រេងផ្សេងទៀត (OPEC+) សំដៅធ្វើឲ្យមានស្ថិរភាពតម្លៃប្រេង និងស្វែងរកការធ្វើឲ្យស្ងប់ស្ងាត់ភាពតានតឹងក្នុងតំបន់ជាមួយប្រទេស អ៊ីរ៉ង់។
ដំណើរទស្សនកិច្ចរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារលើទីតាំងប្រេងប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលប្រទេស អារ៉ាប៊ី សាអ៊ូឌីត និងអាមេរិកបានស្ដីបន្ទោសលើប្រទេស អ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តមួយរបស់ទីក្រុងម៉ូស្គូ។
បន្ទាប់ពីការចរចារវាងលោក ពូទីន និងព្រះមហាក្សត្រ Salman ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ប្រទេសទាំង ២ បានចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួនប្រហែល ២០ មានតម្លៃច្រើនពាន់លានដុល្លារស្តីពីអាកាសចរណ៍ វប្បធម៌ សុខភាព បច្ចេកវិទ្យាទំនើប និងកសិកម្ម។
កិច្ចព្រមព្រៀងសំខាន់ក្នុងចំណោមកិច្ចព្រមព្រៀងទាំងនេះគឺជាកិច្ចព្រមព្រៀងដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមអង្គការ OPEC និងប្រទេសនានា ពោលគឺជាប្រទេសសមាជិករបស់អង្គការប្រទេសនាំចេញប្រេង និងប្រទេស ១០ ទៀតដែលមិនមែនជាសមាជិករបស់ OPEC។
ទីក្រុងម៉ូស្គូ មិនមែនជាសមាជិករបស់អង្គការ OPEC នោះទេ ប៉ុន្តែទីក្រុងនេះបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអង្គការនេះ ដើម្បីដាក់កំណត់ការផ្គត់ផ្គង់ប្រេង និងជំរុញកំណើនតម្លៃ បន្ទាប់ពីធ្លាក់ចុះថ្លៃខ្លាំងកាលពីឆ្នាំ ២០១៤ ដែលបានធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ចរបស់ប្រទេស រុស្ស៊ី និងប្រទេស អារ៉ាប៊ី សាអ៊ូឌីត ដែលជាសមាជិកដ៏សំខាន់មួយរបស់អង្គការនេះ។
ព្រះអង្គម្ចាស់ Abdulaziz bin Salman ជារដ្ឋមន្ដ្រីក្រសួងថាមពលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខានេះថា កិច្ចព្រមព្រៀងកាលពីថ្ងៃចន្ទព្យាយាម «ពង្រឹងកិច្ចសហប្រតិបត្តិការ និងការពង្រឹងស្ថិរភាពទីផ្សារប្រេង»។
លោក Dmitri Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោក ពូទីន និងក្រុមមន្ដ្រីប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏បានពិភាក្សាគ្នាពី «កិច្ចសហប្រតិបត្តិការយោធា និងបច្ចេកវិទ្យាផងដែរ»។
កាលពីខែ តុលា ឆ្នាំ ២០១៧ ប្រទេស រុស្ស៊ី និងអារ៉ាប៊ី សាអ៊ូឌីត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ដែលបើកផ្លូវឲ្យទីក្រុងរីយ៉ាដទិញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-400 ដ៏មានឥទ្ធិពលរបស់ទីក្រុងម៉ូស្គូ។
ប៉ុន្តែការលក់នេះមិនដែលសម្រេចបាននោះទេ ដោយសារប្រទេស អារ៉ាប៊ី សាអ៊ូឌីត ទីបំផុតបានជ្រើសរើសទិញប្រព័ន្ធអាមេរិកជំនួសវិញ។
កាលពីថ្ងៃចន្ទលោក ពូទីន ថ្លែងថា៖ «រុស្ស៊ីភ្ជាប់សារៈសំខាន់ជាពិសេសជាមួយការអភិវឌ្ឍចំណងមិត្តភាព និងទំនាក់ទំនងដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកជាមួយអារ៉ាប៊ី សាអ៊ូឌីត»៕ LA