ក្រុងប៉ារីសៈ ទីក្រុង​ប៉ារីស​ទីក្រុង​ឡុងដ៍ និង​ទីក្រុង​ប៊ែរឡាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ស្វាគមន៍​ប្រទេស​ថ្មី​នៅ​អឺរ៉ុប​ចំនួន ៦ ដែល​បាន​ចូលរួម​យន្តការ​ដោះដូរ​ទំនិញ INSTEX ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​បញ្ចៀស​ពី​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​នឹង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ អ៊ីរ៉ង់​ ដោយ​ការចៀសវាង​ការប្រើប្រាស់​ប្រាក់​ដុល្លារ​។

ទីក្រុង​ទាំង ៣ នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមគ្នា​មួយ​ថា​៖ «​ក្នុងនាម​ជា​ភាគហ៊ុនិក​ស្ថាបនិក​របស់​ឧបករណ៍​គាំទ្រ​ការ​ដោះដូរ​ពាណិជ្ជកម្ម (INSTEX) ប្រទេស​បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដល់​ការសម្រេចចិត្ត​ដែល​បាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស​ បែលហ្សិក ដាណឺម៉ាក ហ្វាំងឡង់ ហូឡង់ ន័រវែស និង​ស៊ុយអែត​ ក្នុង​ការចូលរួម​ក្នុង INSTEX ក្នុងនាម​ជា​ភាគហ៊ុនិក​»​។

INSTEX ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​មាន​មុខងារ​ជា​ទីតាំង​ផាត់ទាត់​មួយ​ដែល​អាច​ឲ្យ​ប្រទេស​អ៊ីរ៉ង់​បន្ត​លក់​ផលិតផល​ប្រេង និង​ផលិតផល​នាំចូល ឬ​សេវា​ផ្សេងទៀត​ក្នុង​រូបភាព​ជា​ការដោះដូរ​។

ប្រព័ន្ធ​នេះ​មិនទាន់​ត្រូវបាន​បើក​ប្រតិបត្តិការ​ណាមួយ​នៅឡើយ​ទេ​។

ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ឆ្នាំ​ ២០១៨ បាន​ខ្លួន​ជា​ឯតោភាគី​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ និង​បាន​ដាក់​ទណ្ឌកម្ម​ជាថ្មី​យ៉ាង​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​ទីក្រុង​តេអេរ៉ង់​។

ប្រទេស​ បារាំង អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​ បាន​ឲ្យ​ដឹងថា ការចូល​ជា​សមាជិក​ថ្មី​ទាំង ៦ នេះ «​ពង្រឹង INSTEX បន្ថែម និង​បង្ហាញ​កិច្ចខិតខំ​ប្រឹងប្រែង​អឺរ៉ុប​ក្នុង​ការជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ស្របច្បាប់​រវាង​អឺរ៉ុប និង​អ៊ីរ៉ង់​»៕ LA