ក្រុង​កូវ៉ែតៈ អនុ​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​​ប្រទេស ​កូវ៉ែត បាន​និយាយ​ថា បណ្ដា​ប្រទេស​​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍ បាន​ពង្រឹង​ការ​សម្រប​សម្រួល​គ្នា​ ដើម្បី​ផ្ដល់​ប្រេង​សម្រាប់​ទីផ្សារ​ពិភព​​​លោក​ ចំពេល​ភាព​តានតឹង​ក្នុង​តំបន់​កំពុង​កើន​កម្តៅ។

លោក Khalid al-Jarallah បាន​ប្រាប់​​អ្នក​យក​ព័ត៌មាន​កាល​ពី​ល្ងាច​​​ថ្ងៃ​អាទិត្យ​នៅ​ក្រៅ​ជំនួប​នៃ​អាហារ​ថ្ងៃ​បុណ្យ​រ៉ាម៉ាដន​ដែល​រៀបចំ​ដោយ​ស្ថានទូត​របស់​ប្រទេស ​អ៊ីរ៉ាក់ ​ថា​៖ «​ជា​ធម្មតា​ចំ​ពេល​មាន​ការ​កើន​ឡើង​កម្តៅ​នេះ ប្រទេស ​កូវ៉ែត និង​បណ្ដា​ប្រទេស​នៃ​ក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិការ​ឈូង​សមុទ្រ​ពែរ្ស៍ (GCC) តែង​ចាត់​វិធានការ​ផ្សេងៗ»។​

លោក​ថ្លែង​ថា៖ ​«មាន​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​សម្រប​សម្រួល​រវាង​ប្រទេស ​កូវ៉ែត និង​បណ្ដា​ប្រទេស​ឈូង​សមុទ្រ​ពែរ្ស៍​ដើម្បី​ផ្ដល់​ការ​ធានា​ដល់​​​នាវា​ដឹក​ប្រេង​ និង​ការ​ផ្គត់ផ្គង់​ថាមពល​សម្រាប់​ទីផ្សារ​ពិភព​លោក​»។​

ការ​អត្ថាធិប្បាយ​របស់​លោក Jarallah បាន​ធ្វើ​ឡើង​ជា​ច្រើន​ថ្ងៃ​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​​ប្រឆាំង​នឹង​នាវា​ដឹក​ប្រេង​​នៅឈូង​សមុទ្រ​ពែរ្ស៍​ និង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​បំពង់​បង្ហូរ​ប្រេង​របស់​ប្រទេស ​អារ៉ាប៊ី​សាអ៊ូឌីត ដែល​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ ​ត្រូវ​បាន​អះអាង​ទទួល​ខុស​ត្រូវ​​ដោយ​ក្រុម​ឧទ្ទាម​របស់​ប្រទេស ​យេម៉ែន​ ដែល​គាំទ្រ​ដោយ​ប្រទេស ​អ៊ីរ៉ង់​។​

ការ​វាយ​​ប្រហារ​ទាំង ​២​ បាន​កំណត់​ទិសដៅ​ដល់​បណ្ដាញ​ផ្លូវ​ដែល​បាន​កសាង​ ​ដើម្បី​ឆ្ពោះ​​​ទៅ​កាន់​ច្រក​សមុទ្រ Strait of Hormuz ដែល​ជា​ច្រក​សម្រាប់​ការ​នាំចេញ​ស្ទើរ​ទាំង​អស់​របស់​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍​​។​

ទី​បញ្ជាការ​កង​នាវា​ទី​៥ របស់​អាមេរិក​នៅ​ប្រទេស ​បារ៉ែន​ បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​កិច្ច​សហ​ប្រតិបត្តិការ​ឈូង​សមុទ្រ​ពែរ្ស៍ ៦ ប្រទេស​បាន​ចាប់​ផ្ដើម ​«​លើក​កម្ពស់​ការ​ល្បាត​សន្ដិសុខ​» ​កាល​​ពី​ថ្ងៃ​សៅរ៍ ក្នុង​ដែន​ទឹក​អន្តរជាតិ​ដែល​ជា «​កិច្ច​សហ​ប្រតិបត្តិការ​រឹត​បន្តឹង​​ជាមួយ​នាវា​អាមេរិក​»។​

ប្រទេស ​អ៊ីរ៉ង់ បាន​គំរាម​កំហែង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​នឹង​បិទ​ច្រក​នេះ​ក្នុង​ករណី​មាន​សង្គ្រាម​ជាមួយ​នឹង​អាមេរិក​ដែល​​កាល​ពី​ដើម​ខែ​នេះ​ បាន​ប្រកាស​ថា ​កំពុង​បញ្ជូន​នាវា​ដឹក​យន្តហោះ​ និង​​ក្រុម​វាយ​ប្រហារ​ទៅ​កាន់​តំបន់​នេះ​។​

លោក​អនុ​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​​កូវ៉ែត បាន​ឲ្យ​ដឹង​ថា «​ភាព​តានតឹង​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង» ប៉ុន្តែ​លោក​​នៅ​តែ​មាន​សុទិដ្ឋិនិយម។

លោក​​បន្ថែម​ថា ​ប្រទេស ​កូវ៉ែត ​កំពុង​ស្ថិត​ក្នុង ​«​ទំនាក់​ទំនង​មិន​ប្រែប្រួល​» ជាមួយ​អាមេរិក​ដែល​ជា​សម្ព័ន្ធ​មិត្ត​។

កាល​ពី​ថ្ងៃ​សៅរ៍ អារ៉ាប៊ី​សាអ៊ូឌីត​ដែល​​ជា​ប្រទេស​ឈាន​មុខ​គេ​របស់​អង្គការ​ប្រទេស​នាំចេញ​ប្រេង​ OPEC បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រទេស GCC និង​កិច្ច​ប្រជុំ​សម្ព័ន្ធ​អារ៉ាប់​ជា​បន្ទាន់​ដើម្បី​ពិភាក្សា​ «ការ​ឈា្លន​ពាន​ថ្មីៗ និង​ផល​វិបាក​​ផ្សេងៗ» នៅ​ក្នុង​តំបន់​នេះ​។

កិច្ច​ប្រជុំ​កំពូល​ទាំង ​២ នេះ​ ត្រូវ​បាន​គេ​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ទីក្រុង​ Mecca នៅថ្ងៃ​ទី ​៣០​ ខែ ​​ឧសភា។

លោក​ Jarallah បាន​ស្វាគមន៍​ការ​អញ្ជើញ​របស់​ប្រទេស ​អារ៉ាប៊ី​សាអ៊ូឌីត ដោយ​លើក​ឡើង​ថា ​ប្រទេស​ កូវ៉ែត ​មាន​បំណង​ចង់​ចូលរួម​ក្នុង​ការ​ពិភាក្សា​​ស្ដីពី​បញ្ហា​ «​គ្រោះថ្នាក់​ដែល​អាច​កើត​ឡើង​» ​ចំពោះ​តំបន់​​៕​ AFP/LA​