ក្រុងវីយែនៈ ក្រុម​ប្រទេស​ផលិត​ប្រេង​ដែល​ជា​សមាជិក​របស់​អង្គការ OPEC ដ៏មាន​ឥទ្ធិពល និង​ប្រទេស​ផលិត​ប្រេង​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ ដើម្បី​កាត់បន្ថយ​ផលិតកម្ម​ប្រេងឆៅ​ចំនួន ៥ ​សែន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​ ក្នុង​គោលបំណង​ទប់ស្កាត់​ការធ្លាក់ចុះ​តម្លៃ​ដែល​ស្ថិតនៅ​ក្រោម​សម្ពាធ​ដោយសារ​ប្រេង​បម្រុង​ដ៏ច្រើន និង​ការ​ថមថយ​កំណើនសេដ្ឋកិច្ច​ពិភពលោក​។

កិច្ចប្រជុំ​របស់​អង្គការ OPEC និង​ប្រទេស​ផលិត​ប្រេង​ផ្សេងទៀត (OPEC+) រួមបញ្ចូល​ទាំង​រួមទាំង​ប្រទេស​រុស្ស៊ី​ផងដែរ ដែល​ជា​ប្រទេស​ផលិត​ប្រេងឆៅ​ធំ​ទាំង​ ២ ​ក្នុង​ពិភពលោក និង​មិនមែន​ជា​សមាជិក​របស់​អង្គការ OPEC​។

កិច្ចប្រជុំ​នេះ​បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ដែល​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី​ ១ ខែ​មករា ទៅ​ដែល​កាត់បន្ថយ​ទិន្នផល​ប្រេង​ឆៅ​ចំនួន​ ១,៧ លាន​បារ៉ែល​ ក្នុង​មួយថ្ងៃ​ធៀប​នឹង​កម្រិត​ខែ​ពី​ខែ​តុលា ឆ្នាំ​ ២០១៨ ពោល​គឺ​មានន័យ​ថា កាត់បន្ថយ ៥ សែន​បារ៉ែល​បន្ថែម​ទៀត​ពី​កម្រិត​ដែល​បាន​កាត់បន្ថយ​រួច​នាពេល​កន្លងមក​ចំនួន ១,២ លាន​បារ៉ែល​។

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​រុស្ស៊ី​រួមគ្នា​កាត់បន្ថយ​ជិត​ពាក់កណ្តាល​នៃ​បរិមាណ​កាត់បន្ថយ​បន្ថែម​នេះ​។

តម្លៃ​ប្រេង​ពិភពលោក​បាន​ឡើងថ្លៃ​ជាការ​ឆ្លើយតប​នឹង ការកាត់បន្ថយ​ទិន្នផល​ប្រេង​នេះ​ដោយ​ប្រេងឆៅ WTI និង​ប្រេងឆៅ Brent កើនឡើង ២ ភាគរយ​៕ KC